ពលរដ្ឋ​បន្ត​រៀន និង​ចែក​រំលែក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ដោយ មាន ឫទ្ធិ
2024.08.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​បន្ត​រៀន និង​ចែក​រំលែក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

លោក វិន វិចិត្រ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រូប៖ ហ្វេសប៊ុកលោក ស៊្រុន ស៊្រន


ពលរដ្ឋ​បន្ត​រៀន និង​ចែក​រំលែក​ខ្លឹមសារ​នៃ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស និង​ច្បាប់​នានា​ទោះ​រដ្ឋាភិបាល ចាប់​ខ្លួន​​​គ្រូ​បង្រៀន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ពួកគាត់​ថា នឹង​យក​ចំណេះ​ដឹង​ពី នេះ ដើម្បី​​ចូល​រួម​ការ​ពារ​ទឹកដី និង​លើក​ស្ទួយ​ប្រជាធិបតេយ្យ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក វិន វិចិត្រ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៥ ខែសីហា​ថា បច្ចុប្បន្ន មាន​ពលរដ្ឋ​នៅ​គ្រប់​ខេត្ត​​​​ក្រុង បាន​ចងក្រង​គ្នា​ប្រមាណ ១០នាក់ ទៅ ២០នាក់​ដើម្បី​ដឹកនាំ​ បង្រៀន​ និង​ចែក​រំលែក​ខ្លឹមសារ​ក្នុង កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​លើ​បណ្ដាញ​សង្គម​​​។ លោក​ថា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រួមមាន​​ប្រទេស​កូរ៉េ​ខាង​ត្បូង​  និង​ប្រទេស​ជប៉ុន​ ក៏​បន្ត​​រៀន​ និង​ចែក​រំលែក​កិច្ចព្រមព្រៀង​នេះ​ដែរ។

លោក វិន វិចិត្រ​ ថា​មូលហេតុ​ដែល​ពលរដ្ឋ​ និង​យុវជន​មួយ​ចំនួន​បន្ត​រៀន​សូត្រ ​ពី​កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស​ និង​ច្បាប់​នានា​ដោយ​គ្មាន​ស្ថាបនិក​គឺ​ លោក ស្រ៊ុន ស្រ៊ន  និង កញ្ញា ភឹង សោភា គឺ​ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គួរ​តែ​យល់​ដឹង​​ពី​ ខ្លឹមសារ​និង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​​នេះ​ដើម្បី​​ឱ្យ​​ពលរដ្ឋ​ហ៊ាន​​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ និង មិន​លម្អៀង ​ទៅ​ប្រទេស​​ណា​មួយ​ខ្លាំង​ពេក។

លោក វិន វិចិត្រ៖ «ចំណុច​សំខាន់​ទី​ពីរ​ហ្នឹង គឺ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ។ អ៊ីចឹង មាន​តែ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ទេ ដែល​អាច​ការពារ​ខ្មែរ​បាន។ បើ​យើង​ប្រៀប​ធៀប ដូច​ជា ឧបករណ៍​សម្រាប់​ពិនិត្យ​មើល បរទេស​ណា ដែល​ចង់​ធ្វើ​ការ​ជា​មួយ​ខ្មែរ​ប្រសិន​ជា​ក្បត់ ឬ​រំលង​កិច្ចព្រមព្រៀង​នោះ​យើង​អាច​មើល​ឃើញ​ហើយ​ ព្រោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​សរសេរ​អំពី​អធិបតេយ្យ បូរណភាព ឯករាជភាព ភាព​ដែល​មិន​អាច​រំលោភ​បាន​ដាច់​ខាត​លើ​ដែន​ដី​អព្យាក្រឹត​​របស់​កម្ពុជា»

ចំណែក​ពលរដ្ឋ​នៅ​សៀមរាប​ លោកស្រី ជិន សុខធានី បាន​ឱ្យ​ដឹង​ថា​លោក​ស្រី​ចំណាយ​ពេល​រៀន​ច្បាប់ និង​កិច្ចព្រមព្រៀង​កាន់​តែ​ច្រើន​ជាង​មុន​ដោយ​ខ្លួន និង​ជា​ក្រុម ហើយ​លោកស្រី ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ លោកស្រី​ថា​ការ​រៀន​ច្បាប់ និង​កិច្ចព្រមព្រៀង​ទាំង​នេះ​​គឺ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យ​កម្ពុជា ហើយ​លោកស្រី​សោកស្ដាយ ដែល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ហាម​ពលរដ្ឋ​មិន​ឱ្យ​និយាយ​ពី​ទឹក​ដី។

លោក វិន វិចិត្រ៖«កាល​ណា​បើ​យើង​រៀន​អំពី​ច្បាប់​កិច្ចព្រមព្រៀង​គឺ​គេ​និយាយ​អំពី​ទឹក​ដី​ ដោយ​សារ​តែ​កិច្ចព្រមព្រៀង​ហ្នឹង​មាន​ច្បាប់​មួយ​និយាយ​អំពី​បូរណភាព​ អ៊ីចឹង​បូរណភាព​កន្លែង​ហ្នឹង​និយាយ​អំពី​កិច្ចព្រមព្រៀង​អធិបតេយ្យ​ ឯករាជ្យ​ជាតិ​ពី​ទំព័រ​២៧០ ដល់​២៧៤ គេ​និយាយ​ដែរ​ ត្រង់​ចំណុច​ណា​មួយ​ដែល​គាត់​បាន​លើក​ឡើង​ចង់​បាន​ន័យ​ថា​មិច​ក៏​ខ្ញុំ​អត់​យល់​ដែរ​ តែ​បើ​គោលការណ៍​របស់​ខ្ញុំ​គឺ​ខ្ញុំ​រៀន​កិច្ចព្រមព្រៀង​គឺ​ដើម្បី​ការពារ​ទឹក​ដី​ហ្នឹង​ហើយ»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី៥ ខែ​សីហា។

កន្លង​មក​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ដោយ​ហាមឃាត់​មិន​ឱ្យ​ពួកគេ​រិះគន់​រឿង​ទឹក​ដី ឬ​កិច្ច​សហប្រតិបត្តិ​ការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​គាំទ្រ និង​កោតសរសើរ​ចំពោះ​ពលរដ្ឋ​ដែល​រៀន​ច្បាប់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​ថា នោះ​គឺ​ជា​ការ​ចូលរួម​របស់​ពលរដ្ឋ ដើម្បី​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ងាក​មក​ប្រទេស​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​វិញ។ លោក​ចាត់​ទុក​ថា​ការ​ហាម​របស់​លោក​ ហ៊ុន សែន ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​មិន​ឱ្យ​ពលរដ្ឋ​និយាយ​រិះគន់​រឿង​ទឹក​ដី​នោះ គឺ​ជា​ការ​គំរាម​លើ​ពលរដ្ឋ។

លោក ស៊ឹង សែនករុណា៖ «អ្វី​ដែល​ជា​ខ្លឹម​សារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ហើយ​ កាល​ណា​យើង​រៀន​យើង​ដឹង​អំពី​បូរណភាព​ទឹក​ដី​ ដឹង​អំពី​ការ​បាត់​បង់​ទឹក​ដី​ចង់​មិន​ចង់​ច្បាស់​ជា​លើក​ឡើង​អ្វី​ដែល​ជា​ការ​រំលោភ​បំពាន​ហ្នឹង​ អ៊ីចឹង​​ការ​ហាម​ឃាត់​ការ​រឹតត្បិត​លើ​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ គឺ​ជា​រំលោភ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​យើង»

សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង សាន សិទ្ធ បាន​ធ្វើ​វីដេអូ​មួយ​នៅ​មុន​ការ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ដាក់​ខេត្ត​ចំនួន៤ ក្នុង​គ្រោង​តំបន់​ត្រីកោណ​ពិសេស ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​រួម​ជា​មួយ​វៀតណាម និង​ឡាវ នឹង​អាច​ធ្វើ​ឱ្យ​យក​កម្ពុជា​បាត់បង់​ទឹកដី​ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង ពី​ព្រោះ​ពលរដ្ឋ​កម្ពុជា ដែល​រស់​នៅ​ចំនួន៤ ខេត្ត​នេះ​មាន​តិច​ជាង​ជន​ជាតិ​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles