លោក ​ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង ​ប្តេជ្ញា​បន្ត​ពង្រឹង​មិត្តភាព​កម្ពុជា-​ភូមា

កម្ពុជា
06/08/2024 – 12:07
ដោយ៖ ញឹម សុផល
RFI

ប្រធាន​រដ្ឋសភា និង​ជាអតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ​បានលើកឡើង​ក្នុងថ្ងៃទី០៥​ ខែសីហា ឆ្នាំ​២០២៤ ថា ​លោកនឹង​ចូលរួម​តាំងចិត្តជាមួយ​មេដឹកនាំកំពូល​ភូមាលោក ​មីន អ៊ុងឡាំង ​ដើម្បី​ពង្រឹងមិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរកម្ពុជា ​ភូមាបន្ថែមទៀត។ ​ការបញ្ជាក់របស់​ លោកហ៊ុន សែន ​ដូច្នេះ គឺជាការឆ្លើយតប​ទៅកាន់លោក ​មីន អ៊ុងឡាំង ​ដែលបានផ្ញើសារ​ជូនពរខួបកំណើតលោក​កាលពីថ្ងៃទី​០១ ខែសីហា​ ឆ្នាំ២០២៤​។

លោក ​ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង ​ប្តេជ្ញា​បន្ត​ពង្រឹង​មិត្តភាព​កម្ពុជា-​ភូមា


នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ លោក មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឬភូមា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងភូមាក្នុងរយៈពេល ៦ទសវត្សរ៍កន្លងមកពិតជាកាន់តែរឹងមាំ។

ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាបែបនេះធ្វើឡើង ៥ថ្ងៃ បន្ទាប់ពីមេដឹកនាំរបបសឹកភូមាលោក មីន អ៊ុងឡាំង បានផ្ញើលិខិតជូនពរខួបកំណើតលោកគម្រប់៧២ ឈានចូល ៧៣ឆ្នាំ ក្នុងថ្ងៃទី ០៥ ខែសីហា។ នៅក្នុងលិខិតខ្លីផ្ញើជូនលោក ហ៊ុន សែន លោក មីន អ៊ុងឡាំង បានរំលេចថា លោកពិតជាទន្ទឹងរង់ចាំពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ហ៊ុន សែន បានគូសបញ្ជាក់ថា លោកចូលរួមតាំងចិត្តជាមួយលោក មីន អ៊ុងឡាំងក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរផងដែរ។

លោក ហ៊ុន សែន និងលោក មីន អ៊ុងឡាំង​ ជួបគ្នាកន្លងទៅ
លោក ហ៊ុន សែន និងលោក មីន អ៊ុងឡាំង​ ជួបគ្នាកន្លងទៅ © SHS

ក្រៅពីពាក្យពេចន៍គោរពជូនសព្ទសាធុការពររបស់លោក មីន អ៊ុងឡាំង ចំពោះ លោក ហ៊ុន សែន មេដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំងពីរមិនបានរំលេចនូវរបៀបវារៈការងារអ្វីផ្សេងទៀតទេ បន្ទាប់ពីលោក មីន អ៊ុងឡាំង កាលពីខែឧសភា ឆ្នាំ២០២៤ បានឆ្លើយតបមកលោក ហ៊ុន សែន ដោយសុំពិចារណាសំណើរបស់លោក ហ៊ុន សែន ក្នុងការសុំជួបមេដឹកនាំប្រឆាំងភូមាលោកស្រី អ៊ុង សានស៊ូជី ដែលកំពុងជាប់ក្នុងពន្ធនាគារតាមប្រព័ន្ធវីដេអូ៕

What Next?

Recent Articles