កម្ពុជា
កម្ពុជា-ច្បាប់
09/09/2024 – 11:53
ដោយ៖ អោ ស្រីពេជ្រ
RFI
ស្ត្រីវ័យចំណាស់ម្នាក់ដែលបានបញ្ចេញមតិក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាថាវៀតណាមបានគ្រប់គ្រងដីខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៨ កញ្ញាពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណាត់ការផ្លូវច្បាប់នេះធ្វើឡើងភ្លាមៗក្រោមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន។ ទន្ទឹមនឹងការចាប់ខ្លួនសំឡេងរិះគន់នេះ លោក ហ៊ុន សែន ក៏បានឆ្លៀតប្រាប់ឱ្យសង្គមស៊ីវិល និងបណ្តាប្រទេសលោកខាងលិចត្រូវពិនិត្យសំណុំរឿងនេះឱ្យច្បាស់ មុននឹងប្រតិកម្ម ប្រសិនបើពួកគេមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាទេនោះ។
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបញ្ចេញមតិក្នុងហ្វេសប៊ុកលោកហ៊ុន សែនថាវៀតណាមគ្រប់គ្រងដីខ្មែរ
នៅយប់ថ្ងៃទី៨កញ្ញា សមត្ថកិច្ចខេត្តកំពង់ចាមបានចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុក «ហ៊ូ រុនអេង» ដែលបានចូលទៅបញ្ចេញមតិរិះគន់ក្នុងទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងការបង្ហោះអំពីសិល្បករ សិល្បការិនីទៅលេងតាមព្រំដែននៅក្នុងទំព័រហ្វេសប៊ុកលោកហ៊ុន សែននាថ្ងៃទី៨ កញ្ញា គណនីហ្វេសប៊ុក «ហ៊ូ រុនអេង» បានចូលទៅបញ្ចេញមតិយោបល់ជាភាសាខ្មែរមិនត្រូវតួអក្សរយ៉ាងដូច្នេះថា «វៀតណាមបានគ្រប់គ្រងដីខ្មែរ ហើយនៅពេលគ្រប់គ្រងយូរៗទៅ វៀតណាមនឹងចោទខ្មែរជាខ្មាំង។ល។»។ លោក ហ៊ុន សែន បានចាត់ទុកអ្នកស្រី ហ៊ូ រុនអេង ជាក្រុមជ្រុលនិយមដែលមានចេតនាមួលបង្កាច់រដ្ឋាភិបាល ពោលមិនមែនជាការបញ្ចេញមតិឡើយ។
សម្រាប់ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ សិទ្ធិបញ្ចេញមតិត្រូវបានគោរព តែការមួលបង្កាច់មិនត្រូវបានអត់ឱនឱ្យទេ។ ក្នុងន័យនេះ លោកហ៊ុន សែនបានបញ្ជាឱ្យសមត្ថកិច្ចត្រូវតែវែកមុខយកស្ត្រីវ័យចំណាស់រូបនោះទៅដាក់ទោសតាមច្បាប់។ ជាប្រតិកម្មភ្លាមភ្លេតក្នុងថ្ងៃទី៨ កញ្ញាដដែល សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យនាំខ្លួនអ្នកស្រី ហ៊ូ រុនអេង អាយុ ៥៣ឆ្នាំ រស់នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលបានប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។
ការចាប់ខ្លួនស្ត្រីវ័យចំណាស់រូបនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញពន្យល់ថាជាការធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញដើម្បីបំភ្លឺការពិត។ អ្វីជាការកត់សម្គាល់ ភ្លាមៗក្រោយប្រតិកម្មរបស់លោកហ៊ុន សែន និងក្រោយដីការបស់សាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ហ៊ូ រុនអេង បានបង្ហោះវីដេអូក្នុងថ្ងៃទី៨ កញ្ញាដោយធ្វើការសុំអភ័យទោសលោកហ៊ុន សែនថា មតិយោបល់ដែលអ្នកស្រីបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែននោះជាទង្វើអចេតនា និងជាមតិយោបល់ផ្តេសផ្តាសតាមតែគេថាប៉ុណ្ណោះ។
ដោយឡែក ទន្ទឹមនឹងឲ្យមានចំណាត់ការផ្លូវច្បាប់លើអ្នកស្រី ហ៊ូ រុនអេង លោក ហ៊ុន សែន ក៏បានឆ្លៀតប្រាប់ឱ្យសង្គមស៊ីវិល ជនបរទេស ឬបិតាសិទ្ធិមនុស្សត្រូវពិនិត្យសំណុំរឿងនេះឱ្យច្បាស់មុនប្រតិកម្ម ប្រសិនបើពួកគេមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជា ឬច្បាប់អន្តរជាតិទេនោះ។ លោក កឹម សុខ អ្នកវិភាគសង្គមនយោបាយនៅក្រៅស្រុកបានហៅចំណាត់ការតាមផ្លូវច្បាប់លើរឿងមួយនេះថាជាការដោះស្រាយតាមអារម្មណ៍លោកហ៊ុន សែនជាអាទិភាព និងជាការបន្ថែមទុក្ខជាន់ករាស្ត្រដែលកំពុងមានទុក្ខស្រាប់។ តាមលោកកឹម សុខ ទង្វើរបៀបនេះឃើញកើតមានតែក្នុងសង្គមខ្មែរបច្ចុប្បន្នដោយយកតាមទម្រង់ផ្តាច់ការដូចនៅកូរ៉េខាងជើង។

គួរជ្រាបថា ក្នុងការបង្ក្រាបចលនាប្រជាពលរដ្ឋនៅក្នុងស្រុកដែលធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមហៅកាត់ CLV លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនមេខ្លោង ៩នាក់បញ្ជូនទៅតុលាការ ខណៈសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្ស ៦៦នាក់ ក្នុងនោះ ៥៧នាក់បានអប់រំ និងដោះលែងវិញ។ តែបើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អាជ្ញាធរខ្មែរបានចាប់ខ្លួនអ្នកប្រឆាំងគម្រោង CLV ដ៏ចម្រូងចម្រាសមួយនេះយ៉ាងហោចណាស់ ៩៤នាក់ ក្នុងនោះមួយភាគធំជាសកម្មជនបរិស្ថាន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស ព្រមទាំងអនិតិជនជាច្រើននាក់ផ្សេងទៀត៕