កម្ពុជា ឡាវ វៀតណាម ត្រៀមធ្វើលំហាត់សឹករួមគ្នា នៅខែវិច្ឆិកាខាងមុខ

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
17/09/2024 – 10:44
ដោយ៖ សឹម ចាន់សំណាង
RFI

កម្ពុជានឹងរៀបចំសមយុទ្ធបីប្រទេសរួមគ្នា រវាងកងទ័ព កម្ពុជា ឡាវ និងវៀតណាម នៅក្នុងខែវិច្ឆិកាខាងមុខ ស្របដែលកម្ពុជាធ្វើជាមា្ចស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីការពារជាតិ។ ការធ្វើលំហាត់សឹករួមគ្នារវាងប្រទេសទាំងបី ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ថ្ងៃទី១៥ កញ្ញា ដែលនិយាយអំពីលទ្ធផលនៃទស្សនកិច្ចរបស់លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងវេទិកាប៉េកាំងសៀងសានលើកទី១១ នៅប្រទេសចិន។

កម្ពុជា ឡាវ វៀតណាម ត្រៀមធ្វើលំហាត់សឹករួមគ្នា នៅខែវិច្ឆិកាខាងមុខ


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចេញផ្សាយកាលថ្ងៃទី១៥ កញ្ញា បញ្ជាក់ឲ្យដឹងថា លោក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម សុទ្ធតែបានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានៅកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានដដែល នៅក្នុងជំនួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិឡាវ លោក ចាន់សាម៉ន ចាន់យ៉ាឡាត កម្ពុជានិងឡាវបានឯកភាពគ្នាលើការបង្កើនការផ្លាស់ប្តូរគ្នាទៅវិញ ទៅមក នូវទស្សនកិច្ចមន្រ្តីយោធា និងបង្កើនការផ្លាស់ប្តូរទំនាក់ទំនងរវាងអង្គភាព នៅតាមព្រំដែន ដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ។ ចំណែកនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីកម្ពុជា វៀតណាមលោក ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានស្នើឲ្យកម្ពុជាបន្តកិច្ចសហប្រតិបត្តិការស្វែងរកអដិ្ឋធាតុកងទ័ពវៀតណាមដែលបាត់ខ្លួន កាលពីសម័យសង្គ្រាម។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា វាយតម្លៃថា ការធ្វើសមយុទ្ធកងទ័ពបីប្រទេសរួមគ្នា កម្ពុជា ឡាវ និងវៀតណាម ជាផ្នែកមួយកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិក្នុងនាមប្រទេសនៅក្បែរខាងគ្នា។ សមយុទ្ធកងទ័ពរួមបីប្រទេសនេះ គឺជារឿងល្អ ចាំបាច់មួយ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជិតខាងគ្នាគោរពអធិបតេយ្យភាព និងផលប្រយោជន៍ គ្នាទៅវិញទៅមក។

លោក គិន ភា យល់ឃើញដែរថា ការធ្វើសមយុទ្ធកងទ័ពរួមបីប្រទេស ទំនងគ្មានជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ វៀតណាម កម្ពុជា ឡាវ CLV-DTA ឡើយ។ ប៉ុន្តែសមយុទ្ធកងទ័ពនេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំងបី កាន់តែប្រសើរឡើង។

លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម © ក្រសួងការពារជាតិ

គួរជម្រាបថា កម្ពុជា ឡាវ និងវៀតណាម មានកិច្ចសហប្រតិបត្តិការមួយហៅថា គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ គម្រោងអភិវឌ្ឍន៍ CLV នេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ហើយប្រទេសទាំងបីបានឯកភាពដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍ ដោយផ្តោតលើសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។ ប៉ុន្តែមួយរយៈចុងក្រោយ គម្រោងអភិវឌ្ឍន៍ CLV បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ទាក់ទងនឹងការបាត់បង់ទឹកដីភាគឦសានរបស់កម្ពុជា ទៅក្នុងប្រទេសវៀតណាម ដូចការបាត់បង់ទឹកដីកម្ពុជាក្រោម៕

What Next?

Recent Articles