ក្រុម​ថ្នាក់​ដឹកនាំ​កងទ័ព​ប្រទេស​ប្រជាធិបតេយ្យ​មក​កម្ពុជា​ក្នុង​ពេល​ដែល​ចិន​កំពុង​សម្ញែង​ឥទ្ធិពល

ដោយ ប្រាជ្ញ ចេវ
2024.09.24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ថ្នាក់​ដឹកនាំ​កងទ័ព​ប្រទេស​ប្រជាធិបតេយ្យ​មក​កម្ពុជា​ក្នុង​ពេល​ដែល​ចិន​កំពុង​សម្ញែង​ឥទ្ធិពល

មេ​បញ្ជាការ​នាវា​ចម្បាំង​កងទ័ព​ជើង​ទឹក​អង់គ្លេស​លោក ប៉ូល ខេដឌី (Cdr Paul Caddy) (អាវខ្មៅកណ្ដាល​គេ) កំពុង​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៧ ខែកញ្ញា ២០២៤។ រូប៖ គេហទំព័រ​CPP


ក្រុម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក (US) និង​ចក្រភព​អង់គ្លេស (UK) បញ្ជូន​ក្រុម​ដឹកនាំ​កងទ័ព​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​ប្រទេស​ចិន​កុម្មុយនិស្ត (China) សម្ញែង​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​កម្ពុជា និង​ក្នុង​តំបន់។ ក្រុម​អ្នក​ជំនាញ​ថា យុទ្ធសាស្ត្រ​របស់​ក្រុម​បណ្ដា​ប្រទេស​បស្ចិម​លោក​នា​ពេល​នេះ អាច​មាន​ឥទ្ធិពល​មួយ​ផ្នែក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​កុំ​ឱ្យ​លម្អៀង​ទៅ​រក​ចិន​ខ្លាំង​ពេក។

មេ​បញ្ជាការ​នាវា​ចម្បាំង​កងទ័ព​ជើង​ទឹក​អង់គ្លេស​លោក ប៉ូល ខេដឌី (Cdr Paul Caddy) កំពុង​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៧ ខែកញ្ញា ដែល​ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​យុទ្ធសាស្ត្រ ស្ទាបស្ទង់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​ដើម្បី​ពិនិត្យ​លើ​សមត្ថភាព​កងទ័ព​កម្ពុជា រួម​ទាំង​ទប់ទល់​នឹង​ឥទ្ធិពល​ចិន។

មន្ត្រី​ជាន់​ខ្ពស់​អង់គ្លេស​ដែល​នាំ​កងកម្លាំង និង​បញ្ជូន​នាវា​ចម្បាំង​នៃ​កងទ័ព​ជើងទឹក​ឈ្មោះ អេចអឹម​អេស ស្ពេយ៍ (HMS SPEY) លេខ (P234) ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ គឺ​បន្ទាប់​ពី​មេបញ្ជាការ​នៃ​កងកម្លាំង​ឆ្មាំ​ការពារ​ជាតិ​នៃ​រដ្ឋ​អាយដាហូ លោក ទីម៉ូធី ជេ.ដុនណេឡេន (Timothy J. Donnellan) បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ថ្មីៗ​នេះ។

ក្រុម​អ្នកជំនាញ​វាយ​តម្លៃ​ថា ការ​បង្ហាញ​ជំហរ​របស់​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​នេះ ទំនង​មិន​ត្រឹមតែ​មាន​កង្វល់​អំពី​ការ​បង្កើន​សកម្មភាព​យោធា​ចិន​នៅ​កម្ពុជា និង​ក្នុង​តំបន់​តែប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ជា​យុទ្ធសាស្ត្រ​របស់​បស្ចិម​លោក ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្វែង​រក​ច្រក​សម្រាប់​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ថា ជំហរ​របស់​ប្រទេស​លោកសេរី​ដែល​ស្វែង​រក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា នា​ពេលនេះ​គឺ​ជា​រឿង​សំខាន់ ដែល​អាច​ឱ្យ​កម្ពុជា​រក្សា​លំនឹង​នៃ​ទំនាក់ទំនង​ជាមួយ​លោកសេរី និង​ចិន​កុម្មុយនិស្ត។ ទោះ​យ៉ាង​ណា លោក​ពន្យល់​ថា ការ​ស្ដារ​ទំនាក់ទំនង​រវាង​កម្ពុជា និង​លោកសេរី​នៅ​តែ​មាន​ភាព​រកាំរកូស ដោយសារ​តែ​កម្ពុជា​មិន​ទាន់​បង្ហាញ​ពី​តម្លាភាព​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ​ជាមួយ​ប្រទេស​ចិន​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។

លោក ឯម សុវណ្ណារ៉ា៖ «សហរដ្ឋអាមេរិក​បាន​លើកឡើង​ហើយ គឺ​ទាមទារ​ឱ្យ​មាន​កិច្ចការ​យោធា​ពាក់ព័ន្ធ​វិស័យ​សន្តិសុខ​ហ្នឹង​ឱ្យ​មាន​តម្លាភាព មិនមែន​ឱ្យ​ភាគី​កម្ពុជា​បង្ហាញ​តែ​ចំណុច​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ជាតិ​យើង​ទៅ​សាធារណៈ​ទេ។ ក៏​ប៉ុន្តែ យើង​អត់​ទាន់​បាន​ឆ្លើយតប​ទេ​ឧទាហរណ៍​ពាក់ព័ន្ធ​យើង​ប្រកាស​ថា អត់​មាន​កងទ័ព​ចិន​នៅ​រាម​ជាដើម ប៉ុន្តែ​នេះ​គឺ​ជា​មន្ទិល​សង្ស័យ​នឹង​ការ​កសាង​កំពង់ផែ​ហ្នឹង​វា​ជា​បន្ទុក​ហើយ អ៊ីចឹង​គួរតែ​រក​មធ្យោបាយ​ជជែក​គ្នា ដើម្បី​ធ្វើ​ម៉េច​ឱ្យ​វា​ជ្រះស្រឡះ​ការ​សង្ស័យ​គ្នា​ទើប​ជា​កិច្ចការ​ល្អ»

ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​រវាង​កម្ពុជា ជាមួយ​អាមេរិក និង​សម្ពន្ធមិត្ត​មួយ​ចំនួន​ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​ល្អក់កករ និង​គ្មាន​ភាព​រីកចម្រើន​ឡើយ​ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា​បំផ្លាញ​គ្រឹះ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ២០១៧។ ក្នុង​អំឡុង​ឆ្នាំ២០១៧ កម្ពុជា​ក៏​បាន​លុបចោល​ដោយ​ឯកតោ​ភាគី​លើ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក និង​អូស្ត្រាលី និង​ងាក​មក​បង្កើន​ទំនាក់ទំនង​ស្អិតល្មួត និង​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ។

ចាប់​តាំង​ពី​ឆ្នាំ២០១៦ កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន​ចំនួន ៧ដង​ហើយ។ ការ​ធ្វើ​សមយុទ្ធ​យោធា នាគ​មាស ប្រចាំ​ឆ្នាំ២០២៤ ចុងក្រោយ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន​បង្ហាញ​ឥទ្ធិពល​យោធា​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើប្រាស់​នាវា​ចម្បាំង ៤គ្រឿង និង​មាន​កងទ័ព​កម្ពុជា និង​ចិន​ចូលរួម​សរុប​ជាង ២ពាន់​នាក់ (២.០៧៥នាក់) សម្រាប់​ហ្វឹកហ្វឺន​លើ «ប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​រួម និង​ការ​សង្គ្រោះ​មនុស្ស​ធម៌» និង​ការ​ហាត់​សម​កងទ័ព​តាម​ដែន​លម្ហ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ។

នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​រាម​តាំង​ពី​ចុង​ឆ្នាំ២០២៣ មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ឡើយ បើ​ទោះ​បី​ជា​ការ​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​ប្រចាំ​ឆ្នាំ២០២៤ ត្រូវ​បាន​បញ្ចប់។ អ្នក​ឃ្លាំមើល​ថា ទំនង​កម្ពុជា​ចង់​បញ្ចៀស​ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​នានា កម្ពុជា​បាន​ស្នើ​សុំ​នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​នោះ ក្រោម​ហេតុផល​ពង្រឹង​សមត្ថភាព​កងទ័ព​ជើង​ទឹក​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ លោក ឈុំ សុជាត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មើល​ឃើញ​ថា ក្រុម​បណ្ដា​ប្រទេស​លោកសេរី ជា​ពិសេស​ភាគី​កងទ័ព​អង់គ្លេស​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ដោយសារ​តែ​ចិន​កំពុង​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​បន្ទាប់​បន្ត​លើ​ជម្លោះ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក សេង វណ្ណលី៖ «កម្ពុជា​ក៏​មិន​ខុស​ដែរ ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​ជាប់​សមុទ្រ ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ទឹក​ជ្រៅ​រាម​ហ្នឹង​វា​ចូល​រួម​ចំណែក​ក្នុង​ការ​ទាក់ទាញ​ការ​ចូល​សំចត​របស់​កង​នាវា ឬ​នាវា​របស់​បណ្ដា​ប្រទេស​ផ្សេងៗ។ ដោយឡែក ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​អង់គ្លេស​លើក​នេះ និង​កន្លង​មក​នេះ​វា​អាច​ជា​ផ្នែក​មួយ​ដែរ​នៃ​ការ​ស្វែង​យល់​ពី​នាវា​របស់​កម្ពុជា​ផង ក៏​ដូចជា​ចង់​ដឹង​អំពី​សមត្ថភាព​នៃ​កំពង់ផែ​ទឹក​ជ្រៅ​រាម​ថ្មីៗនេះ ដែល​មួយ​ផ្នែក​ធំ​បាន​រួច​រាល់ ហើយ​ចង់​ធ្វើ​តេស្ដ​អំពី​កម្រិត​ការ​ផ្ទុក​នាវា​បរទេស នៃ​ការ​ធ្វើ​សំចត ឬ​ទស្សនកិច្ច​របស់​ប្រទេស​បស្ចិម​លោក ជាពិសេស​កង​នាវា​ហ្នឹង​គឺ​កើត​ឡើង ដោយសារ​តែ​សកម្មភាព​យោធា​ប៉ាស៊ីហ្វិក នៅ​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង​វា​កើន​ឡើង​ជាពិសេស​កើន​ឡើង​ពី​សំណាក់​ចិន វា​ទាមទារ​ឱ្យ​មាន​សកម្មភាព​យោធា ឬ​លំហាត់​រួមគ្នា​ពី​បណ្ដា​ប្រទេស​ផ្សេងៗ»

ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី ឬ​ការ​ស្វែង​រក​ច្រក​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ និង​សន្តិសុខ​រវាង​កម្ពុជា​ជាមួយ​លោក​សេរី ជាពិសេស​សហរដ្ឋអាមេរិក​អាច​នឹង​ពុំ​ទទួល​ជោគជ័យ​ប្រសិនបើ​កម្ពុជា​នៅ​តែ​មិន​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធ​មនុស្ស។ ក្នុង​ន័យ​នេះ ពួកគេ​យល់​ថា បើ​កម្ពុជា​បរាជ័យ​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រទេស​លោក​សេរី ហើយ​នៅ​តែ​បន្ត​ចាប់​ចិន​ជា​ខ្នង​បង្អែក​កម្ពុជា​នឹង​ខាតបង់​កាន់តែ​ធ្ងន់​លើ​វិស័យ​សេដ្ឋកិច្ច ការទូត ខណៈ​ស្ថានភាព​នៃ​ការ​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​កាន់​តែ​មាន​ភាព​តានតឹង​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles