កាសែតបរទេសបន្តសួរជុំវិញឥទ្ធិពលយោធាចិននៅកម្ពុជា ក្រោយចិនឲ្យកម្ពុជានូវនាវា២គ្រឿង

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
25/09/2024 – 14:27
ដោយ៖ សឹម ចាន់សំណាង
RFI

តាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃទី២៥ កញ្ញានេះ ការដែលចិនផ្តល់ជំនួយនាវាចម្បាំងចំនួន ២ គ្រឿងឲ្យកម្ពុជាអាចជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីធានាសិទ្ធិក្នុងការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។ ក្នុងន័យនេះ Channel News Asia បានចោទជាសំណួរថា តើចិននឹងត្រូវបង្កើនឥទ្ធិពលយោធារបស់ខ្លួនដល់កម្រិតណា និងត្រូវបញ្ចប់ដោយរបៀបណា?

កាសែតបរទេសបន្តសួរជុំវិញឥទ្ធិពលយោធាចិននៅកម្ពុជា ក្រោយចិនឲ្យកម្ពុជានូវនាវា២គ្រឿង


សេចក្តីរាយការណ៍របស់ Channel News Asia បានស្រង់សម្តីអ្នកវិភាគថា នៅពេលដែលការជួយធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមនៅកម្ពុជាពីសំណាក់ចិនកាន់តែខិតជិតដល់ទីបញ្ចប់ក៏មានការបញ្ជាក់នាពេលថ្មីៗនេះថា ទីក្រុងប៉េកាំងនឹងផ្តល់អំណោយនាវាចម្បាំងចំនួន ២គ្រឿងឲ្យកម្ពុជា។ ការផ្តល់ជំនួយជានាវាចម្បាំងនេះបានធ្វើឱ្យមានការងឿងឆ្ងល់ និងសំណួរបន្ថែមទៀតអំពីចេតនា និងតួនាទីរបស់ចិននៅក្នុងតំបន់។ បន្ថែមពីនេះ និងបើតាមអ្នកវិភាគដែល Channel News Asia បានសម្ភាស ការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមបានផ្តល់អត្ថប្រយោជន៍បន្ថែមដល់ទីក្រុងប៉េកាំង ខណៈដែលកម្ពុជាក៏កំពុងខ្វះគ្រឿងបរិក្ខារយោធាក្នុងការប្រើប្រាស់ពេញលេញ។

គួរបញ្ជាក់ដែរថា នាវាចម្បាំងចំនួន២គ្រឿងដែលទីក្រុងប៉េកាំងបានផ្តល់កម្ពុជានោះ គឺជានាវាប្រភេទ ០៥៦C ដែលគ្រោងនឹងប្រគល់ឲ្យក្នុងឆ្នាំ២០២៥ ខាងមុខ។ សូមរម្លឹកថា សំណុំរឿងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុនេះតែងត្រូវបានប្រទេសលោកខាងលិច ពិសេសសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តចោទសួរពីឯករាជ្យភាពរបស់កម្ពុជា និងដាក់មន្ទិលសង្ស័យលើការដែលចិនអាចពង្រីកឥទ្ធិពលយោធាខ្លួននៅកម្ពុជា និងនៅក្នុងតំបន់។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាតែងចេញមុខច្រានចោទជារឿយៗ និងបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានការតាំងទីមូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីខ្លួនជាដាច់ខាត។

គួររំលឹកថា ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ អ្នកស្រី ម៉ាលី សុជាតាធ្លាប់បានអះអាងថា ការដែលចិនបានផ្តល់នាវាចម្បាំង២គ្រឿងឲ្យកម្ពុជា គឺជាការស្នើសុំរបស់កម្ពុជា។ ជំនួយជានាវាចម្បាំងនេះមានគោលដៅពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កងទ័ពជើងទឹកកម្ពុជាដើម្បីការពារសន្តិភាព ស្ថិរភាព សន្តិសុខ ការគាំទ្រដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ រួមទាំងសកម្មភាពមនុស្សធម៌ផ្សេងទៀតនៅលើលម្ហសមុទ្រ។ អ្នកស្រី ម៉ាលី សុជាតាបានសង្កត់ធ្ងន់ទៀតថា កម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសណាមួយដែលបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួន ពិសេសប៉ះពាល់លើអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់កម្ពុជា។

នាវាចម្បាំងចិនចុះចតនៅមូលដ្ឋានទ័ពជើងទឹករាម
នាវាចម្បាំងចិនចុះចតនៅមូលដ្ឋានទ័ពជើងទឹករាម AFP – HANDOUT

គួរដឹងថា ទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុង ប៉េកាំងកាន់តែមានភាពស្និទស្នាលខ្លាំងដែលប្រទេសទាំងពីរបានចាត់ទុកជាមិត្តភាពដែកថែប។ ក្រៅពីការជួយធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ចិនក៏បានផ្តល់ជំនួយជាច្រើនមកកម្ពុជាតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI) ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រួមមានស្ពាន ថ្នល់ និងព្រលានយន្តហោះជាដើម៕

What Next?

Recent Articles