ដោយ យ៉ង ចាន់តារា
2024.10.17
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (កណ្ដាល) ចូលរួមកម្មវិធីរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក គិត ម៉េង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានដកសិទ្ធិនៃការអភិវឌ្ឍន៍ផ្លូវដែកពីក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ម្ដងទៀត ប្រសិនបើក្រុមហ៊ុននេះមិនប្រញាប់បញ្ចប់កិច្ចចរចា និងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យចប់សព្វគ្រប់ នៅចុងឆ្នាំ២០២៤ទេនោះ។
ការព្រមាន ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងចិន បានជួបពិភាក្សាគ្នា ហើយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ជំរុញឱ្យពន្លឿនផែនការសហប្រតិបត្តិការសម្រាប់ អភិវឌ្ឍន៍ឧស្សាហកម្មនិងផ្លូវដែកកម្ពុជា ឱ្យបានឆាប់រហ័ស។
អ្នកវិភាគយល់ថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេល វ៉េ ខេមបូឌា (Royal Railway Cambodia) របស់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសិទ្ធិបច្ចុប្បន្ន ទំនងគ្មានលទ្ធភាពគ្រប់គ្រាន់ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីពន្លឿនការអភិវឌ្ឍន៍ផ្លូវដែកកម្ពុជាបានល្អប្រសើរទេ ស្របពេល ដែលក្រុមហ៊ុនកម្ពុជាជាច្រើន កំពុងតែប្រឈមនិងវិបត្តិសេដ្ឋកិច្ច។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែតុលា ថា ស្របពេលដែលក្រុមហ៊ុន រេល វ៉េ មិនមានលទ្ធភាពគ្រប់គ្រាន់ រួមផ្សំនឹងរដ្ឋាភិបាលក៏មិនមានថវិកា ដើម្បីអភិវឌ្ឍន៍គម្រោងកែលំអផ្លូវដែកកម្ពុជា រដ្ឋាភិបាលអាចនឹងបើកស្វែងរកក្រុមហ៊ុនចិនចូលមកវិនិយោគជំនួសវិញ។
លោក គឹម សុខ៖ «ទីមួយគឺបញ្ហាបំណុលចិនកើនឡើង ទីពីរអំពើពុករលួយក្នុងប្រព័ន្ធគ្រប់គ្រង។ កាលណាស៊ីលុយច្រើនពីគម្រោងផ្លូវដែក គឺធ្វើឱ្យថយចុះចំនួនថ្មនិងដែកក្នុងការកសាង ហើយគុណភាពក៏អន់នឹងនាំឱ្យគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ផ្លូវដែក។ ចំណុចទី៣ កាលណាគុណភាពផ្លូវដែកអន់ គឺរំខានទៅដល់ប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុនផ្សេងៗ ពីព្រោះងាកខូចៗ ក៏ស្ទះដល់ ដំណើរការដឹកជញ្ជូនរបស់ក្រុមអ្នកជំនួញដែរ»។
ការលើកឡើងរបស់អ្នកវិភាគដូចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃទី១៤ ខែតុលា ដោយព្រមានថា នឹងដកហូតសិទ្ធិពីក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង ប្រសិនបើមិនចរចានិងចុះអនុស្សរណៈយោគយល់គ្នា
ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញដំណើរការគម្រោងអភិវឌ្ឍន៍ផ្លូវដែក ឱ្យបានចប់នៅចុងឆ្នាំ២០២៤ ទេនោះ។
លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមឱ្យអ្នកឧកញ៉ា គិត ម៉េង និងលោក ប៉េង ពោធិ៍នា ធ្វើយ៉ាងណាចរចាឱ្យចប់រឿង(MOU)របស់ផ្លូវដែក។ ឱ្យចប់ត្រឹមដំណាច់ឆ្នាំ២០២៤នេះ ដើម្បីធ្វើការពង្រឹងវិស័យផ្លូវដែក។ បើសិនជាមិនចរចានិងធ្វើ(MOU)ឱ្យចប់នៅចុងឆ្នាំនេះទេ ខ្ញុំនឹងដកសិទ្ធិអភិវឌ្ឍន៍ហើយ។ បើមិនបានបញ្ចប់គម្រោងល្អឥតខ្ចោះក៏ដោយ ឱ្យតែគម្រោងជួសជុលនិងកែលំអផ្លូវដែកបានដំណើរការ។ ចាប់ផ្ដើមធ្វើដំណើរទៅរួច ហើយចាំរៀបចំគោលការណ៍ពង្រឹងជាបន្តបន្ទាប់ទៀត»។
នេះជាលើកទីពីរហើយ ដែលរដ្ឋាភិបាល ព្រមានដកហូតសិទ្ធិអភិវឌ្ឍន៍ផ្លូវដែកពីក្រុមហ៊ុន របស់អ្នកឧកញ៉ា គិត ម៉េង។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដែលកាលណោះ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក៏ធ្លាប់ប្រកាសបញ្ចប់សិទ្ធិធ្វើអាជីវកម្មផ្លូវដែកម្ដងដែរ ដោយកាលណោះ បានលើកហេតុផលថា រយៈពេលជិត១០ឆ្នាំមកហើយ វិស័យដឹកជញ្ជូន តាមផ្លូវដែក មិនបានជោគជ័យ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញការព្រមានរបស់រដ្ឋាភិបាល ចំពោះរឿងនេះ ពីនាយកក្រុមហ៊ុន Royal Railway Cambodia អ្នកឧកញ៉ា គិត ម៉េង និងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បាននៅឡើយនៅថ្ងៃទី១៦ ខែតុលា។ទោះជាយ៉ាងណា ការព្រមានរបស់នាយករដ្ឋមន្ត្រីកម្ពុជាជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន បានផ្ដល់ជំនួយឥតសំណង ជាទឹកប្រាក់ចំនួន ៤២លានដុល្លារ សម្រាប់ឱ្យកម្ពុជាយកមកប្រើប្រាស់លើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជំរុញ ឱ្យកម្ពុជាពន្លឿនផែនការសហប្រតិបត្តិការ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងផ្លូវដែកកម្ពុជា ឱ្យបានឆាប់រហ័ស។
ក្នុងកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងចិន នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤-៤៥ក្នុងរដ្ឋធានីវៀងចន្ទន៍ (VIENTIANE) ប្រទេសឡាវ (Lao) កាលពីថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានជំរុញឱ្យភាគីទាំងពីរពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងការងារផ្លូវដែកបឋម រវាងកម្ពុជា-ចិនឱ្យបានឆាប់រហ័ស ដើម្បីអាចឈានទៅដល់ផលប្រយោជន៍ផ្សេងៗជាច្រើនទៀត។
កម្ពុជា និងចិន ធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ដើម្បីការជំរុញអភិវឌ្ឍផ្លូវដែកនៅកម្ពុជាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
ជុំវិញរឿងនេះ អ្នកសិក្សាកិច្ចការសង្គមនិងនយោបាយ លោក ប៉ោ មករា ថា ការអភិវឌ្ឍន៍ផ្លូវដែកកម្ពុជា បើទោះបីជារដ្ឋាភិបាល ប្រគល់ឱ្យក្រុមហ៊ុនក្នុងស្រុកធ្វើក្តី ឬក៏បង្វែរទៅឱ្យក្រុមហ៊ុនបរទេសក្តី ក៏ពលរដ្ឋកម្ពុជាមិនសូវទទួលបានកម្រៃច្រើនដូចគ្នា ពីព្រោះតែធនធានមនុស្សខ្មែរមិនមានជំនាញគ្រប់គ្រាន់ ហើយត្រូវការជួលកម្មករជំនាញពីបរទេសដដែល។
លោក ប៉ោ មករា៖ «មិនថាក្រុមហ៊ុននោះមកពីក្រៅប្រទេសក្តី ឬក៏ក្រុមហ៊ុននោះមានម្ចាស់ជាខ្មែរគ្រប់គ្រងក្តី ក៏យើងឃើញថាមានបញ្ហាពាក់ព័ន្ធនិងកម្មករជំនាញដែរ។ វាមិនសូវជាចំណេញប៉ុន្មានទេ ពាក់ព័ន្ធនិងគម្រោងធំៗបែបនេះ ដោយសារតែយើងត្រូវការជួលអ្នកជំនាញនិងកម្មករបរទេសមកធ្វើក្នុងតម្លៃថ្លៃ»។
ប្រទេសកម្ពុជាមានផ្លូវដែកចំនួន ២ខ្សែ គឺផ្លូវដែកពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ មានប្រវែង ២៦៦គីឡូម៉ែត្រនិងមួយខ្សែទៀត ចេញពីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ មានប្រវែងជាង ៣៨៥គីឡូម៉ែត្រ។ ផ្លូវដែកទាំងពីរខ្សែនេះបានសាងសង់តាំងពីសម័យអាណានិគមបារាំង និងសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំរបស់ព្រះមហាវីរៈក្សត្រ សម្តេច ព្រះនរោត្តម សីហុន។ បច្ចុប្បន្ន ក្រុមហ៊ុន Royal Railyway Cambodia មានសេវាកម្មពីភ្នំពេញទៅ កំពត តាកែវ និងព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។