១១ វិច្ឆិកា ២០២៤
មាស ដា
ចឹង លីលី
វីអូអេខ្មែរ

រាជធានីភ្នំពេញ — អតីតមន្ត្រីនគរបាលជាន់ខ្ពស់លោក មួង ឃីម និងលោក អ៊ុត ធី ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជាអ្នកជំនួញម្នាក់ក្នុងវិស័យសំណង់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក សយ ចាន់វិចិត្រ ប្រាប់វីអូអេនៅថ្ងៃចន្ទថា អង្គភាពបាន ឃាត់ខ្លួនលោក មួង ឃីម និងលោក អ៊ុត ធី កាលពី ២ថ្ងៃមុន និងថា មកដល់ថ្ងៃចន្ទនេះ ពួកគេត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
លោកថ្លែងថា៖ «ខ្ញុំនឹងចែករំលែកព័ត៌មានបន្ថែមទៀត ដែលខ្ញុំអាចចែកជូនបាននៅពេលដែលនីតិវិធីខាងអយ្យការលោកបានបញ្ចប់។ ឥឡូវនេះអ្នកទាំងពីរហ្នឹងកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការ។ អ៊ីចឹងសុំការយោគយល់ផង អរគុណ»។
នៅពេលអ្នកយកព័ត៌មានសួរថា តើការឃាត់ខ្លួនលោកមួង ឃីម និងលោក អ៊ុត ធី រួចបញ្ជូនទៅតុលាការក្រុងភ្នំពេញជាប់ពាក់ព័ន្ធក្នុងករណីអ្វីនោះ លោកសយ ចាន់វិចិត្រ ថា លោកមិនទាន់អាចបញ្ជាក់បានទេ ដោយរង់ចាំឱ្យចំណាត់ការនីតិវិធីអយ្យការបញ្ចប់សិន។
បើតាម Fresh News អង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល ការឃាត់ខ្លួនខាងលើនេះធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពី ការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា លោក ដួង តារា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
លោក លី សាម៉េត ដែលជាអតីតទីប្រឹក្សាផ្ទាល់របស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទឆបោក និងសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីលោកបានចេញវីដេអូសារភាពទទួលកំហុស និងសុំទោសចំពោះការយកឈ្មោះលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទៅប្រើប្រាស់ដើម្បីយកលុយគេ។
ចំណែកលោក ដួង តារា ត្រូវបានព្រះមហាក្សត្របញ្ចប់មុខតំណែងរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែវិច្ឆិកា។
មុនពេលចាប់ខ្លួន លោក លី សាម៉េត តែងតែចេញមុខជាមួយលោកដួង តារា ដែលជាអតីតជំនួយការផ្ទាល់របស់លោក ហ៊ុន សែន ក្នុងភាពជាតំណាងរបស់លោក ហ៊ុន សែន នៅក្នុងកម្មវិធីមួយចំនួន។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី យល់ឃើញថា ការទទួលបានតំណែងធំៗតាមរយៈការសូកប៉ាន់អាចមានច្រើន ហើយក៏អាចមានការជាប់ពាក់ព័ន្ធគ្នាជាប្រព័ន្ធដើម្បីទទួលបានតំណែងនីមួយៗ។
លោកបានឱ្យដឹងទៀតថា ការឃាត់ខ្លួនមនុស្សដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីលោក លី សាម៉េត និងលោកដួង តារា គឺជាជំហានមួយវិជ្ជមានដែលពលរដ្ឋចង់ឃើញ និងថា រដ្ឋាភិបាលគួរអនុវត្តច្បាប់ឱ្យស្មើភាពនឹងករណីផ្សេងទៀត ដោយមិនសំដៅតែទៅលើករណីលោកលី សាម៉េតនោះឡើយ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទថា៖ «រឿងសំខាន់ពីរដែលរដ្ឋាភិបាលត្រូវដោះជូនពលរដ្ឋហ្នឹងគឺទីមួយគឺការបង្កកទ្រព្យសម្បត្តិនិងការធានាថា ថវិកាលុយរបស់ពលរដ្ឋវិនិយោគហ្នឹងត្រូវបានសងទៅគាត់វិញតាមវិធីណាមួយ ហើយវិធីសំខាន់គឺរដ្ឋាភិបាលអាចរៀបចំនូវយន្តការធ្វើការជាមួយនិងក្រុមការងារក្រុមហ៊ុនដែលបោកគេហ្នឹងស្រាប់ ដើម្បីចាប់យកទ្រព្យឬបង្កកទ្រព្យដែលមាន ហើយប្រើវិធីសាស្រ្តក្នុងការផ្ទេរទ្រព្យទៅដល់អ្នកដែលរងគ្រោះ»។
លោកបន្ថែមថា៖ «ទីពីរគឺការអនុវត្តច្បាប់ចំពោះអ្នកឆបោកគឺយើងមានច្បាប់គ្រប់គ្រាន់ហើយបទព្រហ្មទណ្ឌក៏មាន ហើយបើគាត់មានជាប់សង្ស័យទៅនឹងការសូកប៉ាន់ទៀតគឺយើងមានច្បាប់ប្រឆាំងអំពើពុករលួយ»។
បើតាមលោក ប៉ិច ពិសី រដ្ឋាភិបាលគួរតែផ្ដល់មុខតំណែងឱ្យយុវជនដែលមានសមត្ថភាព បទពិសោធន៍ ចំណេះជំនាញ ដើម្បីឱ្យពួកគេចូលរួមបម្រើជាតិ រាជការ ហើយរដ្ឋាភិបាលក៏ត្រូវកាត់បន្ថយទំនាស់ផលប្រយោជន៍នៅក្នុងការអនុវត្តកិច្ចការសាធារណៈ ដើម្បីលុបបំបាត់អំពើពុករលួយផងដែរ។
គួរបញ្ជាក់ថា លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្កាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីខាងវាយថ្ម និងធ្វើផ្លូវ។ គេមិនទាន់ដឹងនៅឡើយថា អ្នកទាំងពីរមានការពាក់ព័ន្ធ កម្រិតណាក្នុងសំណុំរឿងលោក លី សាម៉េត៕