ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​សម្រុក​ទស្សនា​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្តសៀមរាប

ដោយ យ៉ង ចាន់តារា
2024.11.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​សម្រុក​ទស្សនា​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្តសៀមរាប

ទិដ្ឋភាព នៃ​ពិធី​បុណ្យ​អុំទូក នៅ​ខេត្ត​សៀមរាប ​ថ្ងៃ​ទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤ នេះ។ រូបពីពលរដ្ឋ


នៅ​ឯ​ខេត្ត​សៀមរាប ក្នុង​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះខែ និង​អកអំបុក​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​ទី​ក្រុង​អង្គរ​ជា​ច្រើន​ម៉ឺន​នាក់។

ក្រុម​កីឡាករ​ប្រណាំង​ទូក និង​អ្នក​ដើរ​កម្សាន្ត លើក​ឡើង​ថា កម្ម​វិធី​នេះ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ទេសចរ​ស្គាល់​នូវ​វប្បធម៌​​អត្តសញ្ញាណ​ជាតិខ្មែរ​កាន់​តែ​ទូលំ​ទូលាយ បង្កប់​អត្ថន័យ​សាមគ្គីភាព​គ្នា​របស់​ដូនតា​ខ្មែរ។

រយៈ​ពេល​ពីរ​ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៥ ខែវិច្ឆិកា​នេះ ពិធី​បុណ្យ​អុំទូក នៅ​ខេត្ត​សៀមរាប អាជ្ញាធរ​ប្រារព្ធ​ឡើង​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប ដោយ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​កកកុញ​បាន​សម្រុក​ដើរ​កម្សាន្ត​ក្នុង​ក្រុង​សៀមរាប និង​តាម​ប្រាសាទ​បុរាណ​នានា ធ្វើ​ឱ្យ​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​នេះ​មាន​ភាព​អ៊ូអរ​ចាប់​តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​យប់​ជ្រៅ។ ភ្ញៀវ​ទេសចរ​ភាគច្រើន​ជា​ភ្ញៀវ​ជាតិ​មក​ពី​ខេត្ត​ផ្សេងៗ និង​រាជធានី​ភ្នំពេញ។

យុវតី​ចូលរួម​ទស្សនា​ពិធី​បុណ្យ​នេះ​គឺ​កញ្ញា ទឺ នីសា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា​ថា កម្មវិធី​នេះ រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប ផ្តល់​ឱកាស​ឱ្យ​យុវជន​ផ្សព្វផ្សាយ​ពី​ប្រពៃណី​បុណ្យ​អុំទូក​ដល់​ភ្ញៀវ​ទេសចរ។

កញ្ញា​យល់​ថា ពេល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​នឹង​ធ្វើ​ឱ្យ​កន្លែង​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​ទាំងអស់​​មមាញឹក​ទទួល​ភ្ញៀវ ផ្តល់​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ។

កញ្ញា ទី នីសា៖ «ផ្ដល់​អត្តសញ្ញាណ​ជាតិ​ទៅ​កាន់​ពិភពលោក​បាន​ស្គាល់ និង​ឱ្យ​ដឹង​ពី​វប្បធម៌​ខ្មែរយើង​ ណាមួយ​ទៀត​ខេត្ត​សៀមរាប​គឺ​ជា​តំបន់​បណ្ដុំ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​ផង»

យុវតី​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​សៀមរាប កញ្ញា ប៉ែត ចាន់រិទ្ធ យល់​ថា ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឱ្យ​ស្គាល់​នូវ​អត្ថន័យ​ប្រពៃណី​បុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះខែ ព្រម​ទាំង​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្មែរ​កាន់​តែ​ទូលំទូលាយ។

កញ្ញា ប៉ែត ចាន់រិទ្ធ៖ «ខ្ញុំ​ឃើញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​គាត់​មក​ច្រើន​អ៊ូអរ​ ហើយ​ពួកគាត់​សើច​សប្បាយ​រីករាយ​ជា​មួយ​បុណ្យ​អុំទូក អក​អំបុក​និង​បណ្ដែត​ប្រទីប​របស់​យើង»

ចំណែក​ក្រុម​កីឡាករ​អុំទូក ដែល​ភាគ​ច្រើន​ជា​យុវជន​មក​ពី​ខេត្ត​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ​និង​កំពង់ឆ្នាំង។ ពួកគេ​ភាគច្រើន​ស្នាក់​នៅ​តាម​វត្ត​អារាម សាលារៀន និង​ទី​សាធារណៈ ដើម្បី​ចូលរួម​ប្រណាំង​ទូកង​តំណាង​ឱ្យ​ខេត្ត​របស់​ខ្លួន។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ទូកង​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ប៉ា ប៊ុនថោះ មាន​ប្រសាសន៍​ថា យុវជន​ចូលរួម​ពិធី​នេះ បាន​លះបង់​ពេល​វេលា​យ៉ាង​សកម្ម ដើម្បី​ថែរក្សា​អត្ត​សញ្ញាណ​ជាតិ។

ក៏​ប៉ុន្តែ​​លោក​ថា កន្លែង​ស្នាក់​នៅ​របស់​កីឡាករ​នៅ​មិន​ទាន់​សមរម្យ​នៅ​ឡើយ​ទេ ​ហើយ​ប្រសិន​បើ​អាជ្ញាធរ​ជួយ​រៀបចំ​ជា​តង់​ឱ្យ​ពួកគាត់​ស្នាក់នៅ​មាន​សណ្ដាប់ធ្នាប់ និង​អនាម័យ​ល្អ​ ជា​ផ្នែក​មួយ​លើក​កម្ពស់​សោភ័ណភាព​ទេសចរណ៍​ក្នុង​ខេត្ត​នេះ ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគាត់​ថែម​ទៀត។

លោក ប៉ា ប៊ុនថោះ៖ «ក្នុង​នាម​ពួក​ខ្ញុំ​ជា​យុវជន គឺ​អត់​មាន​អី​ចូលរួម​ថែរក្សា និង​លះបង់​កម្លាំង​កាយ​ចិត្ត​ប្រឹងប្រែង​ហ្វឹក​ហាត់​ប្រកួត ដើម្បី​មក​អបអរ​ពិធី​បុណ្យ​អុំទូក​របស់​ខ្មែរ​យើង»

ចំណែក​អាជ្ញាធរ​ខេត្តសៀមរាប​បាន​កំណត់​គោលដៅ រៀបចំ​ព្រឹត្តិការណ៍​ពិធីបុណ្យ​អុំទូក​នេះ​ជា​ការ​ស្ដារ​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍ និង សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​តំបន់ ក្រោយ​ពេល​ខេត្ត​នេះ ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់​សោភ័ណ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា គោល​បំណង​នៃ​ពិធី​នេះ​ជួយ​អភិរក្ស​វប្បធម៌​ខ្មែរ និង​លើក​កម្ពស់​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់​តែ​ច្រើន។

លោក ប្រាក់ សោភ័ណ៖ «ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​រៀបចំ​លើក​កម្ពស់​ស្ដារ​វិស័យ​ទេសចរណ៍​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កាន់​តែ​ច្រើន»

ជុំវិញរឿងនេះ​ចាស់​ព្រឹទ្ធាចារ្យ និង​ជា​គ្រូ​បង្វឹក​កីឡាករ​ទូកង​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ លោក មួន ឃាន ពន្យល់​ថា អត្ថន័យ​ប្រពៃណី​ប្រណាំង​ទូកង គឺ​ដូនតា​ខ្មែរ​ចង់​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការ​សាមគ្គី​គ្នា​​រវាង​កង​ទ័ព​ជើង​ទឹក​របស់​បុព្វបុរស​ខ្មែរ​កាល​ពី​សម័យ​បុរាណ ដែល​ពួកគាត់​ក្លាហាន និង​សាមគ្គី​គ្នា​រឹងមាំ​ទើប​អាច​ច្បាំង​ឈ្នះ​សត្រូវ​ការពារ​ទឹកដី។

លោក​ថា​ការ​ដឹកនាំ​ប្រទេសជាតិ​ក៏​ដូច្នេះ​ដែរ បើ​គ្មាន​ការ​សាមគ្គី​គ្នា​ទេ នឹង​មិន​រីក​ចម្រើន​ឡើយ។

លោក មួន ឃាន៖ «ពិធី​បុណ្យ​អុំទូក​ជា​ប្រពៃណី​ជាតិ​យើង​ យើង​ធ្វើ​តាម​ប្រពៃណី​និង​ថែរក្សា​កុំ​ឱ្យ​បាត់បង់ ដូច​កាល​ពី​សម័យ​មុនៗ ដែរ»

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​បង្ហាញ​ថា ប្រព្រឹត្ត​បុណ្យ​អុំទូក​នេះ​មាន​ចំនួន​ទូក​សរុប ៣៧ទូក និង​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ប្រជែង​ ៩០៩នាក់ មក​ពី​ខេត្ត/ក្រុងចំនួន៦ ដោយ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​កម្សាន្ត​សរុប​ជាង ៨ម៉ឺន​នាក់ (៨៧.១១៩)។ ក្រុម​កីឡាករ​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប យក​ចិត្ត​ទុកដាក់​ផ្តល់​កន្លែង​ស្នាក់​នៅ​សមរម្យ​ជូន​ពួកគាត់​ដើម្បី​ផ្តល់​តម្លៃ​ឱ្យ​យុវជន​មាន​ទឹក​ចិត្ត​ថែរក្សា​កេរមរតក​ដូនតា​នៅ​ឆ្នាំ​ក្រោយៗ​ ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles