ដោយ ហ៊ុំ ចំរើន
2024.12.16
អាស៊ីសេរី

សកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង ពេលថ្ងៃសវនាការជំនុំជម្រះ នៅតុលាការកំពូល នៅថ្ងៃទី១៦ ធ្នូ ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង ស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ និងទម្លាក់ការចោទប្រកាន់ដល់រូបលោកដើម្បីបានរស់ជួបជុំជាមួយក្រុមគ្រួសារវិញ ខណៈលោកបញ្ជាក់ថា តុលាការថ្នាក់ក្រោមមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លើរូបលោកនោះទេ។
តុលាការកំពូលនៅព្រឹកថ្ងៃទី១៦ ខែធ្នូ បើកសវនាការជំនុំជម្រះលើសកម្មជនបក្សប្រឆាំង លោក វឿង សំណាង ពីបទ «ញុះញង់» និងបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងការបង្ហោះសារនៅតាមបណ្ដាញសង្គមហ្វេសប៊ុក( Facebook) ជុំវិញការប្រើវោហារនយោបាយរវាងថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ជាមួយនឹងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ទាក់ទិននឹងការទិញសញ្ជាតិពីប្រទេសស៊ីប (Cyprus) កាលពីឆ្នាំ២០២១។
ក្នុងសំលៀកបំពាក់ជាអ្នកជាប់ឃុំស្លាទុំ និងមានអក្សរថាមណ្ឌលកែប្រែម១ លោក វឿង សំណាង បានថ្លែងក្នុងសវនាការថា មូលហេតុដែលលោកមិនអាចទទួលយកបានចំពោះការកាត់ទោសរបស់សាលាដំបូង និងសាលាឧទ្ធរណ៍រាជធានីភ្នំពេញឱ្យលោកជាប់ពន្ធនាគារ៦ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលនោះ គឺតុលាការមិនមានភស្តុតាងដាក់បន្ទុកសមហេតុសមផល។ លោកថាភាពមិនសមហេតុផលនោះគឺត្រង់ថា អាជ្ញាធរបានដកហូតទូរស័ព្ទ និងយកទិន្នន័យចេញពីទូរស័ព្ទដើម្បីចោទប្រកាន់ និងដាក់បន្ទុកលើរូបលោក។
លោក វឿង សំណាង បានសំណូមពរទៅកាន់ចៅក្រមទាំង៥រូបឱ្យទម្លាក់ការចោទប្រកាន់ និងដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញដើម្បីឱ្យលោកអាចបំពេញតួនាទីជាប្ដីល្អ និងឪពុកល្អ។ មុននឹងឡានដឹកលោកទៅពន្ធនាគារវិញ លោកបានស្រែកខ្លាំងៗថា«ជយោលទ្ធិប្រជាធិបតេយ្យ»។
ប្រធានចៅក្រមជំនុំជម្រះ លោក តាំង ស៊ុនឡាយ ប្រកាសថា តុលាការនឹងប្រកាសសាលដីកានៅព្រឹកថ្ងៃទី២៤ ខែធ្នូខាងមុខ។ ក្នុងសវនាការនេះ ក៏មានមន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាចំនួនពីរនាក់ចូលរួមឃ្លាំមើលផងដែរ។
សហមេធាវីការពារក្ដីឱ្យ លោក វឿង សំណាង គឺ លោក អែម ចន្ថា ថ្លែងក្រោយចេញពីសវនាការថាលោកយល់ស្របដូចការលើកឡើងរបស់កូនក្ដីរបស់លោកក្នុងសវនាការ ហើយលោកសង្ឃឹមថា តុលាការកំពូលទម្លាក់បទចោទមកលើកូនក្ដីរបស់លោក។
លោក អេម ចន្ថា៖ «កូនក្ដីខ្ញុំមិនបានទទួលស្គាល់ហើយ ហើយយើងមិនដឹងថា ក្រោយពេលដែលសមត្ថកិច្ចយកទូរស័ព្ទពីកូនក្ដីយើងទៅតើគណនីហ្នឹងវាកើតឡើងនៅពេលណា ដូច្នេះមិនមាននរណាអាចដឹង មិនមាននរណាជាសាក្សីនៅក្នុងនៅក្នុងការដឹងឭទេ មានតែសមត្ថកិច្ចដែលគាត់កាន់ទូរស័ព្ទ អ៊ីចឹងក្នុងនាមយើងខ្ញុំជាមេធាវី ហើយកូនក្ដីក៏សុំបដិសេធចោលទាំងអស់នេះ ដោយសារកូនក្ដីគាត់បានទទួលស្គាល់តែមួយគាត់មិនមានបានពាក់ព័ន្ធនឹងព័ត៌មានទាំងនេះ»។
ប្រពន្ធសកម្មជនបក្សប្រឆាំង លោក វឿង សំណាង គឺ លោកស្រី ទៀង ចិន្តា ថា អស់រយៈពេលជាង៣ឆ្នាំមកហើយដែលប្ដីលោកស្រីបានជាប់ពន្ធនាគារ ហើយគ្រួសារលោកស្រីជួបការលំបាកផ្នែកជីវភាពជាខ្លាំង។ លោកស្រីទទូចដល់តុលាការទម្លាក់ការចោទប្រកាន់មកលើប្ដី ព្រោះលោកស្រីជឿជាក់ថា ប្ដីលោកស្រីមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
លោកស្រី ទៀង ចិន្តា៖ «សម្រាប់ខ្ញុំទាំងពីបាត់បង់បង្គោលគ្រួសារទៅគឺពិបាកណាស់ ដោយសារគាត់ជាអ្នករកប្រាក់ចំណូលគ្រួសារ ហើយខ្ញុំមានតែប្ដីប្រពន្ធនឹងកូនមួយទេ ហើយអីចឹងគាត់បាត់បង់សេរីភាពទៅ ខ្ញុំត្រូវជាជំហរគ្រួសាររាប់រងទាំងអស់ ខ្ញុំក៏ជំពាក់ធនាគារដែរ អ៊ីចឹងវាពិបាកមែនទែនណា ពេលខ្លះសឹងតែថាផុតដង្ហើមម្ដងៗ»។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោកយី សុខសាន្ត មានប្រសាសន៍ថា ការចាប់ខ្លួន និងការចោទប្រកាន់មកលើអ្នកនយោបាយដោយសារតែការបញ្ចេញមតិរិះគន់ដោយផ្អែកលើការពិតគឺជាជាការប្រាសចាកពីសង្គមប្រជាធិបតេយ្យ។ លោកថារដ្ឋាភិបាលគួរតែពិចារណាបើកលំហសេរីភាពឱ្យបានទូលំទូលាយដើម្បីផលប្រយោជន៍ជាតិ។
លោក យី សុខសាន្ត៖ «សេរីភាពក្នុងការបញ្ចេញមតិគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកនយោបាយដែរដូច្នេះអ្វីដែលយើងអនុវត្តកន្លងទៅដែលមានការរឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិវាគឺជាការគំរាមកំហែងមួយដែលសហគមន៍អន្តរជាតិ សហគមន៍ជាតិស្នើសុំឱ្យរដ្ឋាភិបាលក៏ដូចជាតុលាការមេត្តាដោះលែងពួកគេឱ្យមានសេរីភាពវិញ»។
សកម្មជនបក្សសង្គ្រោះជាតិ លោក វឿន វាសនា ហៅក្រញូងព្រៃឡង់ និងលោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនទៅកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលពួកលោកកំពុងរស់នៅជាជនភៀសខ្លួនក្នុងប្រទេសថៃ និងត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ការចាប់បញ្ជូននេះ បើទោះបីជាមានការជួយអន្តរាគមន៍ពីមន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិក៏ដោយ។
ដោយឡែក លោក វឿន វាសនា ក្រោយត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ លោកបានសម្រេចចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាថ្នូរទទួលបានការដោះលែងឱ្យមានសេរីភាព ប៉ុន្តែក្រោយមកលោកបានភៀសខ្លួនទៅប្រទេសក្រៅជាថ្មី មុននឹងទទួលបានសិទ្ធិជ្រកកោនទៅរស់នៅក្នុងប្រទេសអូស្ត្រាលីរហូតមកដល់ពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។