អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ដែល​សុំទាន​នៅ​ថៃ​ជាច្រើន​នាក់ ដោយ​ចោទ​ថា ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណធម៌​សង្គម

ដោយ ហ៊ុំ ចំរើន
2024.12.20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ដែល​សុំទាន​នៅ​ថៃ​ជាច្រើន​នាក់ ដោយ​ចោទ​ថា ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណធម៌​សង្គម

(រូបឯកសារ) ស្ត្រីអ្នកសុំទានខ្មែរម្នាក់​ កំពុងអង្គុយ​សុំទាន​គេ​ នៅផ្សា​រ​មួយ​ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ


អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​អ្នកសុំទាន​ដែល​គេ​អះអាង​ថា ជា​ពលរដ្ឋ​ខ្មែរ ជាច្រើន​អ្នក​នៅ​តាម​ទីប្រជុំជន ផ្សារ​លក់ទំនិញ និង​ស្ពាន​អាកាស​ថ្មើរជើង ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន។ អាជា្ញធរ​ថៃ​រក​ឃើញ​ថា អ្នក​សុំទាន​ទាំងនោះ បាន​ប្រើប្រាស់​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ទាក់ទាញ​ការ​អាណិតអាសូរ​ពី​សប្បុរសជន រួមមាន​ការ​យក​កុមារ​មក​ធ្វើ​ជា​ធ្នាក់ ពិការភាព និង​ខ្លះ​ទៀត​បាន​ប្រកប​មុខរបរ​សុំទាន​នេះ​ជា​លក្ខណៈ​អាជីព បន្ទាប់ពី​ពួកគេ​អាច​រក​ចំណូល​បាន​ខ្ពស់។

បន្ទាប់ពី​បើក​យុទ្ធការ​សម្អាត​អ្នកសុំទាន​នៅ​ក្នុង​ប្រទេស នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​សម្បុក​អ្នកសុំទាន​ជាច្រើន ដែល​ក្នុង​នោះ​ភាគច្រើន​គឺជា​ពលរដ្ឋ​ខ្មែរ។

កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ អាជ្ញាធរ​ថៃ នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) បាន​ឃាត់​ខ្លួន​ស្ត្រី​សុំទាន​នៅ​លើ​ស្ពាន​អាកាស​ថ្មើរជើង​ម្នាក់​ជាមួយ​កូន​តូច ដែល​គេ​អះអាង​ថា​ជា​ជនជាតិ​ខ្មែរ និង​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​បញ្ជូន​ត្រឡប់​មក​កម្ពុជា ជាច្រើន​លើក​មក​ហើយ។ ស្ត្រី​អ្នកសុំទាន​បាន​សារភាព​ថា អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​គេ​ចំនួន ៣លើក​មក​ហើយ ដោយ​លើក​ទី១ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​កូន ហើយ​អាជ្ញាធរ​បាន​យក​កូន​នោះ​ទៅ​មើលថែ​នៅ​មណ្ឌល​សុខុមាលភាព​មួយ​កន្លែង ចំណែក​ឯ​ខ្លួន​ដែល​ត្រូវជា​ម្ដាយ​វិញ​ត្រូវ​ប៉ូលិស​នាំ​ទៅ​ខ្លួន​ប៉ុស្តិ៍ ប៉ុន្តែ​ក្រោយពេល​ដែល​អាជ្ញាធរ​ដោះលែង​វិញ រូបគេ​បាន​លួច​រត់​ចោល​កូន​នៅ​មណ្ឌល​សុខុមាលភាព ហើយ​មក​បង្កើត​កូន​ថ្មី​ម្នាក់ទៀត ដើម្បី​យក​មក​អង្គុយ​សុំទាន​ជាមួយ​ខ្លួន។ ស្ត្រី​ដដែល​បញ្ជាក់​បន្ថែម​ថា រូប​គេ​បាន​ធ្វើ​បែបនេះ​ជាច្រើន​ដង​មក​ហើយ រហូត​ដល់​មាន​កូន​ចំនួន​៥នាក់ ដែល​មក​ជួយ​សុំទាន ហើយ​ដោយ​ការ​ប្រើប្រាស់​វិធី​មួយ​នេះ រូបគេ​អាច​សុំទាន​បាន​លុយ​ចន្លោះ​ពី៣០ ទៅ៦០ដុល្លារ​ក្នុងមួយថ្ងៃ។

ចំណែក​នៅ​ឯ​ខេត្ត​ឈុនបុរី (Chon Buri) ឯណោះ​វិញ កាល​ពី​ថ្ងៃ​ទី១៦ ខែ​ធ្នូ ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​នេះ បាន​រក​ឃើញ​សម្បុក​អ្នកសុំទាន​ជនជាតិ​ខ្មែរ​មួយ​កន្លែង ដែល​មាន​គ្នា​ចំនួន ១៩នាក់នៅ​ក្រុង​ប៉ាតាយ៉ា (Pattaya) ក្នុង​នោះ​មាន​កុមារ​ចំនួន ៩នាក់។ អាជ្ញាធរ​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​ប្រកប​របរ​សុំទាន​ធ្វើ​ជា​អាជីព​ប្រចាំថ្ងៃ ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​ប្រាក់ចំណូល​ខ្ពស់ រហូត​ដល់​មាន​លទ្ធភាព​ជួល​បន្ទប់​ជួល​ម៉ាស៊ីនត្រជាក់ ដែល​មាន​តម្លៃ​ថ្លៃ​សម្រាប់​ស្នាក់នៅ។ក្នុង​នោះ​អាជ្ញាធរ​បាន​រក​ឃើញ​លុយ​សុទ្ធ​ជាង ១ម៉ឺន​ដុល្លារ និង​លុយ​នៅ​ក្នុង​គណនី​ធនាគារ​ជាង ៣ម៉ឺន​ដុលា្លរ​ផ្សេង​ទៀត ដែល​អាជ្ញាធរ​អះអាង​ថា លុយ​ទាំង​នោះ គឺ​បាន​មក​ពី​ការ​សុំទាន។ បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​កុមារ​ទាំង ៩នាក់​ទៅ​មណ្ឌល​ថែទាំ​ក្មេង ចំណែក​ឯ​មនុស្សចាស់​ទាំង ១០នាក់ ត្រូវ​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​អនុវត្ត​ច្បាប់។

មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន លើកឡើង​ថា តាមរយៈ​ការ​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​សុំទាន​នៅ​ប្រទេស​ថៃ ពួកគេ​បាន​អះអាង​ថា​បាន​ចាញ់បោក​មេខ្យល់ ឬ​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ ហើយ​គ្មាន​លុយ ក៏​បាន​បង្ខំចិត្ត​ដើរ​សុំទាន ដើម្បី​រក​ប្រាក់​ធ្វើ​សោហ៊ុយ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ។ ទោះជា​បែបនេះ​ក្ដី លោក​ស្នើ​ឱ្យ​កុងស៊ុល និង​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ចុះ​ត្រួតពិនិត្យ​បញ្ហា​នេះ ដើម្បី​ចាប់​បញ្ជូន​អ្នកសុំទាន​ក្លែងក្លាយ​ត្រឡប់​មក​កម្ពុជា​វិញ និង​ជួយ​សង្គ្រោះ​ពលករ​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​ច្បាប់​ការងារ ពីសំណាក់​ថៅកែ​ថៃ កុំ​ឱ្យ​ធ្លាក់ខ្លួន​រហូត​ដល់​ថ្នាក់​ដើរ​សុំ​ទាន។

លោក លឹង សុផុន៖ «ខ្ញុំ​ឃើញ​មែន ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ដើរ​ជា​លក្ខណៈ​ជនអនាថា សួរ​ទៅ​មិន​ដឹង​ថា​ទៅ​ខាងណា​នោះ​ទេ អ្នកខ្លះ​ទៅ​ថា​ប្ដី​លែងលះ​អ៊ីចឹង​ទៅ។ ខ្ញុំ​ធ្លាប់​ឃើញ​ដែរ ថ្មីៗ កន្លងមក»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក ឈឹម វិបុល និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ។

យ៉ាងណា​ក៏ដោយ​ចុះ កន្លងមក អាជ្ញាធរ​ថៃ បាន​រក​ឃើញ​អ្នក​សុំទាន ដែល​មាន​សញ្ជាតិ​ខ្មែរ ជា​ក្រុមៗ នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ពួក​គេ​បាន​ចងក្រង​គ្នា​ជា​បណ្ដាញ និង​មាន​មេខ្លោង​ចាំ​ទម្លាក់​ពួកគេ​នៅ​តាម​ទីតាំង​គោលដៅ ដែល​មាន​មនុស្ស​ច្រើន ដូចជា​នៅ​តាម​តំបន់​ទេសចរណ៍ ស្ពាន​អាកាស​ថ្មើរជើង​ក្នុង​ទីប្រជុំជន និង​នៅ​តាម​ផ្សារ​ជាដើម។ អាជ្ញាធរ​ថៃ រក​ឃើញ​ថា អ្នក​សុំ​ទាន​ទាំង​នោះ បាន​ប្រើប្រាស់​ភាព​ចាស់ជរា ពិការភាព និង​កុមារ ដើម្បី​ទាក់ទាញ​ក្ដី​អាណិត ពី​អ្នក​ឱ្យ​ទាន។ ពួកគេ​ទាំង​នោះ បាន​ជ្រើសរើស​ការ​សុំទាន​ជា​មុខរបរ ដោយ​ក្នុង​មួយថ្ងៃ​ពួកគេ​អាច​សុំ​បាន​ប្រាក់​ជា​ច្រើន។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណី​ពលរដ្ឋ​ខ្មែរ​សុំទាន​នៅ​ប្រទេស​ថៃ គឺជា​រឿង​អាណោចអាធ័ម ប៉ុន្តែ​ការ​យក​កុមារ​ទៅ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​រកស៊ី នេះ​គឺជា​ការ​រំលោភ​សិទ្ធិ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក អំ សំអាត៖ «រូបភាព​ទាំង​នេះ ក៏​មិនសូវ​ជា​ល្អ​ដែរ​សម្រាប់​កម្ពុជា​យើង។ ព្រោះ​កន្លង​មក ថៃ​ក៏ដោយ ប្រទេស​ជិតខាង​ផ្សេងទៀត​ក៏ដោយ ក៏​មាន​ការ​ចាប់​បញ្ជូន​ការ​ដែល​យក​ក្មេងៗ ធ្វើ​របរ​សុំទាន។ អ៊ីចឹង​ក៏​មាន​ការ​ចាប់​បញ្ជូន​មក​កម្ពុជា​ច្រើន​នាក់​ហ្នឹង ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ដែរ»

កាលពី​ខែ​មីនា ឆ្នាំ២០២៤ អ្នករាយការណ៍​វិទ្យុ​អាស៊ី​សេរី បាន​សន្ទនា​ជាមួយ​កុមារ​ដើរ​សុំទាន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​មេខ្យល់​ជួញដូរ និង​ចាក់ថ្នាំ​ធ្វើ​ឱ្យ​ពិការ ដើម្បី​ទទួល​បាន​ក្ដី​អាណិត ពី​អ្នកដំណើរ ចំណែក​មួយ​ចំនួន​ទៀត​ត្រូវ​ឪពុកម្ដាយ​បញ្ជូន​មក​ឱ្យ​សុំទាន​ដើម្បី​ជួយ​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ។ ក្មេងៗ ទាំង​នោះ មិន​បាន​ទទួល​ការ​អប់រំ ការ​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​ឡើយ រហូត​មក​ដល់​ពេល​នេះ​ពួក​គេ​មួយ​ចំនួន បាន​ធ្លាក់​ខ្លួន​សេព​គ្រឿងញៀន និង​ប្រព្រឹត្ត​បទ​ចោរកម្ម​ទាំង​វ័យ​ក្មេង​ថែម​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​ទីផ្សារ​ការងារ​នៅ​ក្នុង​ស្រុក​ឱ្យ​សម្បូរ​បែប ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ខុសច្បាប់ និង​សុំទាន​នៅ​ក្រៅ​ប្រទេស ឱ្យ​ដូច​ទៅ​នឹង​មហិច្ឆតា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles