ក្រសួងសុខាភិបាលព្រមានពីការកើនឡើងវិញនូវជំងឺកញ្ជ្រឹលនៅតាមសាលារៀន និងខេត្តជាប់ព្រំដែន

កម្ពុជា
21/12/2024 – 09:31
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

ក្រសួងសុខាភិបាលបានព្រមានពីការកើនឡើងវិញនូវជំងឺកញ្ជ្រឹលនៅតាមសាលារៀន និងខេត្តមួយចំនួនតាមព្រំដែនជាបន្ដបន្ទាប់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៤មកនេះ។ ជាការកត់សម្គាល់ ការកើនឡើងនូវជំងឺឆ្លងមួយប្រភេទនេះ ដោយសារតែអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលបានធ្លាក់ចុះ អំឡុងពេលផ្ទុះការរាតត្បាតនៃជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលព្រមានពីការកើនឡើងវិញនូវជំងឺកញ្ជ្រឹលនៅតាមសាលារៀន និងខេត្តជាប់ព្រំដែន


តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ជំងឺកញ្ជ្រឹលដែលជាជំងឺឆ្លងរាលដាលលឿនតាមផ្លូវដង្ហើម បានកំពុងផ្ទុះរាលដាលឡើងវិញនៅក្នុងប្រទេសកម្ពុជារួមជាមួយប្រទេសជិតខាង ពិសេសនៅតាមសាលារៀន។ ជំងឺនេះអាចបង្កទៅជាជំងឺធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតបាន បើសិនអ្នកឆ្លងជាកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។

ក្រសួងសុខាភិបាលអះអាងពីការរកឃើញករណីវិជ្ជមាននូវជំងឺកញ្ជ្រឹល នៅក្នុងប្រទេសកម្ពុជា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ថា មានអ្នកឆ្លងជំងឺនេះសរុបដល់ទៅ ៣៧៥ករណី ក្នុងខេត្តចំនួន១៧ ហើយថាជនដែលងាយរងគ្រោះបំផុត គឺជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគគមន៍នៅតាមព្រំដែន។ តាមការពន្យល់ពីក្រសួងសុខាភិបាល ជំងឺកញ្ជ្រឹលឆ្លងខ្លាំងណាស់តាមរយៈផ្លូវដង្ហើម ព្រោះមេរោគកញ្ជ្រឹលមានភាពសកម្មរហូតដល់ទៅ២ម៉ោងក្នុងបរិយាកាស។ បន្ទាប់ពីឆ្លងវីរុស រោគសញ្ញានៃជំងឺនេះ នឹងចាប់ផ្ដើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ តែមុនដល់ពេលចេញជារោគសញ្ញា នៅចន្លោះពី៤ ទៅ៧ថ្ងៃ ជំងឺនេះបានបង្ហាញអការៈឱ្យដឹងមួយចំនួនផងដែរដូចជា ហៀរសំបោរ ក្អក ភ្នែកក្រហម និងហូរទឹកភ្នែក ព្រមទាំងមានចំណុចពណ៌ស តូចៗនៅខាងក្នុងថ្ពាល់។

ទោះជាយ៉ាងណារោគសញ្ញាចម្បងនៃជំងឺកញ្ជ្រឹល ត្រូវបានក្រសួងសុខាភិបាលរំលេចថា គឺមានកន្ទួលក្រហមលើស្បែក លើមុខ និងផ្នែកខាងលើនៃក ហើយឡើងកន្ទួលរហូតដល់ពេញរាងកាយទាំងមូល ព្រមទាំងដៃនិងជើង។ តែកន្ទួលក្រហមទាំងនោះនឹងរលុបបាត់ទៅវិញក្នុងអំឡុងពេល៥ទៅ៦ថ្ងៃ បន្ទាប់ពីឆ្លងមេរោគហើយ។

ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកញ្ជ្រឹល ក្រសួងសុខាភិបាលបានណែនាំឱ្យចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលចំនួន២ដងនៅវ័យកុមារភាព និងឱ្យអាណាព្យាបាលនាំកុមារអាយុចន្លោះពី៩ខែ ដល់៥៩ខែ ឬក្រោម៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល-ស្អូច ឱ្យបានគ្រប់ដូស។

ក្រសួងសុខាភិបាលព្រមានពីការកើនឡើងវិញនូវជំងឺកញ្ជ្រឹលនៅតាមសាលារៀន និងខេត្តជាប់ព្រំដែន
ក្រសួងសុខាភិបាលព្រមានពីការកើនឡើងវិញនូវជំងឺកញ្ជ្រឹលនៅតាមសាលារៀន និងខេត្តជាប់ព្រំដែន © មន្ទីរពេទ្យគន្ធបុប្ផា

តាមក្រសួងសុខាភិបាល កាលពីថ្ងៃទី៣១ តុលាឆ្នាំ២០២៤ ក្រសួងបានដាក់ចេញនូវយុទ្ធនាការផ្ដល់វ៉ាក់សាំងបន្ថែមបង្ការជំងឺកញ្ជ្រិល-ស្អូច ក្នុងក្របខណ្ឌទូទាំងប្រទេសដល់កុមារចន្លោះអាយុ៩ខែ ដល់ក្រោម៥ឆ្នាំ និងបន្តចាក់មកដល់ពេលបច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ពីជំងឺកញ្ជ្រឹល។

គួរឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹលនៅបណ្ដាប្រទេសជាច្រើន ទាំងនៅក្នុងតំបន់ និងលើពិភពលោក។ នេះបើតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក ។ អង្គការនេះបានបញ្ជាក់ថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ទើបធ្វើឱ្យអត្រាគ្របដណ្ដប់វ៉ាក់សាំងជំងឺនៃកញ្ជ្រឹលបានធ្លាក់ចុះ និងនាំឱ្យជំងឺកញ្ជ្រឹលកើនឡើងវិញ៕

What Next?

Recent Articles