ជនជាតិវៀតណាម៨នាក់ត្រូវបានជួយសង្គ្រោះចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅលើភ្នំបូកគោ

កម្ពុជា
ឆបោកតាមប្រព័ន្ធអនឡាញ
21/12/2024 – 11:35
ដោយ៖ សាំ ឧត្តម
RFI

ជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាជួយសង្គ្រោះ និងបញ្ចូនទៅវៀតណាមវិញ ក្រោយរងគ្រោះពីការជួញដូរឱ្យមកធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសលើភ្នំបូកគោកាលពីអំឡុងខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមអត្ថបទចុះផ្សាយដោយវិទ្យុអាស៊ីសេរីជាភាសាវៀតណាមកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៨នាក់បានអះអាងថា ពួកគេរងការធ្វើទារុណកម្មធ្ងន់ធ្ងរ បន្ទាប់ពីបានរាយការណ៍ទៅកាន់ក្រុមគ្រួសារ និងសមត្ថកិច្ចឱ្យមកជួយសង្គ្រោះ។

ជនជាតិវៀតណាម៨នាក់ត្រូវបានជួយសង្គ្រោះចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅលើភ្នំបូកគោ


យោងតាមសាច់រឿងដែលជនរងគ្រោះឈ្មោះ Tu Anh Tu បានបញ្ជាក់មកវិទ្យុអាស៊ីសេរីជាភាសាវៀតណាម គឺរូបគេ និងមិត្តភក្តិ៧នាក់ផ្សេងទៀត ទទួលបានការងារជាបុគ្គលិកកាស៊ីណូមួយកន្លែងនៅក្រុងបាវិតខេត្តស្វាយរៀង។ តែភ្លាមៗនោះ លោក Tu Anh Tu ពុំទាន់ដឹងថា រូបគេត្រូវបានលក់ឱ្យមកធ្វើការជាអ្នកឆបោកតាមអនឡាញនោះទេ រហូតដល់ពួកគេធ្វើដំណើរចូលដល់តំបន់ពិសេសមួយក្នុងក្រុងបាវិតដែលមានរបងថ្មកំពស់ជាង១០ម៉ែត្រហ៊ុមព័ន្ធដោយបន្លាលួសពីលើ និងមានសន្តិសុខយ៉ាងតិច៦នាក់ឈរយាមការពីក្រៅ។

ជនរងគ្រោះដដែលបានបន្តថា ក្រោយរូបគេមកដល់ទីតាំងកាស៊ីណូលបានប៉ុន្មានថ្ងៃ ក៏ត្រូវខាងកាស៊ីណូប្រាប់ឱ្យគ្នីគ្នាពួកគេទាំង៨នាក់រួមនឹងមនុស្សជាង១០០នាក់ផ្សេងទៀតឡើងឡានក្រុងដើម្បីធ្វើដំណើរទៅលើភ្នំបូកគោជាទីដែលមជ្ឈមណ្ឌលឆបោកតាមអនឡាញកំពុងធ្វើប្រតិបត្តិការក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងខ្លឹមសារចុះផ្សាយដោយវិទ្យុអាស៊ីសេរីជាភាសាវៀតណាមានឱ្យដឹងថា លោក Tu Anh Tu បានព្យាយាមទាក់ទងមកក្រុមគ្រួសារ និងសមត្ថកិច្ចជារៀងរាល់ថ្ងៃដើម្បីផ្តល់ព័ត៌មានពីទីតាំង និងវិធីសាស្ត្រដែលអាចជួយសង្គ្រោះពួកគេបាន។ តែយ៉ាងណា ក្នុងរយៈពេល១ខែក្រោយមក ជនរងគ្រោះទាំង៨នាក់ត្រូវបានមេការធំហៅទៅសួរនាំថា នរណាជាអ្នករាយការណ៍ទៅកាន់សមត្ថកិច្ច ខណៈមានសមត្ថកិច្ចជាច្រើនឡោមព័ទ្ធពីមុខខ្លោងទ្វារខាងក្រៅអគារ។

តាមប្រភពដដែល ក្រោយការសាកសួរបានបញ្ចប់លោក Tu Anh Tu ត្រូវរងការធ្វើទារុណកម្មដោយដំបងឆក់ និងការវាយដំធ្ងន់ធ្ងរ។ តែក្រោយមក មនុស្សចំនួន៥នាក់ត្រូវបានដោះលែង​ ខណៈលោក Tu Anh Tu និងមិត្តភក្តិ២នាក់ទៀតត្រូវបានបង្ខាំងទុកដដែល និងបានដឹកចុះពីភ្នំបូកគោដើម្បីបញ្ចូនទៅទីតាំងផ្សេង។ តែអំឡុពេលធ្វើដំណើរចុះពីលើភ្នំក៏ត្រូវសមត្ថកិច្ចចាប់ស្ទាក់រថយន្តនោះ ដោយបានជួយសង្គ្រោះលោក Tu Anh Tu និងមិត្តភក្តិ២នាក់ និងថា បច្ចុប្បន្នជនរងគ្រោះក៏បានបញ្ចូនទៅប្រទេសវៀតណាមកាលពីខែវិច្ឆិការួចហើយដែរ។

រូបភាពផ្កាយរណបដែលបង្ហាញពីទីតាំងឆបោកតាមប្រព័ន្ធអនឡាញ
រូបភាពផ្កាយរណបដែលបង្ហាញពីទីតាំងឆបោកតាមប្រព័ន្ធអនឡាញ © RFA Vietnamese

ជុំវិញករណីនេះ វិទ្យុបារាំងអន្តរជាតិ RFI នៅមិនទាន់អាចសុំការបំភ្លឺពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងលោក ភូ លិ អភិលរងខេត្តកំពតបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ។

សូមជម្រាបថាកាលពីខែសីហា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍មួយដោយបានរកឃើញថា នៅកម្ពុជាមានមនុស្សជាង១០ម៉ឺននាក់បានរងគ្រោះពីករណីឆបោកតាមប្រព័ន្ធអនឡាញ៕

What Next?

Recent Articles