ដោយ ប្រាជ្ញ ចេវ
2024.12.28
RFA

អគារស៊ីណូ ក្រោន (Crown Resort) របស់ឧកញ៉ា កុក អាន នៅក្រុងប៉ោយប៉ែត ខេត្តបន្ធាយមានជ័យ។ រូប៖ គេហទំព័រ Crown Resort
ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃ បានបើកការស៊ើបអង្កេត និងបានរកឃើញទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Call Center) មួយកន្លែងនៅអគារ ២៥ជាន់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចការចង្អុលបង្ហាញរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពិតប្រាកដមែន។ សង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរប្រទេសថៃឱ្យបានឆាប់រហ័ស ព្រោះបើនៅតែពន្យារពេលទៀតនោះឧក្រិដ្ឋជនអាចនឹងរត់គេចខ្លួនបាត់។
ក្រោយពេលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបង្ហើបពីទីតាំងឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មក កម្លាំងសមត្ថកិច្ចថៃ បានបើកប្រតិបត្តិការស៊ើបអង្កេតភ្លាមៗ ខណៈអាជ្ញាធរកម្ពុជា នៅមិនទាន់បង្ហាញពីកិច្ចសហប្រតិបត្តិការនៅឡើយ។
មេបញ្ជាការប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃ បានថ្លែងប្រាប់សារព័ត៌មានថៃ កាលពីថ្ងៃទី២៥ ខែធ្នូ អំពីប្រតិបត្តិការរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ (Call Center) និងប្រតិបត្តិការគណនីធនាគារខុសច្បាប់ នៅក្នុងអគារ ២៥ជាន់ ចំនួន២ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចថៃបានបង្ហាញលទ្ធផលស៊ើបអង្កេតថា ម្ចាស់អាគារនៅក្នុងក្រុងប៉ោយប៉ែត បានជួលអាគារទាំងនេះ ឱ្យទៅក្រុមឧក្រិដ្ឋជនជនជាតិចិន សម្រាប់ធ្វើជាកន្លែងប្រតិបត្តិការឆបោកតាមអនឡាញ ដោយមានអ្នកជាប់ឃុំក្នុងអាគារចំនួន ១២៥នាក់ ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខំឱ្យឆបោកជនរងគ្រោះតាមអ៊ីនធឺណិត។
ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃ បញ្ជាក់បន្ថែមថា អាគារប្រតិបត្តិការឆបោកក្នុងក្រុងប៉ោយប៉ែត នេះ បែងចែកជា ២ផ្នែក គឺផ្នែកទី១ ជាកន្លែងឆបោកតាមអ៊ីនធឺណិត ដែលមានជនឆបោកធ្វើការនៅតាមបន្ទប់ ដោយពួកគេខ្លះ បន្លំខ្លួនជាមន្ត្រីប៉ូលិស ខ្លះជាបុគ្គលិកធនាគារ និងខ្លះទៀតជាភ្នាក់ងារប្រៃសណីយ៍ ឬអ្នកដឹកជញ្ជូនជាដើម។ ដោយឡែកផ្នែកទី២ គឺជាកន្លែងប្រតិបត្តិការ គេហទំព័រល្បែង និងកាស៊ីណូអនឡាញខុសច្បាប់។
ប្រតិបត្តិការស៊ើបអង្កេតរបស់ស្ថាប័នប៉ូលិសនេះ ធ្វើឡើងបន្ទាប់ពីមានការចង្អុលបង្ហាញពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) កាលពីថ្ងៃទី២៤ ខែធ្នូ អំពីទីតាំងក្រុមឆបោក និងចាប់ជំរិតដែលមានមូលដ្ឋាននៅក្នុងក្រុងប៉ោយប៉ែតប្រទេសកម្ពុជា និងក្រុង មីយ៉ាវ៉ាឌី (Myawaddy) ក្នុងប្រទេសមីយ៉ាន់ម៉ា។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ លើកឡើងថា ប្រសិនបើអាជ្ញាធរប្រទេសទាំង២ មិនអាចដោះស្រាយករណីនេះបានទេ នោះលោកនឹងស្នើទៅកាន់រដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីបញ្ជូនកម្លាំងសមត្ថកិច្ចថៃឱ្យទៅចាត់វិធានការដោយខ្លួនឯង។
អគារចំនួន២ ដែលកម្លាំងសមត្ថកិច្ចថៃរកឃើញថា ជាទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញនោះ គឺជាអគាររបស់ កាស៊ីណូក្រោន (Crown Casino) របស់ឧកញ៉ា កុក អាន ដែលជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន អានកូ គ្រុប (ANCO GROUP) ដែលគេស្គាល់ថា ជាឧកញ៉ារកស៊ីខាងល្បែងស៊ីសង ហើយមានកាស៊ីណូ និងរីសតនៅក្រុងប៉ោយប៉ែត និងនៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ និងវៀតណាម។
កន្លងមក ឧកញ៉ា កុក អាន ត្រូវបានគេរកឃើញថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកទ្រង់ដែលមានលក្ខណៈទ្រង់ទ្រាយធំ។ ជាឧទាហរណ៍ របាយការណ៍ស៊ើបអង្កេតស្ដីពី ទាសករតាមប្រព័ន្ធអ៊ីនធឺណិត (Internet) នៅកម្ពុជារបស់ស្ថាប័នសារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) បានលាតត្រដាងដោយស្រង់សម្ដីជនរងគ្រោះថា បរិវេណតំបន់អគារ ក្រោន អ៊ីនដាស្ទ្រៀល ផាក (Crown Industrial Park) នៅខេត្តព្រះសីហនុ ក្នុងនោះម្ចាស់ក្រុមហ៊ុនក្រោន រីសត (Crown Resorts) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរបស់ លោក កុក អាន គឺជាបនល្បែងខុសច្បាប់ និងឆបោកតាមអនឡាញ (Online) ដែលមានជនរងគ្រោះចំនួន ២ពាន់ (២.០០០) ទៅ ៣ពាន់នាក់ (៣.០០០) ត្រូវគេបង្ខាំងឱ្យធ្វើការឆបោក។
ប្រភពដដែល បញ្ជាក់ថា ក្រុមឆបោកបានយកជនរងគ្រោះទាំងនោះទៅឃុំក្នុងអគារ ដោយមានឆ្មាំសន្តិសុខដែលពាក់ឯកសណ្ឋានមានផ្លាកសញ្ញាផ្គត់ផ្គង់ទឹកឈ្មោះ អានកូ (Andco Water Supply Co., Ltd.) របស់លោក កុក អាន យាមកាមយ៉ាងតឹងរ៉ឹង មិនឱ្យពួកគេអាចចុះបានសូម្បីតែជាន់ផ្ទាល់ដីឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោក ព្រហ្ម ពិសិដ្ឋ និងតំណាងក្រុមហ៊ុន អានកូគ្រុប ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែធ្នូ។
ទាក់ទិនរឿងនេះ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោក ស៊ា សៅឌី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែធ្នូ ថា លោកបានរាយការណ៍ពីករណីឆបោកតាមអនឡាញនេះ ទៅកាន់ថ្នាក់លើហើយ ប៉ុន្តែនៅមិនទាន់មានសកម្មភាពនៅឡើយ។
លោក ស៊ា សៅឌី៖ «ខ្ញុំបានរាយការណ៍ជូនគាត់(ថ្នាក់លើ) រួចហើយ។ អ៊ីចឹងវេននេះ វេនគេផ្សេង»។
ទោះជាយ៉ាងណា អគ្គស្នងការនគរបាលជាតិថៃ (Royal Thai Police) ឱ្យដឹងថា ភាគីថៃកំពុងផ្លាស់ប្ដូរព័ត៌មាន និងស្នើសុំការអនុញ្ញាតពីភាគីកម្ពុជា ដើម្បីចូលទៅធ្វើប្រតិបត្តិការក្នុងករណីឆបោកនេះ។ ចំណែកខាងប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាថៃវិញ បានស្នើសុំកិច្ចអន្តរាគមន៍នេះ ពីអាជ្ញាធរចិន ព្រោះករណីនេះជាប់ពាក់ព័ន្ធនឹងមេខ្លោងជនជាតិចិន ដែលពួកគេមានបណ្ដាញជាច្រើនកន្លែងផ្សេងទៀត។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ស្នើឱ្យអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរប្រទេសថៃឱ្យបានឆាប់រហ័ស ព្រោះបើនៅតែពន្យារពេលទៀតនោះ ឧក្រិដ្ឋជនអាចនឹងរត់គេចខ្លួនបាត់។
លោក នី សុខា៖« ពីព្រោះថារឿងទាំងអស់នេះ គឺជារឿងមួយដែលត្រូវធ្វើការលក្ខណៈបន្ទាន់ លក្ខណៈសម្ងាត់ហើយក៏ដូចជាមានលក្ខណៈប្រុងប្រយ័ត្ន បើមិនអ៊ីចឹងទេ យើងមិនអាចទៅរកឃើញឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើសហ្នឹងបានទេ។ អ៊ីចឹងសមត្ថកិច្ចខ្មែរគួរតែមានវិធានការឱ្យបានលឿនឆាប់រហ័ស ហើយនិងឱ្យបានសម្ងាត់បំផុត ដើម្បីធ្វើយ៉ាងណាឆ្លើយតបឱ្យបានត្រឹមត្រូវ។ បើមិនអ៊ីចឹងទេ នោះវាធ្វើឱ្យមានការជះឥទ្ធិពលមិនល្អទៅដល់សមត្ថកិច្ចយើងផង មកដល់ប្រទេសកម្ពុជាយើងផង»។
គិតមកដល់ពេលនេះ អគារកាស៊ីណូក្រោន (Crown Casino) របស់ឧកញ៉ា កុក អាន នៅតែបន្តបើកដំណើរការជាធម្មតា ដោយពុំមានកងកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចូលឆែកឆេរនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។