របាយការណ៍សមាគមធាងត្នោត៖ ការគ្រប់គ្រងសំរាម សំណល់រឹងក្រុងភ្នំពេញនៅតែចោទជាបញ្ហា

កម្ពុជា
28/12/2024 – 09:48
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅក្នុងរបាយការណ៍ថ្មីមួយទៀតរបស់ខ្លួន សមាគមធាងត្នោតបានលើកឡើងថា ក្នុងឆ្នាំ២០២៤ ការគ្រប់គ្រងសំរាម សំណល់រឹង ទាំងនៅ លំនៅឋានក្រីក្រ និងទីតាំងលំនៅឋានទូទៅ ក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាចោទ។ បញ្ហាចោទ ព្រោះថា រាជធានីភ្នំពេញ នៅតែខ្វះខាតកន្លែងទុកដាក់សំរាម ខ្វះការយល់ដឹងពីការបែងចែកសំរាម និងភាពមិនស៊ីសង្វាក់គ្នានៃសេវាកម្មប្រមូលសំរាម។ សាលារាជធានីភ្នំពេញបានប្រតិកម្មនឹងរបាយការណ៍របស់សមាគមធាងត្នោត ដោយចាត់ទុកថា មិនបានឆ្លុះបញ្ជាំងពីតថភាពជាក់ស្ដែងក្នុងក្រុងភ្នំពេញ។

របាយការណ៍សមាគមធាងត្នោត៖ ការគ្រប់គ្រងសំរាម សំណល់រឹងក្រុងភ្នំពេញនៅតែចោទជាបញ្ហា


ក្នុងរបាយការណ៍កម្រាស់៤១ទំព័រ សមាគមធាងត្នោតបានលើកឡើងថា ទាំងនៅទីតាំងលំនៅឋានក្រីក្រ និងទីតាំងលំនៅឋានទូទៅក្នុងក្រុងភ្នំពេញ បញ្ហាសំរាម និងសំណល់រឹង នៅតែជាបញ្ហាដែលកំពុងប្រឈម។ ទាំងនេះក៏ដោយសារតែ ប្រសិទ្ធភាពក្នុងការប្រមូលសំរាម ចំណេះដឹងពីការគ្រប់គ្រងសំរាម ហើយនិងអភិបាលកិច្ចលើការគ្រប់គ្រងសំរាម និងសំណល់រឹងនៅមានចន្លោះខ្វះខាត។

បើតាមសមាគមធាងត្នោត មានប្រជាជនដល់ទៅ២៦% ដែលសមាគមបានសម្ភាសន៍ ទាំងនៅទីតាំងលំនៅឋានក្រីក្រ និងទីតាំងលំនៅឋានទូទៅ បាននិយាយថា ពួកគេកំពុងប្រឈមនឹងកង្វះកន្លែងទុកដាក់សំរាម ឬចោលសំរាម ដែលជាហេតុធ្វើឱ្យការចោលសំរាមមានភាពអនាធិបតេយ្យ ហើយបង្កជាផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ចំណែកការយល់ដឹងជាសាធារណៈ និងអនុលោមទៅតាមការបែងចែកសំរាម និងសំណល់រឹងរបស់ប្រជាពលរដ្ឋក្នុងក្រុងវិញ នៅមានកម្រិតនៅឡើយ។ ក្នុងចំណោមប្រជាជនប្រមាណ២០៣គ្រួសារដែលសមាគមធាងត្នោតបានសម្ភាសន៍ ទាំងនៅតំបន់ក្រីក្រ និងនៅលំនៅឋានទូទៅ មានតែ៣១% ប៉ុណ្ណោះដែលបានបែងចែកសំរាម និងសំណល់រឹងជាទៀងទាត់ ។

សមាគមធាងត្នោតមិនភ្លេចបញ្ជាក់ពីបញ្ហាចម្បងមួយទៀតដែលនាំឱ្យការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញជួបបញ្ហា នោះគឺភាពមិនស៊ីសង្វាក់គ្នានៃសេវាកម្មប្រមូលសំរាម។ ប្រជាជន៧០% ដែលជាប្រភពរបស់សមាគនធាងត្នោត បានលើកឡើងថា ការបញ្ចេញសំរាម និងប្រមូលសំរាមរបស់សេវាកម្មប្រមូលសំរាមគឺមិនទៀងទាត់ពេល ឬច្បាស់លាស់នោះទេ ពិសេសនៅលើផ្លូវតូចៗដែលឡានដឹកសំរាមមិនងាយចូលទៅដល់។

ជាការកែលម្អ សមាគមធាងត្នោតបានស្នើឱ្យបង្កើតជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីឱ្យអ្នកប្រើប្រាស់សេវាសំរាម លើកពីកង្វល់របស់ខ្លួន និងមានការសហការដោះស្រាយ។ ចំពោះសមាគមធាងត្នោត របាយការណថ្មីនេះ មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងសំរាម និងសំណល់រឹងឱ្យមានប្រសិទ្ធភាព និងសមធម៌នៅក្នុងទីក្រុង ព្រមទាំងផ្តល់នូវផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នកពាក់ព័ន្ធនានា ក្នុងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ។

របាយការណ៍សមាគមធាងត្នោត៖ការគ្រប់គ្រងសំរាម សំណល់រឹងក្រុងភ្នំពេញនៅតែចោទជាបញ្ហា
របាយការណ៍សមាគមធាងត្នោត៖ការគ្រប់គ្រងសំរាម សំណល់រឹងក្រុងភ្នំពេញនៅតែចោទជាបញ្ហា © រដ្ឋបាលរាជធានីភ្នំពេញ

ប៉ុន្តែ សាលាក្រុងភ្នំពេញបានប្រតិកម្ម ដោយចាត់ទុកថា របាយកាណ៍របស់សមាគមមិនបានឆ្លុះបញ្ចាំងពីតថភាពទាំងស្រុងនៃក្រុងភ្នំពេញ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃនេះថា របាយការណ៍សមាគមធាងត្នោតធ្វើការស្រាយជ្រាវ ផ្អែកទៅលើប្រភពតែជាង២០០គ្រួសារ។ ដូច្នេះ វាមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពរួមទីក្រុងភ្នំពេញបានឡើយ។ អ្នកនាំពាក្យរបស់សាលាក្រុងភ្នំពេញនៅបានចោទសួរទៅសមាគមធាងត្នោតវិញថា តើលើរបាយការណ៍របស់ខ្លួន សុក្រិតកម្រិតណា។

គួរជ្រាបដែរថា កាលពីដើមឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានណែនាំដល់ប្រជាពលរដ្ឋឱ្យទុកដាក់សំរាមនិងសំណល់រឹងឱ្យបានត្រឹមត្រូវ និងកំណត់ប្រភេទថង់ច្រកសំរាមសើម និងស្ងួត។ទន្ទឹមនឹងការណែនាំ សាលាក្រុងក៏បានព្រមានផាកពិន័យចំពោះអ្នកល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជន និងព្រមានចាត់វិធានការរដ្ឋបាលផ្សេងៗ បើមិនស្ដាប់តាមការណែនាំ៕

What Next?

Recent Articles