ពលករស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញចូលព្រំដែនកម្ពុជា-ថៃ

កម្ពុជា
29/12/2024 – 10:36
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

ពលករខ្មែរបានស្នើឱ្យរដ្ឋាភិបាល បញ្ចុះតម្លៃបោះត្រាចេញចូលនៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់គ្រាន់ ។ តម្លៃបោះត្រាខ្ពស់ជាហេតុផលមួយធ្វើឲ្យមានការកកស្ទះខ្លាំង និងរង់ចាំយូរម៉ោង នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ អ្នកនាំពាក្យរបស់ក្រសួងការងារវិញបាននិយាយថា រដ្ឋាភិបាលថា មិនបានស្នើសុំការលើកលែងទិដ្ឋាការសម្រាប់ចូលកម្ពុជានោះទេ។ ដូច្នេះ ពលករកម្ពុជាត្រូវបង់ទៅតាមការកំណត់នៅច្រកទ្វារអន្តោប្រវេសន៍ ថៃ និងកម្ពុជា។

ពលករស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញចូលព្រំដែនកម្ពុជា-ថៃ


នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃសៅរ៍ទី ២៨ធ្នូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) បានសរសេរ និងបង្ហោះរូបភាព ពលករខ្មែរជាច្រើនរយនាក់ ដែលបានទៅរង់ចាំយ៉ាងយូរម៉ោង និងកកកុញនៅក្នុងអគារខាងថៃ ដើម្បីបោះត្រា (Re-Entry) ចូលមកកម្ពុជា ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៥។ មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFIនៅថ្ងៃទី២៩ធ្នូ នេះថា ការកកកុញនេះបណ្ដាលមកពីតម្លៃនៃការបោះត្រា (Re-Entry) ចូលមកកម្ពុជាមានភាពមិនប្រក្រតី។

ពលករដែលរង់ចាំបោះត្រាទាំងនោះ បានប្រាប់ទៅក្រុមការងារនៃអង្គការសង់ត្រាល់ថា តម្លៃនៃការបោះត្រា (Re-Entry) ចូលក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃពេក និងគ្មានលទ្ធភាពបង់។ ពលករបានស្នើឱ្យមន្ដ្រីពាក់ព័ន្ធជួយសម្រួលតម្លៃនៃការបោះត្រាចេញចូលមកកម្ពុជានោះ កុំឱ្យថ្លៃពេក ដើម្បីឱ្យពលករងាយស្រួលចូលមកប្រទេស និងមិនរង់ចាំយូរម៉ោង។

លោក ឡឹង សុផុន មន្ត្រីទទួលបន្ទុកពលករទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃបានបញ្ជាក់ថា នៅពេលមានកម្មវិធី ដូចជាចូលឆ្នាំសកល ឬចូលឆ្នាំខ្មែរជាដើម តែងតែមានការកកស្ទះពលករបែបនេះនៅច្រកព្រំដែនថៃកម្ពុជា។

ដើម្បីជួយសម្រួលនៅពេលបោះត្រា (Re-Entry) ចូលមកកម្ពុជា លោក សុផុន ស្នើឱ្យមន្ដ្រីរដ្ឋាភិបាលចុះទៅនៅកន្លែងបោះត្រាទាំងនោះ ដើម្បីពិនិត្យមើលភាពមិនប្រក្រតីមួយចំនួន និងអំពាវនាវឱ្យមន្ដ្រីរដ្ឋាភិបាលណែនាំដល់ពលករឲ្យធ្វើការបោះត្រា(Re-Entry) នៅតាមខេត្ត ឬតំបន់ដែលខ្លួនធ្វើការ ឬរស់នៅ មុនពេលឆ្លងព្រំដែន ដើម្បីជៀសវាងការកកស្ទះ។

ពលករស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញចូលព្រំដែនកម្ពុជា-ថៃ
ពលករស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញចូលព្រំដែនកម្ពុជា-ថៃ © សង់ត្រាល់

ពាក់ព័ន្ធនឹងបញ្ហានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ស្រដៀងគ្នាដែរថា ការកកស្ទះរបស់ពលករនៅច្រកព្រំដែន បណ្ដាលមកពីពលករមិនបានធ្វើការបោះត្រា (Re-Entry) នៅតាមខេត្ត ឬតំបន់ដែលរស់នៅឱ្យហើយ មុនពេលមកច្រកព្រំដែន ហើយពលករខ្លះមិនចេះបំពេញឯកសារ និងអ្នកខ្លះមិនមានឯកសារគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា មន្ដ្រីប្រព័ន្ធការងារនៅច្រកព្រំដែនបានជួយសម្របសម្រួលដល់ប្រជាពលរដ្ឋដោយសហការជាមួយភាគីថៃក្នុងកិច្ចការនេះ ដូចជាផ្តល់ទឹកសម្រាប់ពលករកំពុងរង់ចាំយូរជាដើម។

ចំណែករឿងស្នើសុំសម្រួលតម្លៃនៃការបោះត្រា លោកកត្តា អ៊នបានពន្យល់មកវិញថា ទាក់ទងនឹងដំណើរចេញចូលនៅដំណាច់ឆ្នាំនេះ កម្ពុជាមិនបានស្នើសុំការលើកលែងទិដ្ឋការជាមួយភាគីថៃឡើយ ហេតុនេះពលករត្រូវបង់ទៅតាមការកំណត់នៃការបោះត្រា (Re-Entry) របស់ថៃដែលមានតម្លៃ១ពាន់បាតក្នុងការចេញចូល១លើក និង៣ពាន់៨រយបាត សម្រាប់ការចេញចូលច្រើនដង។ ជាថ្មីម្តងទៀត លោក កត្តា អ៊ន បញ្ជាក់ថា ដើម្បីកុំឱ្យមានការកកស្ទះនៅព្រំដែន ពលករគួរតែបោះត្រាចូលប្រទេសវិញ (Re-Entry) នៅខេត្ត ឬតំបន់របស់ខ្លួនរស់នៅឱ្យហើយបានមុនការឆ្លងព្រំដែន៕

What Next?

Recent Articles