ដោយ ទីន ហ្សាការីយ៉ា
2024.12.29
RFA

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមលើកឡើងថា រដ្ឋាភិបាលត្រកូលហ៊ុនកំពុងយកថ្ងៃ២៩ ធ្នូ ដែលរដ្ឋាភិបាលចាត់ទុកជា «ទិវាសន្តិភាពនៅកម្ពុជា» មកពង្វក់ស្មារតីពលរដ្ឋខ្មែរឱ្យចងចាំពីគុណបំណាច់ក្លែងក្លាយរបស់លោក ហ៊ុន សែន។ ការលើកឡើងនេះគឺបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងប្រារព្ធខួបលើកទី២៦ឆ្នាំនៃទិវាសន្តិភាពនៅកម្ពុជាដើម្បីរំលឹកគុណលោក ហ៊ុន សែន ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់ទុកជាវីរបុរសសង្គ្រោះជាតិចេញពីសម័យខ្មែរក្រហម។ ក្រោយទទួលបានអំណាចពីឪពុកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ធ្នូ រៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីឧទ្ទិសដល់ឪពុករបស់លោកគឺ លោក ហ៊ុន សែន ដែលរដ្ឋាភិបាលអះអាងថា ជាអ្នកអនុវត្តគោលនយោបាយ «ឈ្នះ-ឈ្នះ» រហូតទាល់តែលែងមានសង្គ្រាមនៅកម្ពុជា។ នៅឆ្នាំដំបូងនៃការប្រារព្ធទិវានេះ គឺឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានរៀបចំឱ្យពលរដ្ឋរាប់ម៉ឺននាក់ចូលរួមអបអរសាទរដឹងគុណឪពុកលោក។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ ធ្នូ ថា ក្រុមគ្រួសារលោក ហ៊ុន សែន ប្រារព្ធទិវាសន្តិភាពនៅកម្ពុជានេះ ដើម្បីក្លែងបន្លំប្រវត្តិសាស្ត្រដោយឱ្យពលរដ្ឋដឹងគុណលោក ហ៊ុន សែន តែប៉ុណ្ណោះ។ លោកបន្តថា សព្វថ្ងៃនេះនៅកម្ពុជាគ្មានសន្តិភាពពិតប្រាកដនោះទេ ពីព្រោះរដ្ឋាភិបាលក្រោមការដឹកនាំរបស់គ្រួសារត្រកូលហ៊ុន តែងបង្ក្រាបលើពលរដ្ឋ និងចាប់ចងក្រុមអ្នករិះគន់ដាក់គុកច្រវាក់ជាបន្តបន្ទាប់។
លោក អ៊ំ សំអាន៖ «ខ្ញុំយល់ថា ជារឿងមួយដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនគួរថ្ងៃទី២៩ ធ្នូ ជាទិវាបុណ្យជាតិនោះទេគួរតែលុបចោលវិញទៅគួរតែយកថ្ងៃ២៣តុលា ជំនួសថ្ងៃហ្នឹងវិញទើបខ្មែរទូទាំងប្រទេសគេអបអរសាទរ។ ដោយធ្វើតែលោក ហ៊ុន សែន និងសម្រាប់តែក្រុមគ្រួសារខ្លួនឯងអ៊ីចឹង ពលរដ្ឋគេមិនអបអរសាទរនោះទេ។ ខ្ញុំយល់ថា គឺជាការលើកតម្កើងខ្លួនប្រជាភិថុតិខ្លួនឯងសម្រាប់តែក្រុមខ្លួនឯងតែប៉ុណ្ណោះឯង»។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងរូបនេះគឺបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងរៀបចំខួបលើកទី២៦ នៃទិវា «សន្តិភាពនៅកម្ពុជា» រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រដែលលោក ហ៊ុន សែន អះអាងថាបានរំដោះប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាម។
តំណាងឱ្យលោក ហ៊ុន ម៉ាណែត ដែលរៀបចំពិធីអបអរសាទរទិវាសន្តិភាពនេះគឺរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា។
លោកបានលើកឡើងនៅក្នុងកម្មវិធីទិវាសន្តិភាពថា គុណតម្លៃសន្តិភាព ស្មារតីស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម គឺជាខឿនការពារជាតិ និងទប់ស្កាត់បដិវត្តន៍ពណ៌ដែលលោកអះអាងថាបង្កឡើយដោយ «ក្រុមជ្រុលនិយម»។ ក្នុងកម្មវិធីដែលមានកងកម្លាំងចូលរួមប្រមាណ១ម៉ឺននាក់ (១០.០០០) នោះ លោក ទៀ សីហា បង្ហាញការដឹងគុណចំពោះការលះបង់ និងបូជាសាច់ស្រស់ឈាមស្រស់របស់លោក ហ៊ុន សែន ដូច្នេះលោកជឿទុកចិត្តចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលតម្កល់ផលប្រយោជន៍ជាតិជាធំ។
លោក ទៀ សីហា៖ «ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ជាពិសេសពលរដ្ឋខ្មែរទាំងអស់ឱ្យមើលឃើញពីតម្លៃសន្តិភាពឱ្យមើលឃើញរដ្ឋាភិបាលនីតិកាលទី៧នេះដឹកនាំដោយ លោក ហ៊ុន ម៉ាណែតគឺយើងផ្ដោតសំខាន់ទៅលើសន្តិភាព និងសុខដុមរមនារបស់កម្ពុជាជាពិសេសប្រជាជនកម្ពុជា។ ឃើញថា បណ្ដាញសង្គមមួយចំនួនបានបំផុសវាយតម្លៃព្យាយាមវាយតម្លៃមើលមករដ្ឋាភិបាល។ ខ្ញុំសូមឱ្យសាធារណជនក្រឡេកមើលនូវសមិទ្ធផលទាំងឡាយរបស់រដ្ឋាភិបាលដែលបានកសាង»។
ដោយឡែកនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ដដែលនេះក៏មានការប្រកួតបាល់ទាត់នៅក្នុងវិមានកីឡដ្ឋានមរតកតេជោដែលមានលោក ហ៊ុន ម៉ាណែត ជាអ្នកបើកកម្មវិធីដោយប៉ាន់ស្មានថាមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ (៥០.០០០)។
ទន្ទឹមគ្នានេះ ប្រធានព្រឹទ្ធសភា និងជាឪនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបង្ហោះសារនៅលើ គណនីហ្វេសប៊ុករបស់លោកដោយអួតអាងថា លោកជាមេដឹកនាំដែលបានបង្រួបបង្រួមជាតិ និងឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំ។ លោកក៏អំពាវនាវឱ្យអ្នកវិនិយោគមករកស៊ីនៅកម្ពុជាដោយលោកអះអាងថា កម្ពុជាមានសន្តិភាពពេញលេញ។ លើសពីនេះ ក៏មានមន្ត្រីហែហមរបស់លោក បានផ្ញើសារអបអរសាទរ និងតែងនិពន្ធបទចម្រៀងដើម្បីលើកសរសើរការលះបង់របស់លោក ហ៊ុន សែន។
កាលពីថ្ងៃទី១ ខែមករា រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាថ្ងៃប្រារព្ធទិវាសន្តិភាព និងជាថ្ងៃឈប់សម្រាកទូទាំងប្រទេសដើម្បីរលឹកគុណទៅដល់ឪពុកលោកដែលបានអនុវត្តនូវអ្វីមួយដែលរដ្ឋាភិបាលហៅថាជាគោលនយោបាយ «ឈ្នះ-ឈ្នះ» និងបង្ហាញពីការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មើលឃើញថា សារនយោបាយរបស់លោក ហ៊ុន សែន ដែលអួតអាងពីសុខសន្តិភាពពេញលេញនេះ គឺជារឿងឥតប្រយោជន៍ និងគ្មានតម្លៃសម្រាប់ជាតិ។ លោកបន្តថា ពាក្យទិវាសន្តិភាពនេះមិនឆ្លុះបញ្ចាំងពីការអនុវត្តរបស់រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុននោះឡើយ ពីព្រោះលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន តែងចាត់ទុកអ្នកមានមតិផ្ទុយពីរដ្ឋាភិបាលថាជាក្រុមក្បត់ជាតិ។
លោក ម៉ែន ណាត៖ «ចំណុចហ្នឹងយើងអាចនិយាយបានថា អាចបញ្ចប់ទាំងស្រុងបានក្នុងវិវាទជាមួយពួកខ្មែរក្រហមឆ្នាំ១៩៩៨ គឺក៏មានដំណើររឿងរបស់វាគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស អត់អាចបដិសេធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេកន្លែងចំណុចហ្នឹង លោក ហ៊ុន សែន គាត់ចង់លុបដានកិច្ចព្រមព្រៀងចោល ហើយគាត់យកពិន្ទុម្នាក់ឯងហ្នឹងជាគំនិតទុច្ចរិតមួយ»។
ក្រុមអ្នកជំនាញសន្តិភាព បានហៅសន្តិភាពនៅកម្ពុជានេះថាជាសន្តិភាពអវិជ្ជមាន ពោលគឺជាសន្តិភាពដែលគ្មានតែភ្លើងសង្គ្រាម តែពោរពេញទៅដោយអំពើហិង្សាជាប្រព័ន្ធនៅក្នុងសង្គមរាប់ចាប់តាំងពីអំពើហិង្សាផ្លូវកាយផ្លូវចិត្តលើក្រុមអ្នករិះគន់ អំពើហិង្សាផ្នែកនយោបាយ និងអំពើហិង្សាក្នុងសង្គម ជាពិសេសបង្កឡើងដោយការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាអាវុធរបស់បក្សកាន់អំណាច។ កន្លងទៅ ឪនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏ធ្លាប់សារភាពថាលោកមិនអាចធានាឱ្យមានសន្តិភាពផ្លូវចិត្តក្នុងចំណោមពលរដ្ឋទូទៅបានទេ។
រីឯ ស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ និងជាអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ធ្លាប់ហៅសន្តិភាពនៅកម្ពុជាថាជា «សន្តិភាពហិង្សា»។ កម្ពុជាជាប់ចំណត់ថ្នាក់ទី៧០ ក្នុងចំណោម១៦៣ប្រទេសនៅលើពិភពលោក នៅក្នុង សន្ទស្សន៍សន្តិភាពសាកល (2024 Global Peace Index) ឆ្នាំ២០២៤ ចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាព (Institute of Economics and Peace, IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី (Australia)។ ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងឱ្យឃើញថាស្ថានភាពសន្តិភាពនៅកម្ពុជាស្ថិតក្នុងកម្រិតមធ្យម ពោលគឺងាយរអិលធ្លាក់ក្នុងអំពើហិង្សាវិញ។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមយល់ឃើញថា ដើម្បីឱ្យពលរដ្ឋទទួលបានសុខសន្តិភាពពិតប្រាកដ រដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត គួរតែតម្កល់ផលប្រយោជន៍ជាតិជាធំ និងបង្រួបបង្រួមជាតិឡើងវិញដើម្បីធ្វើឱ្យពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។