ស្នងការនគរបាលខេត្តព្រៃវែង ទទួលស្គាល់កំហុសរឿងច្រឡំបាញ់ពលរដ្ឋ ដោយសង្ស័យថា ជាក្រុមចាប់ជំរិត

កម្ពុជា
កម្ពុជា-សង្គម
29/12/2024 – 09:23
ដោយ៖ សឹម ចាន់សំណាង
RFI

នៅក្នុងសេចក្តីបំភ្លឺចេញផ្សាយថ្ងៃទី២៨ ធ្នូ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបញ្ជាក់ថាខ្លួនកំពុងរៀបចំសំណុំរឿង ដើម្បីឲ្យជនរងគ្រោះអាចទាមទារសំណងផ្សេងៗតាមនីតិវិធីច្បាប់ បន្ទាប់ពីសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌបំផ្ទុះអាវុធ កាលពីថ្ងៃសុក្រទី២៧ ខែធ្នូ។ បើតាម ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សមត្ថកិច្ចបានទទួលស្គាល់កំហុសចំពោះការសម្រេចចិត្តបំផ្ទុះអាវុធ និងធ្វើឲ្យមានគ្រាប់ប្លាតទៅត្រូវប្រជាពលរដ្ឋឲ្យរងរបួស។

ស្នងការនគរបាលខេត្តព្រៃវែង ទទួលស្គាល់កំហុសរឿងច្រឡំបាញ់ពលរដ្ឋ ដោយសង្ស័យថា ជាក្រុមចាប់ជំរិត


ក្នុងសេចក្តីបំភ្លឺករណីសមត្ថកិច្ចបំផ្ទុះអាវុធនៅចំណុច កអណ្តើក ខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានលើកឡើងថា នៅក្នុងថ្ងៃទី២៧ ធ្នូ កម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាប់ជំរិតមួយ ក្នុងទឹកដីខេត្តស្វាយរៀង។ លុះពេលធ្វើដំណើរតាមផ្លូវ កម្លាំងសមត្ថកិច្ចបានពើបប្រទះនឹងឡានរបស់ជនល្មើសចាប់ជំរិតទារប្រាក់ ដូចកម្លាំងភ្នាក់ងារសម្ងាត់បានរាយការណ៍ និងថា សមត្ថកិច្ចបានព្យាយាមកៀរ ស៊ីផ្លេប្រាប់រថយន្តនោះឲ្យឈប់ជាច្រើនដង ប៉ុន្តែរថយន្តស្តារិចរបស់ជនរងគ្រោះមិនព្រមឈប់ទាល់តែសោះ។

យោងតាមសេចក្តីបំភ្លឺរបស់ស្នងការនគរបាលខេត្តព្រៃវែងដដែល នៅពេលដែលសមត្ថកិច្ចបានកាក់នៅពីមុខ រថយន្តរបស់ជនរងគ្រោះដែលប៉ូលិសសង្ស័យថា ជារថយន្តចាប់ជំរិត បានបើកថយក្រោយ បុករថយន្តរបស់កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ រួចបានបួងចង្កូតបើកគេចយ៉ាងលឿនចេញពីកន្លែងកើតហេតុ។ នេះជាមូលហេតុធ្វើឱ្យកម្លាំងនគរបាលលើកកាំភ្លើង បំផ្ទុះអាវុធ ក្នុងគោលបំណងធ្វើឱ្យរថយន្តសង្ស័យទៅមុខមិនរួច ប៉ុន្តែ នៅពេលនោះ គ្រាប់កាំភ្លើងបានប្លាតទៅត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បណ្តាលឱ្យរងរបួសធ្ងន់មួយនាក់។ ដោយឡែក នៅក្នុងរថយន្តសង្ស័យ មានអ្នករងរបួសម្រាមដៃម្នាក់ និងក្រៅពីនោះគ្មានរងរបួសនោះទេ។

ក្រុមគ្រួសាររបស់ជនរងគ្រោះបានបង្ហាញវីដេអូ និងសារតាមបណ្តាញសង្គមថា រថយន្តរបស់ពួកគេគឺជារថយន្តដែលដឹកកុមារម្នាក់បាក់ដៃ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ត្រង់ចំណុចនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបញ្ជាក់ថា រថយន្តដែលសមត្ថកិច្ចសង្ស័យ បានបិទស្ទិកគ័រ ខ្មៅពេញមួយជុំឡាន ទើបសមត្ថកិច្ចមិនអាចកំណត់បានថា ក្នុងរថយន្តមានអ្វីឱ្យប្រាកដ។ ម្យ៉ាងសមត្ថកិច្ចខ្លាចថា ជនល្មើសអាចបំផ្ទុះអាវុធមុន ទើបបានសមត្ថកិច្ចសម្រេចចិត្តបំផ្ទុះអាវុធយ៉ាងដូច្នេះ។

យ៉ាងណាមិញ សមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌ បានទទួលស្គាល់កំហុសចំពោះការសម្រេចចិត្តបំផ្ទុះអាវុធលឿនបែបនេះ។ រីឯគ្រាប់ដែលប្លាតទៅត្រូវប្រជាពលរដ្ឋនៅក្នុងផ្ទះ ក៏ជាកំហុសមួយទៀត ដែលសមត្ថកិច្ចទទួលខុសត្រូវទាំងស្រុង។ បើតាមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោយកើតហេតុ កងកម្លាំងប្រតិបត្តិការមិនបានរត់គេចពីការទទួលខុសត្រូវឡើយ ដោយរង់ចាំសហការពីកម្លាំងនគរបាលមូលដ្ឋាននៅកន្លែងកើតហេតុ និងបានខិតខំយកជនរងគ្រោះទាំងពីរនាក់ទៅព្យាបាលយ៉ាងលឿន និងយកចិត្តទុកដាក់បំផុត។

រថយន្តជនរងគ្រោះ ដែលត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ បាញ់ច្រឡំ ស្ថិតក្នុងភូមិ កអណ្តើក ខេត្តព្រៃវែង
រថយន្តជនរងគ្រោះ ដែលត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ បាញ់ច្រឡំ ស្ថិតក្នុងភូមិ កអណ្តើក ខេត្តព្រៃវែង © Internet

គួរបញ្ជាក់ថា ជនរងគ្រោះដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នឹងត្រូវទទួលបានការជួយចេញថ្លៃព្យាបាលទាំងស្រុង និងសំណងផ្សេងៗទៀតពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដោយឡែក ភាគីរថយន្តរងគ្រោះ ត្រូវបាននគរបាលខេត្តព្រៃវែង កំពុងរៀបចំសំណុំរឿងជូនពួកគេ ដើម្បីអនុញ្ញាតឲ្យទាមទារសំណងផ្សេងៗតាមនីតិវិធីច្បាប់ជាធរមាន។ នេះបើតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ចំណែកកម្លាំងនគរបាលដែលជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះអាវុធនេះ ត្រូវបានប្រធានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែងបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តទៅតាមនីតិវិធី៕

What Next?

Recent Articles