ដោយ សុជីវី
2025.01.06
RFA

រូបពីរបាយការណ៍អង្គការលីកាដូ (Licadho) ស្ដីពីវិបត្តិបំណុលច្រើនលើសលប់ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ រួប៖ គេហទំព័រអង្គការលីកាដូ
ពលរដ្ឋមួយចំនួនកំពុងធ្លាក់ខ្លួនក្រីក្រ ដោយសារផុងខ្លួនក្នុងកម្ចីបែបកេងប្រវ័ញ្ចពីកម្ចីក្រៅប្រព័ន្ធ និងមីក្រូហិរញ្ញវត្ថុ រួមទាំងធនាគារ។ ពួកគាត់ឲ្យដឹងថា មូលហេតុចំបង ដែលបណ្ដាលឲ្យពួកគាត់គ្មានលទ្ធភាពសងត្រឡប់ គឺបណ្ដាលមកពីអ្នកផ្ដល់កម្ចីពុំបានសិក្សាឲ្យបានច្បាស់លាស់អំពីប្រាក់ចំណូល។ មន្ត្រីនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុថា ការផ្ដល់កម្ចីដល់អតិថិជន ក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមែនដូចជាការទិញលក់ទំនិញលើទីផ្សារឡើយ គឺត្រូវអនុលោមតាមលក្ខខណ្ឌរបស់ធនាគារជាតិនៃកម្ពុជា។ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស លើកឡើងថា ភាគីពាក់ព័ន្ធ គួរតែធ្វើការសិក្សារួមគ្នា ដើម្បីស្វែងរកឫសគល់ ដែលបណ្ដាលឲ្យពលរដ្ឋចំពាក់បំណុលវ័ណ្ឌក និងរកមធ្យោបាយជួយសម្រួលបន្ទុកពលរដ្ឋ។
ពលរដ្ឋមួយចំនួនឲ្យដឹងថា ពួកគាត់កំពុងជួបប្រទះនូវបញ្ហាជីវភាព ដោយសាររកចំណូលពុំសូវបាន ខណៈការប្រាក់ នៃបំណុលធនាគារ និងកម្ចីផ្សេងទៀត ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
អាជីវករលក់ដូរខោអាវ នៅឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោកស្រី កៀន សុធា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា នៅប៉ុន្មានឆ្នាំចុងក្រោយចាប់តាំងពីជំងឺរាតត្បាតកូវីឌ១៩មក លោកស្រី ស្ទើរតែមិនអាចស្វែងរកចំណូលបានទៀងទាត់ឡើយ ។ លោកស្រី បន្តថា កត្តានេះ កំពុងធ្វើឲ្យក្រុមគ្រួសារទាំងមូលពិបាកចិត្ត ចំពោះការចំណាយប្រចាំថ្ងៃ និងការសងប្រាក់ទៅធនាគារ។
លោកស្រី កៀន សុធា៖ «ដំណោះស្រាយ សូមឲ្យគេបន្ធូរបន្ថយខ្ញុំ តាំងពីព្រលឹមមកដល់ស្មើនេះ ខ្ញុំទើបតែលក់បានលុយ១ម៉ឺន៥ពាន់រៀលទេ និយាយស្មោះត្រង់ចេញពីចិត្ត ។ ម្សិលមិញបានលុយ១ម៉ឺន ២ពាន់ ទៅផ្ទះវាគ្មានអ្វីនឹងសល់ទេ»។
ស្ត្រីវ័យ៥០ឆ្នាំរូបនេះ រៀបរាប់ថា លោកស្រី និងកូនប្រុសទី២ បានខ្ចីបុលពីធនាគារស្ថាបនា ក្នុងទំហំទឹកប្រាក់១ម៉ឺន ៥ពាន់ដុល្លារ កាលពីអំឡុងឆ្នាំ២០១៨ ដើម្បីទិញដីនិងសង់ផ្ទះឲ្យកូនប្រុស ។ លុះដល់សង់ផ្ទះនោះរួច លោកស្រីខ្វះដើមទុករកស៊ី ក៏បានផ្លាស់ប្ដូរធនាគារ ដើម្បីខ្ចីលុយបន្ថែមទៀត រហូតដល់៣ម៉ឺនដុល្លារ ពីធនាគារលីហួរ កាលពីចុងឆ្នាំ២០១៩ ។ លោកស្រី និយាយថា នៅក្នុងឆ្នាំដំបូង លោកស្រីមានលទ្ធភាពសងត្រឡប់ទៅធនាគារវិញ ជាធម្មតា ក៏ប៉ុន្តែលុះដល់ឆ្នាំ២០២០ បន្ទាប់ពីជំងឺកូវីឌ ១៩ បានរីករាលដាល ដែលធ្វើឲ្យលក់មិនដាច់ និងគ្មានលទ្ធភាពសងប្រាក់ទៅកាន់ធនាគារ។ លោកស្រី ថ្លែងថា ក្រោយពីអស់លទ្ធភាពបង់សង ធនាគារ កូនប្រុសទី២ របស់គាត់ បានទាក់ទងធនាគារផ្សេងទៀត គឺធនាគារប្រៃសណីយ៍ ដើម្បីខ្ចីប្រាក់បន្ថែមរហូតដល់ ៥ម៉ឺន ដោយយកប្លង់ដីទិញថ្មី និងប្លង់ដីផ្ទះនៅចាស់ខាងលើ ចំនួន២ប្លង់ ដើម្បីដាក់ជាទ្រព្យបញ្ចាំ ។ លុះដល់ចុងឆ្នាំ ២០២១ លោកស្រី អស់លទ្ធភាពបង់សងម្ដងទៀត ហើយធនាគារ បានផ្ដល់ដំណោះស្រាយ ជាការរៀបចំកម្ចីសាជាថ្មី។
បន្ទាប់ពីនេះ លោកស្រី កៀន សុធា ថា ភាគីធនាគារបានរៀបចំកម្ចីសាឡើងវិញ ក្នុងទំហំទឹកប្រាក់៦ម៉ឺន ៥ពាន់ដុល្លារ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយបំបែកកម្ចីជា២ គឺកម្ចីមួយ បានប្ដូរឈ្មោះពីលោកស្រី ទៅកូនប្រុសទី៤ ដែលកំពុងសិក្សានៅសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ និងកម្ចីមួយទៀតជារបស់កូនប្រុសទី២ ។ លោកស្រី អះអាង មន្ត្រីឥណទាន មិនបានសិក្សាពីលទ្ធភាពសងត្រឡប់ ពីកូនប្រុសទី៤របស់គាត់ឡើយ ។ ប៉ុន្តែក្នុងអំឡុងពេល រៀបចំកម្ចីឡើងវិញនេះ មន្ត្រីឥណទានរបស់ធនាគារប្រៃសណីយ៍ បានឲ្យលោកស្រី ខ្ចីបុលពីអ្នកចងការប្រាក់ក្រៅផ្លូវការនៅស្រុករតនមណ្ឌល ចំនួន ៦លាន ៤០ម៉ឺនរៀល ដើម្បីយកលុយទៅសងប្រាក់ ដែលជំពាក់ចាស់ ឲ្យអស់សិនមុននឹងទទួលបានកម្ចីថ្មី។ បញ្ហានេះ លោកស្រី ថា បានក្លាយជាបន្ទុកមួយបន្ថែមទៀត ព្រោះក្នុងប្រាក់១លានរៀល ត្រូវបង់១ម៉ឺនរៀលក្នុងមួយថ្ងៃ ខណៈកម្ចីថ្មីនេះ បានរៀបចំរួចរាល់កាលពីខែឧសភា ឆ្នាំ២០២៣ ដែលចំណាយពេល៣ខែ។
លោកស្រី កៀន សុធា៖ «ធនាគារគេទៅនិយាយឲ្យមុន ហើយនៅពេលយើងនាំគ្នាទៅសាលាឃុំនិយាយរឿងការប្រាក់ជាង៥លានរៀលហ្នឹង បាននិយាយទៅឃុំគេជួយ អីចឹងទៅខាងនាយទុនហ្នឹងគេយកការប្រាក់២លានរៀល ចំពោះលុយ៦លាន មិនសំអាងលើអីទេ គឺសំអាងលើថា គេអត់ចេញឯកសារកម្ចីលុយឲ្យទេ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកផ្ដល់ព័ត៌មាននៃធនាគារប្រៃសណីយ៍ អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែមករា ថា ការផ្ដល់ឥណទាន គឺត្រូវបានឆ្លងកាត់ការសិក្សា និងវាយតម្លៃ អំពីប្រាក់ចំណូល និងលទ្ធភាពសងត្រឡប់របស់អតិថិជន។
អ្នកផ្ដល់ព័ត៌មានរបស់ធនាគារប្រៃសណីយ៍៖ «ចំពោះសេវាកម្ចីខាងប្អូននៅពេលអតិថិជន មុនពេលផ្ដល់កម្ចី ខាងប្អូនបានសិក្សាអំពីចំណូលរបស់ពួកគាត់ ចំណូលបានប៉ុន្មាន កម្ចីរបស់គាត់អាចបានពីប៉ុន្មានដល់ប៉ុន្មាន ហើយកម្ចីរបស់ពួកគាត់ហ្នឹង តើរយៈពេលប៉ុន្មាន គឺសិក្សាអស់ហើយបង»។
ផ្ទុយពីការអះអាងនេះ លោកស្រី កៀន សុធា អះអាងបន្ថែមថា នៅពេលកូនទី២ របស់លោកស្រី ពុំមានលទ្ធភាពសងប្រាក់ទៅធនាគារ កាលដល់ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារប្រៃសណីយ៍ បានរៀបចំឥណទានឡើងវិញ ដោយប្ដូរឈ្មោះកម្ចីពីកូនទី២ ដាក់ឲ្យទៅប្រុសទី៣ របស់គាត់ ដែលជនមានពិការភាព និងពុំមានសតិគ្រប់គ្រាន់ ព្រោះបានឆ្លងកាត់ការវះកាត់ខួរក្បាល និងពុំមានមុខរបរជាក់លាក់ និងម្ដាយរបស់អ្នកស្រី ដែលមានអាយុជិត ៧០ឆ្នាំ ជាអ្នកឈរឈ្មោះខ្ចីប្រាក់ក្នុងទំហំ ៣ម៉ឺន ៥ពាន់ ដុល្លារ ។ លោកស្រីថា កំពុងពិបាកចិត្ត ចំពោះបំណុលដែលចេះតែកើនឡើង ពី១ម៉ឺន ៥ពាន់ រហូតដល់ ៧ម៉ឺនដុល្លារ ដោយសារការរៀបចំកម្ចីឡើងវិញម្ដងហើយម្ដងទៀត រហូតដល់បច្ចុប្បន្នការប្រាក់ក្នុងមួយខែសរុបប្រមាណ ៧រយដុល្លារ ខណៈលោកស្រី ស្ទើរតែមិនហ៊ានចំណាយប្រាក់ទៅព្យាបាលជំងឺប្រចាំខ្លួនឡើយ។
បញ្ហាបំណុលវ័ណ្ឌក កំពុងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងផ្លូវកាយពលរដ្ឋកម្ពុជាជាច្រើននាក់ ខណៈបញ្ហានេះ បានបង្ខំឲ្យគ្រួសារមួយចំនួន កាត់បន្ថយម្ហូបអាហារ កុមារបោះបង់ការសិក្សាដើម្បីជួយរកប្រាក់សងបំណុល បង្ខិតបង្ខំឲ្យពលរដ្ឋលក់ដី និងផ្ទះដើម្បីសងបំណុល និងធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីរកលុយសងបំណុលជាដើម។
ពលករខ្មែរធ្វើការនៅបាងកក កញ្ញា រឿយ ស៊ីន ថ្លែងថា លោកស្រី មានបងប្រុស បង្ខំចិត្តនាំកូនចៅទាំងគ្រួសារ មកធ្វើការជាពលករនៅប្រទេសថៃ ដោយសារតែធ្វើស្រែខាត គ្មានប្រាក់ ដែលខ្ចីពីធនាគារ។
លោកស្រី រឿយ ស៊ីន៖ «ណាមួយធនាគារដឹងតែគិតការប្រាក់ពេញៗ គេមិនបញ្ចុះឲ្យយើងឯណា គេមិនដឹងថា យើងធ្វើស្រែមិនបានឯណា គេដឹងតែគិតពេញ ដឹងតែឡើងការឡើងដើម ហើយពលរដ្ឋមានតែចំណាកស្រុកមកធ្វើការស្រុកគេ»។
ក្រៅពីនេះ នៅមានពលរដ្ឋជាច្រើនទៀត កំពុងផុងខ្លួនជ្រៅក្នុងបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងកម្ចីក្រៅផ្លូវការ ខណៈពលរដ្ឋ ពុំមានលទ្ធភាពសងប្រាក់ត្រឡប់ទៅធនាគារ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា អ្នកស្រី ជា សិរី ដើម្បីសុំការឆ្លើយតប ជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៥ ខែមករា។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការផ្ដល់កម្ចីក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺមិនដូចការលក់ដូរនៅតាមទីផ្សារ ដែលទិញហើយឲ្យលុយរួចរាល់នោះទេ ពោលគឺទាមទារឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាពីគោលបំណងនៃការខ្ចីប្រាក់ លំហូរសាច់ប្រាក់ ទ្រព្យធានា លទ្ធភាពសងត្រឡប់ និងលក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយវាយតម្លៃ ដើម្បីធានាថា អ្នកខ្ចីមានលទ្ធភាពសងត្រឡប់ ។ មន្ត្រីនាំពាក្យរូបនេះ ថ្លែងថា ការផ្ដល់កម្ចីដោយមិនបានសិក្សាឲ្យបានច្បាស់លាស់ជា គឺការអាជីវកម្មសម្លាប់ខ្លួន។
លោក កាំង តុងងី៖ «ការផ្ដល់ឥណទាន ដោយមិនបានសិក្សាពីចំណូល ពីសមត្ថភាពសងរបស់អតិថិជនវាមិនមែនជាការធ្វើអាជីវកម្មទេ គឺមានន័យថា បើអ្នកណា ឬគ្រឹះស្ថានណា គាត់ធ្វើបែបហ្នឹងមែន គឺថា វាជាអាជីវកម្មសម្លាប់ខ្លួន ពីព្រោះបើសិនជាអតិថិជនទៅប្រើប្រាស់ ហើយអត់មានលទ្ធភាពសងមកវិញទេ គ្រឹះស្ថានត្រូវតែប្រឈមនឹងបញ្ហាផ្លូវច្បាប់មួយចំនួន ប្រឈមនឹងការដកអាជ្ញាប័ណ្ណ ប្រឈមនឹងការបាត់បង់ចំណូលអាជីវកម្មរបស់ពួកគាត់ ដែលជាទូទៅនៅពេលអតិថិជនរបស់ខ្លួនមិនមានលទ្ធភាពសងទេ គាត់ត្រូវរកមធ្យោបាយសម្របសម្រួលជាមួយអតិថិជន ប្រសិនបើអតិថិជននៅតែមិនសង ខាងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវតែគោរពតាមច្បាប់បញ្ញត្តិ គឺត្រូវដំណោះស្រាយមានតែប្ដឹងផ្ដល់អតិថិជនឡើងទៅតុលាការ ដើម្បីលក់ទ្រព្យដោយបង្ខំទេ ប៉ុន្តែជម្រើសនេះ វាមិនចំណេញដល់គ្រឹះស្ថានទេ»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា មូលហេតុចំបង ដែលបណ្ដាលឲ្យពលរដ្ឋមួយចំនួនផុងខ្លួន ក្នុងបំណុលវ័ណ្ឌក និងពុំមានលទ្ធភាពសងត្រឡប់ គឺបណ្ដាលកំហុសវិជ្ជាជីវៈរបស់មន្ត្រីឥណទាន ដែលពុំបានសិក្សាឲ្យបានច្បាស់លាស់ពីសមត្ថភាព និងលទ្ធភាពសងត្រឡប់របស់ពួកគាត់ និងការចាញ់បោកគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត។ មន្ត្រីសង្គមស៊ីវិលរូបនេះ លើកឡើងថា រដ្ឋាភិបាល គួរតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ អំពីឫសគល់នៃបញ្ហាបំណុលវ័ណ្ឌក និងស្វែងរកមធ្យោបាយសម្រួលដល់ពលរដ្ឋ។
លោក អំ សំអាត៖ «យើងឃើញមានដំណោះស្រាយមួយចំនួនដែរ ដូចជា UNDP ដែលមានការសិក្សារួមគ្នាជាមួយធនាគារជាតិកម្ពុជា ហើយបានដាក់ចេញនូវគោលនយោបាយដើម្បីឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ដំណោះស្រាយដល់អ្នកខ្ចី ដូចជាការរៀបចំកម្ចីឡើងវិញ និងពិនិត្យស្ថានភាពផ្សេងៗ ។ ប៉ុន្តែដំណោះស្រាយហ្នឹងហាក់មិនទាន់ឆ្លើយតបជាមួយនឹងបំណុលរបស់ពលរដ្ឋ ដែលគ្មានលទ្ធភាពសងត្រឡប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារវិញ ហើយចំណុចហ្នឹង គឺដោយសារតែផុងក្នុងបំណុលដោយសារតែមន្ត្រីឥណទានមួយចំនួនគាត់មិនបានធ្វើតាមគោលការណ៍ក្នុងការឲ្យកម្ចីទេ ដូចជាប្រាក់ចំណូល និងថវិកា ធ្វើយ៉ាងណាឲ្យពួកគាត់មានលទ្ធភាពសង»។
អង្គការលីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមការងារចំនួន ៤ផ្សេងគ្នានៃអង្គការសហប្រជាជាតិ ផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស រួមទាំងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ឱ្យពិនិត្យទៅលើវិបត្តិនៃការជំពាក់បំណុលវ័ណ្ឌក ព្រមទាំងស្នើឱ្យបង្កើតកិច្ចសន្ទនាជាមួយក្រុមហ៊ុនជាតិ ក្រុមហ៊ុនពហុជាតិ វិនិយោគិន រដ្ឋាភិបាលកម្ពុជា និងស្ថាប័នជាតិ ដែលពាក់ព័ន្ធ ។ អង្គការលីកាដូរាយការណ៍ថា វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាបច្ចុប្បន្នមានជាង ១៦ពាន់លានដុល្លារ ហើយទំហំប្រាក់កម្ចីជាមធ្យម គឺលើសពី ៥.០០០ ដុល្លារ ។ របាយការណ៍លីកាដូថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលផ្ដល់កម្ចីខ្នាតតូច បន្តដាក់សម្ពាធលើកូនបំណុល ឱ្យលក់ដី ខ្ចីឯកជន និងបញ្ឈប់កូនពីការសិក្សា ដើម្បីរកប្រាក់សងបំណុល ហើយប្រាក់កម្ចីទាំងនេះ ជារឿយៗធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ត្រីជនជាតិដើមភាគតិច និងប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកទឹកចិត្តដល់ពលរដ្ឋ ឲ្យដាក់ពាក្យបណ្ដឹងទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ចំពោះមន្ត្រីឥណទាន ដែលពុំបានអនុវត្តតាមគោលការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយធនាគារត្រូវតែអនុវត្តតាមវិធានការ ដែលខ្លួនបានចែង ។ លោកបន្ថែមថា ករណីពលរដ្ឋរងការគំរាមកំហែង ឬការបង្ខិតបង្ខំឲ្យពលរដ្ឋលក់សងបំណុល ការដាក់លក់ដី ដោយពលរដ្ឋមិនសុខចិត្ត និងការប្រើប្រាស់អំពើហិង្សាជាដើម ដែលសុទ្ធជាបទល្មើសព្រហ្មទណ្ឌ ពលរដ្ឋ គួរតែដាក់ពាក្យបណ្ដឹងទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។