កម្ពុជា
07/01/2025 – 09:55
ដោយ៖ សាំ ឧត្តម
RFI
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅព្រឹក ថ្ងៃទី០៧ ខែមករានេះថា កម្ពុជាដល់ពេលបង្កើតច្បាប់កំណត់បុគ្គល ឬក្រុមណាដែលមានគម្រោងការ និងអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយមប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាក្រុមភេរវជន។ ការថ្លែងរបស់លោក ហ៊ុន សែន ដូចនេះធ្វើឡើងនៅក្នុងមិទ្ទិញរំព្ញកខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា ១៩៧៩ ដោយបន្ថែមថា ក្រុមប្រឆាំងជ្រុលនិយមទាំងនោះនឹងត្រូវនាំខ្លួនទៅវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។
លោក ហ៊ុន សែន ថាដល់ពេលបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវជន
ថ្លែងនៅចំពោះមុខអ្នកចូលរួមជាង២ម៉ឺននាក់នាព្រឹកថ្ងៃទី៧ មករានេះ លោក ហ៊ុន សែន បានយកវេទិការំព្ញកខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧មករា ដើម្បីថ្លែងសារនយោបាយទៅកាន់ក្រុមប្រឆាំងដែលលោកចាត់ទុកជាក្រុមជ្រុលនិយមដោយព្រមានដាក់អ្នកទាំងនោះជាក្រុមភេរវជន ប្រសិនបើពួកគេមានគម្រោងការ ឬបង្កើតចលនាប្រឆាំង បង្កភាពវឹកវរ បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន ក៏បានចាត់ទុកក្រុមប្រឆាំងដែលបន្តសាបព្រោះនូវនយោបាយញុះញង់ បំផុសពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យប្រឆាំងរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាជាការគំរាមកំហែងដល់សន្តិភាពនៅកម្ពុជា។ តាមប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជារូបនេះដដែល សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើគ្មានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននោះទេ។
គួរជម្រាបថា ច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមប្រឆាំងក្រៅប្រទេសជាសំណើដែលលោក ហ៊ុន សែន ធ្វើឡើង ក្រោយអ្នកនយោបាយបក្សប្រឆាំងរស់នៅក្រៅប្រទេសអះអាងពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស និងបន្ទាប់ពីក្រុមអ្នកនយោបាយបក្សប្រឆាំងបន្តចេញមុខទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាកោះគុតជាមួយថៃ។
តែ «ច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមប្រឆាំងក្រៅប្រទេស» នៅមិនទាន់ត្រូវបាន លោក ហ៊ុន សែន បញ្ជាក់ថានឹងចេញជារូបរាងនៅពេលណានោះទេ។ តែកន្លងមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បាននិយាយថា បក្សកាន់អំណាចនឹងពន្លឿនការធ្វើច្បាប់ថ្មីនេះ ប្រសិនបើមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសមែននោះ។

លោក អ៊ំ សំអាន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិបានលើកឡើងថា នេះជារឿងគួរឱ្យអស់សំណើចទៅវិញដែលលោកហ៊ុន សែនមានចេតនាចង់បំបិទមាត់អ្នករិះគន់តាមរយៈការបង្កើតច្បាប់ប្រឆាំងក្រុមភេរវកម្ម។ តាមលោក អ៊ំ សំអាន រដ្ឋធម្មនុញ្ញកម្ពុជាមិនបានហាមមិនឱ្យពលរដ្ឋបញ្ចេញមតិ ឬរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលឡើយ និងថា ការបង្កើតច្បាប់ដាក់អ្នករិះគន់ និងក្រុមប្រឆាំងជាភេរវវជនជាការបង្ហាញឱ្យឃើញពីការបែកបាក់ជាតិ៕