ដោយ ច័ន្ទ ដារ៉ូ
2025.01.11
RFA

លោក លិម គិមយ៉ា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក Kim-Ya Lim
គណបក្សប្រឆាំងនៅក្នុងប្រទេសគ្រោងរៀបចំពិធីបុណ្យ៧ថ្ងៃ និងគោរពវិញ្ញាណក្ខន្ធដល់លោក លិម គិមយ៉ា ដើម្បីចូលរួមរំលែកទុក្ខ និងរំលឹកពីស្នាដៃ ការតស៊ូពុះពារទាំងកម្លាំងកាយចិត្តបស់លោកកន្លងមក ចង់ឱ្យប្រទេសកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យសម្រាប់ផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ។
ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ នៅថ្ងៃទី១១ ខែមករា បានប្រជុំសម្រេចរៀបចំពិធីបុណ្យ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដោយរៀបចំនៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា នៅទីស្នាក់ការគណបក្សស្ថិតនៅសង្កត់ឫស្សីកែវ រាជធានីភ្នំពេញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីថា ពិធីបុណ្យនេះ មាននិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល អុជធូប គោរពវិញ្ញាណក្ខន្ធតាមបែបសាសនា ហើយពលរដ្ឋទូទៅ ក៏អាចចូលរួមបានដែរ។ លោកមើលឃើញថា ឃាតកម្មដ៏រន្ធត់កើតទៅលើលោក លិម គិមយ៉ា នេះ គឺជាអំពើឃោរឃៅ អមនុស្សធម៌ ហើយការស៊ើបស្វែងរកយុត្តិធម៌ ត្រូវតែមានសម្រាប់អ្នកនយោបាយបក្សប្រឆាំងរូបនេះ។ លោកបញ្ជាក់ថា អ្វី ដែលអ្នកនយោបាយ និងពលរដ្ឋខ្មែរនៅចងចាំដក់ក្នុងចិត្ត គឺលោក លិម គិមយ៉ាង តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស គាត់រក្សាជំហរនយោបាយមិនងាករេ ក្នុងបុព្វហេតុការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក រ៉ុង ឈុន៖ «យើងមិនបានទៅគោរពវិញ្ញាណក្ខន្ធគាត់នៅប្រទេសបារាំង តែយើងធ្វើបុណ្យ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសល ក៏ដូចជា ការគោរពវិញ្ញាណក្ខន្ធតបស្នងសងគុណ ឬគុណបំណាច់ ដែលគាត់បានធ្វើកន្លងមក ហើយនេះ ក៏ជាគំរូសម្រាប់អ្នកប្រជាធិបតេយ្យបន្តទៀតថា យើងមិនបោះបង់អ្នកប្រជាធិបតេយ្យ ដែលជាអ្នករងគ្រោះទេ យើងត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា»។

ចំណែកអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងលើកយកគម្រោងរៀបចំពិធីបុណ្យជូនលោក លិប គិមយ៉ា ទៅឆ្លងកិច្ចប្រជុំរបស់គណបក្ស នៅក្នុងសម្ព័ន្ធឆ្ពោះទៅអនាគតឆាប់ៗ នេះ។ លោកចាត់ទុកថា ការបាត់បង់លោក លិម គិមយ៉ា ដែលជាអ្នកនយោបាយជើងចាស់ម្នាក់ មានប្រវត្តិប្រឡូកនៅក្នុងឆាកនយោបាយកម្ពុជាយ៉ាងស្វិតស្វាញកន្លងមក គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ ក្នុងការតស៊ូជំរុញឱ្យកម្ពុជា មានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យសេរី។
លោក លី សុធារ៉ាយុត្តិ៖ «យើងតែងតែយកចិត្តទុកដាក់ដោយតាមដានព័ត៌មាន និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុប ចំពោះការឃាតកម្មលើលោក លិម គិមយ៉ា។ ការធ្វើឃាតលើអ្នកនយោបាយនេះ ទោះតិច ឬច្រើន គឺវាប៉ះពាល់ដល់អារម្មណ៍របស់អ្នកនយោបាយ ជាពិសេស អ្នកតស៊ូតាមបែបគោលការណ៍ប្រជាធិបតេយ្យទាំងក្នុង និងក្រៅប្រទេស។ យើងតែងតែថ្កោលទោស ហើយយើងកំពុងតាមដានមើលសភាពការណ៍ ចំពោះការធ្វើការរបស់សមត្ថកិច្ចរបស់ប្រទេសទាំងពីរ»។

ទន្ទឹមគ្នានេះ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេស បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ រួមជាមួយភាគីពាក់ព័ន្ធទាំងអស់សហការគ្នាស្វែងរកការពិត ដោយចាប់ជនដៃដល់ និងអ្នកនៅពីក្រោយ យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងធានានូវសុវត្ថិភាពរបស់អ្នកនយោបាយគ្រប់រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។