ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ

កម្ពុជា
12/01/2025 – 12:37
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

ឃាតករ អេកាឡាក់ ភាណយ បានសារភាពប្រាប់សមត្ថកិច្ចថៃថា ខ្លួនជាអ្នកសម្លាប់លោក លិម គិមយ៉ា ប៉ុន្តែមិនហ៊ានប្រាប់ឈ្មោះមេខ្លោងនៅពីក្រោយខ្នងនៃការបាញ់សម្លាប់អតីតសមាជិកសភាកម្ពុជាលោក លិម គិមយ៉ា នោះទេ ព្រោះបារម្ភពីសុវត្ថិភាពក្រុមគ្រួសារ។ មួយវិញទៀត ការចង្អុលមុខអ្នកបញ្ជាឲ្យសម្លាប់លោក លិម គិមយ៉ា នឹងអាចប៉ះពាល់ដល់គណបក្សនយោបាយមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ឃាតករ អេកាឡាក់ ភាណយឆ្លើយសារភាពប្រាប់សមត្ថកិច្ចថៃ បន្ទាប់ពីត្រូវបញ្ជូនខ្លួនពីប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ទី ១១ មករាម្សិលមិញ។ 

ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ


នៅក្រោយទទួលបានចម្លើយសារភាពពីឃាតករសម្លាប់លោក លិម គិមយ៉ា មេបញ្ជាការកងពលធំទី១ នៃស្នងការដ្ឋាននគរបាលរាជធានីបាងកក លោក អាថាភង្ស វង្សស៊ីរីព្រីដា (Atthaphon Wongsiriprida) បានផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា ឃាតករ អេកាឡាក់ ភាណយ មិនហ៊ានបង្ហាញអត្តសញ្ញាណបុគ្គលដែលបញ្ជាឱ្យលោកបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភាកម្ពុជានោះទេ។ មិនហ៊ានប្រាប់ ក៏ព្រោះតែបារម្ភពីសុវត្ថិភាពក្រុមគ្រួសាររបស់លោក និងថា វាអាចប៉ះពាល់ដល់គណបក្សនយោបាយមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។

ប៉ូលិសថៃនៅបានបញ្ជាក់ដែរថា ឃាតករ អេកាឡាក់ ភាណយ បានបដិសេធមិនផ្ដល់ចម្លើយស៊ីជម្រៅ ដូចជាឆ្លើយដាក់ជនសង្ស័យដទៃទៀតឡើយ ព្រោះមិនចង់នាំបញ្ហាដល់ក្រុមគ្រួសារ និងអ្នកជុំវិញខ្លួន។ ប៉ុន្តែ បើតាមសារព័ត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃទី១២ មករានេះ ការបាញ់សម្លាប់អ្នកនយោបាយកម្ពុជាពីសំណាក់ឃាតករ អេកាឡាក់ ភាណយ ធ្វើឡើងក្រោមហេតុផល សងគុណដល់ជនស៊ីវិលម្នាក់ ដែលធ្លាប់ផ្ដល់ជំនួយដល់អេកាឡាក់ ភាណយ នៅពេលជននេះត្រូវគេបណ្ដេញចេញពីការងារ។ ប៉ូលិសស៊ើបអង្កេតថៃមិនបានបញ្ជាក់ថា ជនស៊ីវិលនោះជាជនជាតិថៃ ឬអ្នកណានោះឡើយ។

តាមប៉ូលិសថៃ ការបង្ហាញអត្តសញ្ញាណអ្នកមានគុណរបស់ឃាតករ អេកាឡាក់ ភាណយ ជារឿងលឿនពេក ព្រោះអ្នកមានគុណរបស់ឃាតករ នឹងក្លាយជាជនសង្ស័យបន្ទាប់ នៅក្នុងដំណើរការស៊ើបអង្កេត នាពេលខាងមុខ។

នៅក្នុងការចុះផ្សាយរបស់កាសែតថៃ The Nation ដដែល មេបញ្ជាការកងពលធំទី១ នៃស្នងការដ្ឋាននគរបាលរាជធានីបាងកក លោក អាថាភង្ស វង្សស៊ីរីព្រីដា បានបន្ថែមថា ប៉ូលិសនឹងស៊ើបអង្កេត វិភាគឱ្យបានហ្មត់ចត់ រួមទាំងស្វែងរកភស្តុតាង ដើម្បីអាចចាប់ជនសង្ស័យ ដែលជាអ្នកមានគុណ អ្នកបញ្ជាឲ្យឃាតករអេកាឡាក់ ភាណយ បាញ់សម្លាប់លោកលិម គិមយ៉ា។

ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ
ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ © AP

នៅក្នុងពេលរង់ចាំ ប៉ូលិសស៊ើបអង្កេតថៃនឹងបញ្ជូនឃាតករ អេកាឡាក់ ភាណយ ទៅកាន់តុលាការព្រហ្មទណ្ឌក្រុងបាងកកនៅថ្ងៃចន្ទ ទី១៣ មករា។

គួរឱ្យដឹងថា អេកាឡាក់ ភាណយ បានបំពេញការងារធ្វើឃាតកម្មទៅលើលោក លិម គិមយ៉ា ដោយទាក់ទងជាមួយបុគ្គលម្នាក់ដែលអេកាឡាក់ ភាណយអះអាងថា មិនស្គាល់អត្ដសញ្ញាណ។ បុគ្គលរូបនោះបានទាក់ទងឃាតករ តាមរយៈបណ្ដាញសង្គម line ដើម្បីបញ្ជាក់អំពីទីកន្លែង និងកិច្ចការបន្ដបន្ទាប់។ ប៉ូលីសក៏បានពិនិត្យលើទូរស័ព្ទរបស់ឃាតករ និងបញ្ជាក់ថា ពិតជាដូចអ្វី ដែលអេកាឡាក់ ភាណយ បានឆ្លើយសារភាព។

ក្រៅពីឃាតករ អេកាឡាក់ ភាណយ សមត្ថកិច្ចថៃនៅបន្តចង្អុលមុខជនសង្ស័យទី២ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ជនសង្ស័យទី២ជាជនជាតិខ្មែរ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលត្រូវតុលាការថៃចេញដីកាចាប់ខ្លួន ក្នុងបទចោទជាអ្នកសមគំនិត ផ្តល់ព័ត៌មានទៅឲ្យឃាតករ ដើម្បីធ្វើសកម្មភាព បាញ់សម្លាប់លោក លិម គិមយ៉ា កណ្តាលក្រុងបាងកក កាលពីថ្ងៃទី៧ មករា៕

What Next?

Recent Articles