កម្ពុជា
13/01/2025 – 11:41
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានធ្វើបុណ្យគម្រប់៧ថ្ងៃនៅទីកន្លែងផ្សេងៗគ្នាជូនសព លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានបាញ់សម្លាប់នៅទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ចំណែកនៅប្រទេសកម្ពុជា គណបក្សកម្លាំងជាតិបានរៀបចំបុណ្យ៧ថ្ងៃជូនសពអ្នកនយោបាយប្រឆាំងរូបនេះនៅថ្ងៃទី១៣ ខែមករានេះក្នុងទីស្នាក់គណបក្សនៅរាជធានីភ្នំពេញ។
ពលរដ្ឋខ្មែរនៅកម្ពុជា និងនៅក្រៅប្រទេសធ្វើបុណ្យគម្រប់៧ថ្ងៃជូនសព លោក លិម គិមយ៉ា
នៅថ្ងៃទី១២ ខែមករា ពលរដ្ឋខ្មែរ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីបានធ្វើបុណ្យគម្រប់ ៧ថ្ងៃជូនសព លោក លិម គិមយ៉ា ដោយភ្ជាប់ជាមួយនូវការអំពាវនាវឲ្យរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះតាមរយៈការវែកមុខអ្នកនៅពីក្រោយឃាតកម្មនេះ។
លោក សឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំអូស្ត្រាលីបានថ្លែងថា ការធ្វើឃាតលើលោក លិម គិមយ៉ា ពិតជាមានអ្នកបញ្ជាពីក្រោយ។ ក្នុងនាមជាពលរដ្ឋខ្មែរដែលទទួលបានសិទ្ធិជ្រកកោនផ្នែកនយោបាយនៅអូស្ត្រាលី អតីតអ្នកនាំពាក្យសមាគមអាដហុករូបនេះមិនបានទម្លាក់ការទទួលខុសត្រូវ ឬកំហុសលើអ្នកណាម្នាក់ទេ តែបានចោទសួរថា តើពេលណាទើបខ្មែរឈប់កាប់សម្លាប់គ្នាបន្តទៀត?។
ក្នុងន័យនេះ លោក សឹង សែនករុណា បានទទូចឲ្យអ្នកនយោបាយខ្មែរបញ្ឈប់ការតាមយាយីគ្នាគ្រប់រូបភាព និងការកាប់សម្លាប់ទៅលើពលរដ្ឋខ្មែរដោយគ្រាន់តែមាននិន្នាការនយោយបាយខុសគ្នា។ ដោយឡែក ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកក៏បានប្រកាសពីការរៀបចំបុណ្យខួបគម្រប់៧ថ្ងៃជូនសពលោក លិម គិមយ៉ា ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក។ ពិធីគោរពវិញ្ញាណក្ខន្ធសព លោក លិម គិមយ៉ា បានធ្វើឡើងនៅថ្ងៃទី១២ ខែមករា នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
នៅក្នុងប្រទេសកម្ពុជា គណបក្សកម្លាំងជាតិបានរៀបចំពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ជូនសព លោក លិម គិមយ៉ា នៅថ្ងៃទី១៣ មករានេះនៅទីស្នាក់ការគណបក្សក្នុងទីក្រុងភ្នំពេញដោយមានការចូលរួមពីសមាជិកបក្សសំខាន់ៗដូចជា លោក រ៉ុង ឈុន និងលោក ជា មុនីជាដើម។ តែអ្នកនយោបាយបក្សប្រឆាំងទាំងនេះមិនបានថ្លែងសារនយោបាយអ្វីឡើយ ក្រៅតែពីសេចក្តីថ្លែងការណ៍ដែលបានចេញភ្លាមៗប្រតិកម្មជុំវិញករណីឃាតកម្ម លោកលិម គិមយ៉ា។

ចំណែកនៅប្រទេសថៃជាទីតាំងនៃឃាតកម្មលើលោក លិម គិមយ៉ា ផ្ទាល់ក៏មានពលរដ្ឋខ្មែរជាក្រុមតូចៗបាននាំគ្នាទៅដាក់កម្រងផ្កានៅកន្លែងដែលឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា។ នេះបើតាមលោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី។ តាមលោក មាជ សុវណ្ណរ៉ា សហគមន៍ខ្មែរនៅស្រុកបារាំង កាណាដា ជប៉ុន និងកូរ៉េក៏បាននាំគ្នារៀបចំកម្មវិធីបុណ្យគម្រប់៧ថ្ងៃជូនសព លោក លិម គិមយ៉ា ដែរ ខណៈសពរបស់លោក លិម គិមយ៉ាកំពុងតម្កល់ទុកនៅស្ថានទូតបារាំងក្នុងទីក្រុងបាកក ប្រទេសថៃដើម្បីរង់ចាំដឹកទៅប្រទេសបារាំង៕