ដោយ ប្រាជ្ញ ចេវ
2025.01.14
RFA

(រូបឯកសារ) លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស. រូប៖ ហ្វេសប៊ុកសាលារាជធានីភ្នំពេញ 201-03-01
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលអះអាងថា ឡានសារ៉ែនពាក់ស្លាកលេខខ.ម (ខេមរភូមិន្ទ) បើកហែក្បួននាំផ្លូវឱ្យបុគ្គលឯកជន គឺបង្ហាញពីអំណាចទឹកប្រាក់ក្នុងសង្គមខ្មែរ បង្កការរំខានដល់ពលរដ្ឋធ្វើដំណើរ។
រីឯរថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ និងស្លាកលេខ នគរបាល ( ន.ប ) មិនត្រឹមត្រូវ ក៏នៅតែជាបញ្ហាប្រឈមដដែលៗ ដែលរដ្ឋាភិបាលអសមត្ថភាពដោះស្រាយ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋថ្លែងបែបនេះ ក្រោយពីមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវ រករថយន្តសារ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម) ដែលបើកហែក្បួនសម្ញែង នាំផ្លូវឱ្យអ្នកលក់អនឡាញមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ទៅចូលរួមពិធីមង្គលការ។
ពួកគេសង្កេតឃើញថា ទាល់តែបែកធ្លាយព័ត៌មានតាមបណ្ដាញសង្គម និងមានបញ្ជាពីថ្នាក់លើម្តងម្កាល ទើបសមត្ថកិច្ចចុះអនុវត្តច្បាប់មួយប្រាវ រួចក៏ស្ងាត់ទៅវិញ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ កញ្ញា ខេម ស្រីម៉ុម សង្កេតឃើញថា ជារឿយៗអាជ្ញាធរតែងតែបិទផ្លូវសាធារណៈ ដោយសារមានឡានសារ៉ែនបើកឮៗនាំផ្លូវយ៉ាងលឿន ធ្វើឱ្យកកស្ទះចរាចរណ៍តាមដងផ្លូវក៏មាន។ ប្រការនេះ ធ្វើឱ្យពលរដ្ឋខ្លះហាក់ធុញទ្រាន់ពេលឃើញក្បូនរថយន្តបិទផ្លូវម្តងៗ រំខានដល់មុខរបររកស៊ី និងការធ្វើដំណើររបស់ពួកគាត់។
លោកស្រីយល់ថា ក្បួនរថយន្តសារ៉ែននាំផ្លូវបុគ្គលឯកជន ឆ្លុះបញ្ចាំងពីអំណាចទឹកលុយ របស់ក្រុមអ្នកមានអំណាច ដោយមិនខ្វល់ពីផលប៉ះពាល់លើពលរដ្ឋ និងសុវត្ថិភាពចរាចរណ៍ ៖
លោកស្រី ខេម ស្រីម៉ុម៖ «គេបិទផ្លូវបិទអីអ៊ីចឹងទៅ! ហើយមានការកកស្ទះប៉ះពាល់ទាំងអ្នកទៅរៀន អ្នករកស៊ីឱ្យគាត់អាក់ខានអ៊ីចឹងទៅ»។
ប្រតិកម្មទៅនឹងការប្រើប្រាស់រថយន្តសារ៉ែនពាក់ស្លាក ខម បើកក្បួនរថយន្តនាំផ្លូវរបស់អ្នកមានលុយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា បានបញ្ជាឱ្យស្រាវជ្រាវរកអ្នកកាន់កាប់ឡានសារ៉ែននោះដើម្បីចាត់វិធានការវិន័យ ៖
លោក សៅ សុខា៖ «អាហ្នឹងឡានរបស់ពីណាគេក៏ដោយតាមរកចាប់ទាល់តែឃើញ មិនទាន់ដោះស្រាយទេយកមកទុកសិន ព្រោះយកមកប្រើអ៊ីចឹងខូចកងទ័ពអស់ហើយ ចង់ផ្កាយណាក៏ដោយយកទុកសិនមកអស់តម្លៃកងទ័ពអស់ហើយ»។
ចំណែក យុវជនរស់នៅរាជធានីភ្នំពេញ កញ្ញា លី ស្រីម៉េច ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលមានក្បូនដង្ហែរថយន្តសារ៉ែននាំផ្លូវ ម្តងៗអ្នកដែលរងប៉ះពាល់ខ្លាំង គឺសិស្សនិស្សិត ដែលពួកគាត់ជិះកង់ និងម៉ូតូទៅរៀន ត្រូវរង់ចាំទាំងកណ្តាលថ្ងៃក្តៅ និងមានពេលខ្លះធ្លាក់ភ្លៀង ទម្រាំអាជ្ញាធរបើកផ្លូវវិញ ស្ទើរតែជាងកន្លះម៉ោងក៏មាន។
កញ្ញា លី ស្រីម៉េច៖ «ជិះតាមផ្លូវគេបិទទៅពិបាកខ្លាំងមែនទែខែក្តៅចង់បែកលលាដ៍ក្បាល ហើយពេលខ្លះទៀតមានភ្លៀងនៅពេលគេបិទក៏មាន គ្រាន់តែខ្លួនឯងធ្វើដំណើរសោះពិបាកដល់គេដល់ឯង គ្រាន់ថា យើងជាមនុស្សដូចគ្នាមានឋានៈខុសគ្នាធ្វើឱ្យប៉ះពាល់ដល់គេ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា កងរាជអាវុធហត្ថបានដោះស្រាយករណីនេះហើយ ដោយត្រូវដាក់ពិន័យ និងទណ្ឌកម្ម លើបុគ្គលពាក់ព័ន្ធ។
លោក អេង ហ៊ី៖ «ខ្ញុំបានសរសេរក្នុងហើយ ដាក់ពិន័យទណ្ឌកម្មបុគ្គលហ្នឹង ក្នុងអង្គភាពរបស់គាត់»។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា សង្កេតឃើញថា បញ្ហានេះកើតមានឡើងដដែលៗជាច្រើនឆ្នាំមកហើយ។
ស្រដៀងគ្នានេះដែរ លោកថា ករណីអ្នកប្រើប្រាស់រថយន្តពាក់ស្លាកលេខ ខ.ម និង ន.ប មិនត្រឹមត្រូវ នៅតែកើតមានច្រើននៅឡើយ ដោយលោកយល់ថាដោយសារតែអំពើពុករលួយ។
លោក ស៊ឹង សែនករុណា៖ «យកឈ្មោះនគរបាល និងកងខេមរភូមិន្ទ រដ្ឋាភិបាលទៅប្រើប្រាស់លក្ខណ:ឯកជន ឬឱ្យបរទេស បង្កគ្រោះថ្នាក់។ ប្រើឡានសារ៉ែន បើកនាំផ្លូវឱ្យអ្នកមានលុយ ជារូបភាពបង្ហាញឱ្យឃើញជាក់ស្តែង គ្មានអ្វីពិបាកចាត់វិធានការទេ»។
កន្លងទៅ ក្រសួងការពារជាតិបានព្រមានអនុវត្តច្បាប់លើជនណា ដែលប្រើប្រាស់រថយន្តខ.ម មិនត្រឹមត្រូវ។ ការព្រមាននេះធ្វើឡើង ក្រោយពីបុគ្គលមួយចំនួនជាមន្ត្រីយោធាធំៗ បុគ្គលមានអំណាច និងជនបរទេស បើកបររថយន្តពាក់ស្លាកលេខ ខ.ម គ្មានសីលធម៌ រហូតមានករណីខ្លះ កើតមានគ្រោះថ្នាក់ចរាចរណ៍។
ទោះជាយ៉ាងណា ពលរដ្ឋទទូចឱ្យរដ្ឋាភិបាលពង្រឹងនីតិវិធីផ្ទៃក្នុងឱ្យជាប់លាប់ប្រកបដោយតម្លាភាពដោយមិនត្រូវយោគយល់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។