កម្ពុជា
កម្ពុជា-ឃាតកម្ម
14/01/2025 – 10:17
ដោយ៖ អោ ស្រីពេជ្រ
RFI
សមត្ថកិច្ចថៃបានចាប់ខ្លួនជនសង្ស័យទី៣ ដែលជាអ្នកដឹកខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិគេចខ្លួនចូលទឹកដីកម្ពុជា។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃនៅថ្ងៃទី១៤ មករានេះ ជនសង្ស័យទី៣ ជាជនជាតិថៃបានឆ្លើយសារភាពថាខ្លួនពិតជាបានដឹកខ្មាន់កាំភ្លើងគេចខ្លួនក្នុងថ្ងៃកើតហេតុនោះមែន។ តែគេនៅមិនទាន់ដឹងថា តើជនសង្ស័យទី៣ រូបនេះមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោកលិម គិមយ៉ា ឬយ៉ាងណានោះទេ។
ឃាតកម្មលោក លិម គិមយ៉ា៖ ថៃចាប់ជនសង្ស័យទី៣ ជាអ្នកបើកឡាននាំខ្មាន់កាំភ្លើងគេចខ្លួនចូលកម្ពុជា
យោងតាមការចុះផ្សាយរបស់បណ្តាកាសែតក្នុងស្រុកថៃនាថ្ងៃទី១៤ មករា ប៉ូលិសថៃបានឃាត់ខ្លួនជនសង្ស័យទី៣ ដែលជាអ្នកបើកឡានដឹកខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិគេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចថៃ។ ជនសង្ស័យទី៣ដែលមានវ័យ ៤៧ឆ្នាំជាជនជាតិថៃឈ្មោះ ឆាគីត ប៊ួភ្លេ Chakit Buaplee ត្រូវបានប៉ូលិសថៃសម្រេចចោទប្រកាន់ពីបទរួមគំនិតធ្វើឃាតកម្មគិតទុកជាមុន។ សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសថៃបង្ហាញថា ក្នុងថ្ងៃកើតហេតុកាលពីថ្ងៃទី៧ មករានៅវេលាម៉ោង ១ និង៥៤នាទី ពោលនៅ ៤ម៉ោងមុនឃាតកម្មបានកើតឡើង ជនឆាគីត ប៊ួភ្លេបានទូរស័ព្ទទាក់ទងខ្មាន់កាំភ្លើង។
ក្នុងសារព័ត៌មានថៃ Thai Enquirer ឆាគីត ប៊ួភ្លេ បានឆ្លើយសារភាពថា ខ្លួនពិតជាបានបើកឡានដឹកខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ភាណយទៅព្រំដែនប្រទេសកម្ពុជានៅក្នុងថ្ងៃកើតហេតុដោយប្រើរថយន្ត ១បាំងកន្លះដែលរូបគេបានខ្ចីពីអ្នកជិតខាងម្នាក់។ ក្នុងចម្លើយសារភាពជាមួយប៉ូលិសថៃ ឆាគីត ប៊ួភ្លេក៏បានអះអាងដែរថា រូបគេបានស្គាល់ខ្មាន់កាំភ្លើងរយៈពេល ២ឆ្នាំមកហើយ និងថាខ្លួនពិតជាមិនបានដឹង ឬមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មដែលខ្មាន់កាំភ្លើងមានគម្រោងបាញ់សម្លាប់លោក លិម គិមយ៉ានោះទេ។ គួរជម្រាបថាគិតត្រឹមថ្ងៃទី១៤ មករានេះ សមត្ថកិច្ចថៃបានបង្ហាញមុខជនសង្ស័យពាក់ព័ន្ធនឹងឃាតកម្មលោកលិម គិមយ៉ាចំនួន ៣នាក់ហើយ។
ជនសង្ស័យទី១ ជាខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ ជនសង្ស័យទី២ ជាអ្នកបោះតម្រុយជនជាតិខ្មែរឈ្មោះ ពេជ្រ និងជនសង្ស័យទី៣ ចុងក្រោយជាអ្នកបើកឡានជនជាតិថៃឈ្មោះឆាគីត ប៊ួភ្លេ ដែលបានដឹកខ្មាន់កាំភ្លើងគេចខ្លួនចូលទឹកដីកម្ពុជា។ តែក្នុងចំណោមជនសង្ស័យទាំង ៣នាក់ខាងលើ គេនៅមិនទាន់មានដំណឹងស្តីពីការចាប់ខ្លួន ឬសួរនាំលើជនសង្ស័យទី២ ជាជនជាតិខ្មែរឈ្មោះ ពេជ្រនៅឡើយទេគិតត្រឹមថ្ងៃទី១៤ មករានេះ។ ក្រុមសំឡេងប្រឆាំងរដ្ឋាភិបាលកម្ពុជាបានដាក់ការសន្និដ្ឋានថា ជនសង្ស័យទី២ ឈ្មោះ ពេជ្រអាចជាតម្រុយមួយដែលអាចនាំទៅវែកមុខអ្នកបញ្ជាពីក្រោយបាន។
តែកាសែតថៃ The Nation ចុះថ្ងៃទី១៣ មករាបានឱ្យដឹងថា ប៉ូលិសថៃបានអះអាងយ៉ាងខ្លីថា សមត្ថកិច្ចថៃបានកំណត់អត្តសញ្ញាណអ្នកជួលឱ្យជនល្មើសបាញ់សម្លាប់លោកលិម គឹមយ៉ាហើយ និងថា សមត្ថកិច្ចថៃជឿថានឹងអាចវែកមុខអ្នកនៅពីក្រោយឃាតកម្មនេះបានឆាប់ៗ ដោយកំពុងបន្តការស្រាវជ្រាវ និងរកភស្តុតាងច្បាស់លាស់។ គួររម្លឹកថា ជនសង្ស័យ អេកាឡាក់ ភាណយ (Ekkalak Pheanou) ត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅពន្ធនាគារក្រុងបាងកកនៅថ្ងៃទី១៣ មករាដោយមានការយាមកាម និងការពារសុវត្ថិភាពដ៏តឹងតែងបំផុតពីសមត្ថកិច្ចថៃ។

តាមការចុះផ្សាយរបស់កាសែតបាងកកកប៉ុស្តិ៍នៅថ្ងៃទី១៤ មករានេះ ប្រភពជាប៉ូលិសបានបង្ហើបថា តុលាការថៃបានបដិសេធសំណើសុំនៅក្រៅឃុំរបស់អេកាឡាក់ ភាណយ និងថា ខ្មាន់កាំភ្លើងរូបនេះនៅតែបន្តបដិសេធមិនព្រមបង្ហាញអត្តសញ្ញាណរបស់មេក្លោងដោយហេតុផលបារម្ភពីការតាមសម្លាប់បំបិទមាត់ដើម្បីបញ្ចប់ការស៊ើបអង្កេត និងការធ្វើបាបសមាជិកគ្រួសាររបស់ខ្លួន៕