កម្ពុជា
14/01/2025 – 12:12
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានដឹកនាំសមាជិកបក្សទៅជួបជាមួយបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា។ បន្ទាប់ពីបានជួបជាមួយស្ថានទូតអាមេរិកកាលពីថ្ងៃទី១៣ មករា លោក រ៉ុង ឈុន បានដឹកនាំសមាជិកបក្សទៅជួបជាមួយស្ថានទូតសហភាពអឺរ៉ុបនៅថ្ងៃទី១៤ មករានេះ។ ក្នុងជំនួបទាំងពីរនេះត្រូវបានលោក រ៉ុង ឈុន ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី១៤មករានេះថា តំណាងគណបក្សកម្លាំងជាតិបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិតេយ្យកម្ពុជាដែលនៅតែបន្តមានការគំរាមកំហែង និងចាប់ខ្លួនសំឡេងប្រឆាំងជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។
បក្សកម្លាំងជាតិស្នើបណ្តាទូតលោកខាងលិចជួយពិនិត្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិតេយ្យនៅកម្ពុជា
តាមទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះដដែល ស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបបានស្តាប់ការលើកឡើងរបស់បក្សកម្លាំងជាតិ និងសន្យាតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីជួយលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឲ្យប្រសើរឡើង។
លោក រ៉ុង ឈុន បានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីស្ថានទូតអាមេរិក និងសហភាពអឺរ៉ុប លោកនឹងបន្ដលើយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាទៅជជែកជាមួយស្ថានទូតប្រទេសផ្សេងទៀត ដូចជា ជប៉ុន អូស្ដ្រាលី និងស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន៕
