កម្ពុជា
14/02/2025 – 12:00
ដោយ៖ សឹម ចាន់សំណាង
RFI
លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានជួបជាមួយលោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ក្នុងថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ នេះ។ តាមលោកស្រី Bridgette L. Walker បើមានព័ត៌មានផ្លូវការណាមួយស្តីពីគម្រោងផ្តល់ជំនួយដល់សកម្មភាពកំចាត់មីននៅកម្ពុជា ទូតអាមេរិកប្រចាំនៅកម្ពុជានឹងផ្តល់ដំណឹងភ្លាមឲ្យរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់របស់ភាគីអាមេរិកដូចនេះ បន្ទាប់ពីមានការជូនដំណឹងរបស់អង្គភាព CMAC ស្តីពីការរំលាយបុគ្គលិក និងកម្លាំងប្រតិបត្តិការចំនួន ២១០នាក់ ដែលស្ថិតក្នុងគម្រោងជំនួយរបស់អាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
អាមេរិកថានឹងផ្តល់ដំណឹងជាក់លាក់ បើទទួលបានព័ត៌មានលើគម្រោងជំនួយកំចាត់មីននៅកម្ពុជា
តាមខ្លឹមសារជំនួបលើទំព័រហ្វេសប៊ុកអង្គភាព CMAC នាថ្ងៃសុក្រ ទី១៤ កុម្ភៈ ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Bridgette L. Walker បានលើកឡើងពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា ពិសេសផ្តោតលើការងារកម្ចាត់មីន។ លោកស្រី Walker បានអបអរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន ក្នុងនោះ មានការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងប្រទេស រួមទាំងការចូលរួមរបស់កម្ពុជាក្នុងចូលរួមជួយគាំទ្រដល់ប្រទេសមានបញ្ហាមីននៅលើពិភពលោក។
នៅក្នុងជំនួបដដែល ភាគីអាមេរិកបានលើកឡើងពីក្តីបារម្ភជុំវិញផលប៉ះពាល់ដោយការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាមួយដែរ។ តែលោកស្រី Walker បានទទួលស្គាល់ថា ការផ្អាកជំនួយរបស់អាមេរិកនាពេលនេះបានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការជាច្រើនរបស់អង្គភាពស៊ីម៉ាក់។ ចំណែកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC បានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលបានជួយអង្គភាព CMAC ក្នុងការបង្កើនសមត្ថភាព និងលទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាព CMAC ចេញផ្សាយថ្ងៃទី១៣ កុម្ភៈ ការប្រកាសផ្អាកជំនួយភ្លាមៗរបស់រដ្ឋបាលអាមេរិកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាព CMAC ចំនួន២១០នាក់ និងអង្គការជាដៃគូចំនួន៣ ដែលមានចំនួនថវិកាប្រមាណ ២លានដុល្លារអាមេរិកក្នុងមួយ ១ឆ្នាំ។ ការផ្អាកជំនួយរបស់ទីភា្នក់ងារ USAID បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាព CMAC ដែលកំពុងបំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងខេត្តចំនួន៨ រួមមានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។

CMAC ថានាពេលបច្ចុប្បន្ន មានកម្លាំងប្រតិបត្តិការប្រមាណ ៩២% កំពុងបន្តដំណើរការប្រតិបត្តិការរំដោះមីនជាធម្មតានៅតាមបណ្តាខេត្តនានា រួមទាំងខេត្តដែលត្រូវបានផ្អាកជំនួយនេះផង និងថា កម្លាំងទាំងនេះគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយ ដូចជា ជប៉ុន ចិន អាឡឺម៉ង់ JICA CMAA/UNDP វិស័យឯកជន និងអង្គការដៃគូមួយចំនួនទៀត។ ថ្មីៗនេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៤,៤លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់អង្គភាព CMAC និងសកម្មភាពកំចាត់មីននៅកម្ពុជា។ តែអគ្គនាយក CMAC បញ្ជាក់ថា ជំនួយរបស់រដ្ឋាភិបាលចិនពេលនេះមិនមែនចូលជំនួសជំនួយអាមេរិក USAID ដែលរដ្ឋបាលលោកដូណាល់ ត្រាំបានផ្អាកមួយរយៈនោះទេ៕