កម្ពុជា
កម្ពុជា-សង្គម
14/02/2025 – 10:41
ដោយ៖ សឹម ចាន់សំណាង
RFI
របាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងហ្វេសប៊ុកឈ្មោះ Meta បានបង្ហាញថា នាយករដ្ឋមន្រ្តីកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចំណាយថវិកាជាង ១លាន៥សែនដុល្លារដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនូវសកម្មភាពការងារដឹកនាំប្រទេស សកម្មភាពប្រចាំថ្ងៃ បទចម្រៀង និងសារនយោបាយ។ អ្នកតាមដានសង្គមយល់ថា ការចំណាយថវិកាយ៉ាងច្រើនសម្បើមបែបនេះមិនមែនជារឿងចាំបាច់ និងអាចប៉ះពាល់ដល់ថវិកាជាតិ។
Meta ថា លោកហ៊ុន ម៉ាណែត ចំណាយថវិកាជាង ១,៥លានដុល្លារដើម្បីផ្សព្វផ្សាយតាមហ្វេសប៊ុក
ក្រុមហ៊ុន Meta បានផ្សព្វផ្សាយរបាយការណ៍ស្តីពីអ្នកបង់លុយដើម្បីផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ នៅកម្ពុជាត្រូវបាន Meta បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចំណាយលុយជាង ១លាន៥សែនដុល្លារសម្រាប់ផ្សព្វផ្សាយមាតិកាផ្សេងៗរបស់លោកនៅលើបណ្តាញសង្គម។ តាម Meta លោក ហ៊ុន ម៉ាណែត បានចំណាយលុយឲ្យហ្វេសប៊ុកជួយផ្សព្វផ្សាយ សកម្មភាពការងារដឹកនាំប្រទេសកម្ពុជា សកម្មភាពប្រចាំថ្ងៃបែបឯកជន បទចម្រៀង និងសារនយោបាយជាដើម។ ក្រៅពីនេះ និងបើតាមរបាយការណ៍របស់ Meta ដដែល មន្ត្រីខ្មែរមួយចំនួនក្នុងរដ្ឋាភិបាលក៏បានចំណាយថវិការាប់សិបម៉ឺនដុល្លារដើម្បីផ្សព្វផ្សាយសកម្មភាពការងាររបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកដែរ។
ជុំវិញព័ត៌មានស្តីពីការចំណាយរបស់លោកហ៊ុន ម៉ាណែតដើម្បីផ្សព្វផ្សាយតាមហ្វេសប៊ុកនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ នេះ។ តែលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍគំនិត និងការស្រាវជ្រាវយល់ឃើញថា ការចំណាយថវិកាជាង ១លាន៥សែនដុល្លារ ដើម្បីផ្សព្វផ្សាយតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ជាការចំណាយដ៏ធំមួយដែលលោក ហ៊ុន ម៉ាណែត ចង់ប្រកួតប្រជែង ឬបង្ហាញនូវសកម្មភាពការងារផ្សេងៗដើម្បីអាចឲ្យពលរដ្ឋបានឃើញ និងទទួលព័ត៌មានឆាប់រហ័ស។

ទោះជាយ៉ាងណា អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍគំនិត និងការស្រាវជ្រាវរូបនេះមិនភ្លេចចោទជាសំណួរថា តើថវិកាដែលលោក ហ៊ុន ម៉ាណែត បានចំណាយនោះជាថវិកាផ្ទាល់ខ្លួន ឬក៏ជាថវិកាជាតិ។ សំណួរនេះត្រូវបានលោក សេក សុជាតិ ឆ្លើយថា ប្រសិនបើជាការប្រើប្រាស់ថវិកាជាតិ នោះវាធ្វើឲ្យប៉ះពាល់ដល់ការបង់ពន្ធអាករផ្សេងៗរបស់ពលរដ្ឋ ព្រោះរដ្ឋាភិបាលមិនបានប្រើប្រាស់ថវិកាឲ្យចំគោលដៅ៕