រដ្ឋាភិបាលកម្ពុជាប្រាប់ឲ្យអ្នកប្រើប្រាស់(ដ្រូន)ទៅធ្វើស្វ័យប្រកាស

កម្ពុជា
16/02/2025 – 08:57
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រសួង​ជំនាញ​ចំនួន​៣ បាន​ចេញ​ប្រកាស​រួម​មួយ​នៅថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​ប្រាប់​ទៅ​អ្នក​ប្រើ​ប្រាស់​អាកាស​យានគ្មាន​មនុស្ស​បើក​(ដ្រូន)​ត្រូវ​ទៅ​ធ្វើ​ស្វ័យ​ប្រកាស​នៅ​អធិការដ្ឋាន​នគបាល​ដែល​អ្នក​កាន់​កាប់​ដ្រូន​​កំពុង​រស់​នៅ​។​ ការ​ចេញ​ប្រកាស​រួម​របស់​ក្រសួង​មហា​ផ្ទៃ ​ក្រសួង​កសិកម្ម ​និង​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​យ៉ាង​ដូច្នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី ​លោក ​ហ៊ុន ​សែន ​អះអាង​ថា ​មាន​ករណី​ប៉ុន​ប៉ង​ប្រើ​ប្រាស់​ដ្រូន​វាយ​ប្រហារ​ចូល​ភូមិ​គ្រឹះ​របស់​លោក​។

រដ្ឋាភិបាលកម្ពុជាប្រាប់ឲ្យអ្នកប្រើប្រាស់(ដ្រូន)ទៅធ្វើស្វ័យប្រកាស


យោង​តាម​ប្រកាស​អន្តរ​ក្រ​សួង​ទាំង​៣​ ដដែល​នេះ​ ក្រៅ​ពី​ការ​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាកាស​យាន​គ្មាន​មនុស្ស​បើក​(ដ្រូន)​ត្រូវ​ទៅ​ធ្វើ​ស្វ័យ​ប្រកាស​នោះ​ គឺ​ប្រកាស​អន្តរ​ក្រសួង​ក៏​បាន​កំណត់​ទី​តាំង​ហាម​ឃាត់​មួយ​ចំនួន​មិន​ឲ្យ​មាន​ការ​បង្ហោះ​ដ្រូន​ផង​ដែរ​។

ទី​តាំង​សំខាន់​ៗ​ទាំង​នោះ ​រួម​មាន​ ព្រះ​បរមរាជវាំង ស្ថាប័នរដ្ឋ មន្ទីរពេទ្យ​សាលារៀន និង​ផ្សារ ពហុកី​ឡា​ដ្ឋាន​ តំបន់​រមណីយ​ដ្ឋាន​អង្គរ​ និង​បរិវេណ​ប្រាសាទ​ លំនៅឋាន​ប្រធាន​ព្រឹទ្ធសភា ​ប្រធាន​រដ្ឋសភា ​និង​នាយក​រដ្ឋ​មន្ត្រី​ និវេស​ដ្ឋាន​ទូត ​ស្ថាន​ទូត ​អគ្គ​កុង​ស៊ុល ​និង​អង្គការ​អន្តរ​ជាតិ​។​ លើស​ពី​នេះ​ក៏​ត្រូវ​បាន​ហាម​ឃាត់​ការ​បង្ហោះ​ដ្រូន​ផង​ដែរ​ នៅ​មូល​ដ្ឋាន​យោធា និង​មូល​ដ្ឋាន​នគរបាល​ជាតិ ​ទីតាំង​ឬ​ឃ្លាំង​ផ្ទុក​សារធាតុ​ងាយ​ផ្ទុះ​ឆាបឆេះ ​ស្ថានីយ​វិទ្យុ ​ទូរទស្សន៍​ រោងចក្រ​ចម្រាញ់​ប្រេង ឧស្ម័ន រ៉ែ និង​អគ្គិសនី។

តែ​នៅក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ​ ក៏បាន​បញ្ជាក់​ផង​ដែរថា​ ការ​តម្រូវ​ឲ្យ​ទៅ​ធ្វើ​ស្វ័យ​ប្រកាស​នេះ​ គឺ​សម្រាប់​តែ​អ្នក​ប្រើ​ប្រាស់​ដ្រូន​ដែល​អាច​ផ្ទុក​ទម្ងន់​លើស​ពី​២​គីឡូ​ក្រាម​ឡើង​ទៅ​ រាប់​ទាំង​ដ្រូន​កសិកម្ម​ និង​បាន​បញ្ជា​ឲ្យ​មន្ទីរ​កសិកម្ម​នីមួយៗ​ត្រូវ​គ្រប់​គ្រង​ទិន្នន័យ​ដ្រូន​កសិកម្ម​ឲ្យបាន​ច្បាស់​លាស់​។

នៅលើ​ហ្វេស​ប៊ុក​ផ្លូវ​ការ​ នៅថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសកំចាត់ចោលនូវរាល់បុគ្គលទាំងឡាយណាដែលចង់សម្លាប់លោក និងគ្រួសាររបស់លោក ដោយភ្ជាប់​ជាមួយ​នូវ​ឃ្លីប​សំឡេង​ចំនួន​២ ដែល​បង្ហាញ​ពី​ការ​ជជែក​គ្នា​របស់​ក្រុម​មួយ​ទាក់​ទង​ទៅនឹង​គម្រោង​ធ្វើ​ឃាត ​លោក ហ៊ុន សែន និង​ក្រុមគ្រួសារ​ដោយ​ប្រើដ្រូន​។

អាកាសយានគ្មានមនុស្សបើក(ដ្រូន)
អាកាសយានគ្មានមនុស្សបើក(ដ្រូន) AFP – JOEL SAGET

លោក​ ហ៊ុន សែន បានអះអាងថា លោកដឹងពីមេធំរបស់អ្នកប៉ុនប៉ងធ្វើឃាតលោកជាអ្នកណា ហើយនៅទីណា។ តែលោកមិនទាន់បញ្ចេញនៅពេលនេះទេ ដោយលោកត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។

កាលពីចុងឆ្នាំ​២០១៧ កម្ពុជាបានចាប់ខ្លួនផលិតករ​ខ្សែ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson យកទៅកាត់ទោស៦ឆ្នាំ ពីបទ«ចារកម្ម» បន្ទាប់ពី​ជន​បរទេស​ដែល​សកម្ម​ជាមួយ​គណបក្ស​ប្រឆាំង​រូប​នេះ បាន​បង្ហោះ​ដ្រូន ​នៅទីតាំង​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​។​ តែ​អង្គការ​អន្តរ​ជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​កាត់​ទោស​នេះ​​ថា​ មាន​ចរិត​នយោបាយ​៕

What Next?

Recent Articles