កម្ពុជា
កម្ពុជា-ព្រំដែន
18/02/2025 – 12:12
ដោយ៖ អោ ស្រីពេជ្រ
RFI
ក្រសួងការពារជាតិបានអះអាងថា សភាពការណ៍ព្រំដែនកម្ពុជា-ថៃ នៅត្រង់ប្រាសាទតាមាន់ធំ «គ្មានអ្វីប្លែកទេ» គិតត្រឹមថ្ងៃទី១៨កុម្ភៈនេះ ថ្វីបើមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅតំបន់នោះ កាលពីថ្ងៃទី១៣កុម្ភៈកន្លងទៅ។ ការអះអាងរបស់ក្រសួងការពារជាតិកម្ពុជាធ្វើឡើង បន្ទាប់ពីថៃបានផ្ញើលិខិតតវ៉ាមកភាគីកម្ពុជា ដែលនៅក្នុងនោះថៃចោទទាហានខ្មែរថា បានអនុញ្ញាតឱ្យមានការច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើទឹកដីថៃ និងបានគំរាមប្រើអាវុធតតាំងជាមួយទាហានថៃ។
ក្រសួងការពារជាតិ៖ ទាហានខ្មែរ និងថៃនៅប្រាសាទតាមាន់ធំជួប ធ្វើការធម្មតា ក្រោយប្រឈមមុខដាក់គ្នា
យោងតាមការចុះផ្សាយរបស់កាសែតថៃ ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅប្រាសាទតាមាន់ធំបានកើតឡើងកាលពីថ្ងៃទី១៣កុម្ភៈ បន្ទាប់ពីទាហានថៃបានចូលទៅហាមមិនឱ្យពលរដ្ឋខ្មែរ ១ក្រុម ឈរអមដោយទាហាន ច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើប្រាសាទ។ បើតាមការអះអាងរបស់ភាគីថៃ ទាហានខ្មែរបានប្រតិកម្មតបវិញភ្លាម ដោយការគំរាមប្រើអាវុធតតាំងជាមួយទាហានថៃ។
នៅក្នុងការចុះផ្សាយរបស់កាសែតថៃ The Nation ថ្ងៃទី១៧កុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកភូមថាំ វីឆៃយ៉ាឆៃ Phumtham Wechayachai បានលើកឡើងថា ថៃចាំបាច់ផ្ញើលិខិតតវ៉ាមកភាគីកម្ពុជា ពីព្រោះថៃមិនចង់ឱ្យការប្រឈមមុខដាក់គ្នានៅប្រាសាទតាមាន់ធំក្លាយទៅជារឿងធំចម្រូងចម្រាស់។ ប៉ុន្តែ ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការពារជាតិថៃមិនលាក់ពីក្តីបារម្ភចំពោះឧប្បត្តិហេតុនេះ ដែលថៃចាត់ទុកថា កម្ពុជាជាអ្នកបង្ករឿង។ ចំពោះរដ្ឋមន្រ្តីការពារជាតិថៃ ប្រាសាទតាមាន់ធំដែលទាហានខ្មែរអនុញ្ញាតឱ្យមនុស្សចូលទៅច្រៀងចម្រៀងជាតិខ្មែរនោះ ស្ថិតក្នុងខេត្តសុរិន្ទរបស់ថៃដែលជាតំបន់មិនទាន់ព្រមព្រៀងបិទបញ្ចប់ការបោះបង្គោលព្រំដែននៅឡើយ។
ដោយឡែក ក្នុងការចុះផ្សាយរបស់កាសែត Bangkok Post មេទ័ពថៃឈរជើងនៅតំបន់ប្រាសាទតាមាន់ធំបាននិយាយថា ការច្រៀងចម្រៀងភ្លេងជាតិខ្មែរនៅលើប្រាសាទតាមាន់ធំគឺជាការដើររំលងកិច្ចព្រមព្រៀងរវាងយោធាថៃ និងកម្ពុជា ដែលហាមមិនឱ្យធ្វើសកម្មភាពអ្វីលើសពីការចូលទស្សនាប្រាសាទតែប៉ុណ្ណោះ។

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨កុម្ភៈថា ការប្រឈមមុខដាក់គ្នានៅប្រាសាទតាមាន់ធំមិនបានបង្កផលប៉ះពាល់ដល់កិច្ចសហការនៅតំបន់ព្រំដែនរវាងកងទ័ពកម្ពុជា និងថៃឡើយ។ ម្យ៉ាង បើតាមលោក ឈុំ សុជាត របាយការណ៍ពីតំបន់ព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យបានបង្ហាញថា សភាពការណ៍ជារួម គិតនៅត្រឹមថ្ងៃទី១៨កុម្ភៈនេះគឺ «គ្មានអ្វីប្លែកទេ» ថ្វីបើមានការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ និងទាហានថៃនៅតំបន់នេះកាលពីថ្ងៃទី១៣កុម្ភៈក៏ដោយ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះមិនបានបញ្ជាក់ទេថា តើកម្ពុជាបានសម្របសម្រួលគ្នាយ៉ាងណាជាមួយថៃ ជុំវិញការប្រឈមមុខដាក់គ្នាខាងលើ៕