កម្ពុជា
20/02/2025 – 13:15
ដោយ៖ ញឹម សុផល
RFI
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចព្យួរមន្ត្រីនគរបាល២នាក់ពីការងារ ដោយមិនកំណត់ពេលវេលា។ ការសម្រេចរបស់ស្នងការរាជធានីភ្នំពេញធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា អំឡុងពេលត្រួតពិនិត្យជាតិអាល់កុលកាលពីដើមសប្តាហ៍នេះ នៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប៉ូលីស២នាក់ត្រូវព្យួរការងារក្រោយមានជម្លោះពិនិត្យជាតិអាល់កុលជាមួយបណ្ឌិត សុខ ទូច
មន្ត្រីនគរបាល២នាក់ ក្នុងចំណោមមន្ត្រីនគរបាល១ក្រុម ដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិអាល់កុលពេលយប់ និងប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិត សុខ ទូច កាលពីយប់ថ្ងៃចន្ទកន្លងទៅ ត្រូវបានស្នងការប៉ូលីសរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ដាក់ពិន័យ ដោយព្យួរការងារមិនមានពេលកំណត់ ក្រោមមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
យោងតាមលិខិតបង្គាប់ការ នគរបាលទាំង២រូប គឺវរសេនីយ៍ទោ ហឿង វឿន អធិការរងនគរបាលខណ្ឌសែនសុខ និងអនុសេនីយ៍ឯក មាស ភារម្យ ជាមន្ត្រីកងអន្តរាគមន៍ពិសេសនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៅតែត្រូវទៅបង្ហាញខ្លួន នៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ រហូតដល់មានបទបញ្ជាថ្មី។
ជុំវិញការដាក់ពិន័យលើនគរបាលទាំងពីររូបនេះ លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានមើលឃើញថា អាជ្ញាធរគួរមានវិធានការដោះស្រាយឲ្យបានសមស្របតាមគោលការណ៍ច្បាប់លើសពីការដាក់ពិន័យខាងលើ។
សូមរំលឹកថា កាលពីរាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥សមត្ថកិច្ច១ក្រុមដែលបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិអាល់កុលនិងបទល្មើសផ្សេងៗនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញបានប៉ះទង្គិចគ្នាជាមួយលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ក្រោយពីនគរបាលឃាត់រថយន្ត ហើយពិនិត្យជាតិអាល់កុលរបស់លោក សុខ ទូច។

ក៏ប៉ុន្តែក្រោយពិនិត្យមិនឃើញវិជ្ជមានជាតិអាល់កុល និងប៉ះសំដីជាមួយនគរបាល១ក្រុមមានគ្នាប្រមាណ១០នាក់ទាក់ទងនឹងបច្ចេកទេសផ្លុំជាតិអាល់កុល លោក សុខ ទូច ដែលត្រូវនគរបាលឡោមព័ទ្ធបានព្យាយាមចាកចេញពីទីនោះ។ ការរារាំងពីនគរបាលបានឈានទៅដល់ការរុញច្រានលោក សុខ ទូច ដោយហិង្សា។ នេះបើយោងតាមឃ្លីបវីដេអូដែលលោក សុខ ទូច បានបង្ហោះតាមបណ្តាញសង្គម។
ជុំវិញភាពចម្រូងចម្រាសមួយនេះ មហាជនជាពិសេសអ្នកដែលធ្លាប់រងការផាកពិន័យរបស់នគរបាលចរាចរណ៍បានបញ្ចេញទស្សនៈរិះគន់មន្ត្រីនគរបាលយ៉ាងចាស់ដៃតាមបណ្តាញសង្គម ខណៈអ្នកគាំទ្រសមត្ថកិច្ចមានតិចតួច។
ទោះយ៉ាងណា លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងដែរថា លោកមិនលើកលែងចំពោះមន្ដ្រីនគរបាលណាដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ៕