កម្ពុជា
20/02/2025 – 11:53
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
កម្ពុជា និងវៀតណាមប្ដេជ្ញាចិត្តបន្ថែមទៀត សាជាថ្មី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ការប្ដេជ្ញាចិត្តបន្ថែមទៀតរបស់កម្ពុជា និងវៀតណាមធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរបានជួបជជែកពិភាក្សាការងារគ្នាទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម។
លោក ហ៊ុន ម៉ាណែត ទទួលឯកអគ្គរដ្ឋទូតវៀតណាមថ្មី ខណៈលោក ស សុខា បំពេញទស្សនកិច្ចនៅវៀតណាម
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានទទួលជួបលោក ង្វៀន ម៉ិញវូ ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅប្រទេសកម្ពុជា។ យោងតាមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតវៀតណាមបានប្ដេជ្ញាចិត្តពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ វិស័យដែលវៀតណាមប្ដេជ្ញាពង្រីកសហប្រតិបត្តិការជាមួយកម្ពុជា រួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិនិងសន្តិសុខ ទេសចរណ៍ អប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ជាការឆ្លើយតបវិញ លោក នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានណែនាំឱ្យឯកអគ្គរដ្ឋទូតវៀតណាមទៅសហការ ជាមួយក្រសួង-ស្ថានប័នពាក់ព័ន្ធរបស់កម្ពុជាដែលធ្វើការលើវិស័យខាងលើ។
ខណៈដែលនាយករដ្ឋមន្រ្តីកម្ពុជាទទួលជួបអ្នកតំណាងថ្មីរបស់វៀតណាមនៅកម្ពុជា លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ កុម្ភៈដដែល បានជួបលោក ផាម ម៉ិញជិញ នាយករដ្ឋមន្ដ្រីវៀតណាម នៅរដ្ឋធានីហាណូយ ដោយបានបេ្ដជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា វៀតណាម។
យោងតាមសារព័ត៌មានវៀតណាម Vietnam Plus លោក ផាម មិញជិញ បានស្នើឱ្យក្រសួងមហាផ្ទៃកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសទាក់ទងនឹងគ្រឿងញៀន ការជួញដូរមនុស្ស ការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធ័រនែត និងបញ្ជូនជនជាតិវៀតណាមដែលចាញ់បោកការបោកប្រាស់តាមអ៊ីនធ័រនែតទៅកាន់វៀតណាមវិញ។

បើតាមការចុះផ្សាយរបស់កាសែត Vietnam Plus ដដែល លោក ស សុខា បានសន្យាសហការជាមួយវៀតណាម និងបានធានាថា នឹងលោកបង្កើនការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូជាមួយវៀតណាមបន្ថែមទៀត ដើម្បីទទួលបានជោគជ័យកាន់តែខ្លាំងក្នុងការងារប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋ។ លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃនេះថា កម្ពុជានិងវៀតណាមបានចុះហត្ថលេខាបន្ដផែនការសហប្រតិបត្តិការជាមួយវៀតណាមសម្រាប់ឆ្នាំ២០២៥។ ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យការពារសន្ដិសុខជាតិ ការកសាងខ្សែបន្ទាត់ព្រំដែនមិត្តភាព និងការផ្លាស់ប្ដូរគណៈប្រតិភូទស្សកិច្ចការងារ ការព្យាបាលជំងឺ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្លាស់ប្ដូរភស្ដុភារសម្ភារៈបច្ចេកទេស។
លោកបណ្ឌិត យ៉ង ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាធ្លាប់ប្រាប់វិទ្យុបារាំងអន្ដរជាតិកាលពីពេលថ្មីៗនេះថា ការប្តេជ្ញាចិត្តរវាងប្រទេសកម្ពុជា និងវៀតណាមជាចំណុចវិជ្ជមានមួយក្នុងនាមជាប្រទេសជិតខាងគ្នា និងថា ការប្ដេជ្ញាចិត្តបន្ថែមនេះ ជាការបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង។ ប៉ុន្តែ ទន្ទឹមនឹងការប្ដេជ្ញាចិត្តបន្ថែម ប្រទេសទាំងពីរក៏ត្រូវមានភាពស្មោះត្រង់ និងមិនលាក់ព័ត៌មានរវាងគ្នាឡើយ ពិសេសមិនត្រូវមានរបៀបវារៈនយោបាយពីក្រោយខ្នង។ គោលដៅគឺដើម្បីកសាងទំនុកចិត្ត និងឈានដល់ការបង្កើតប្រវត្តិសាស្ត្រថ្មីរវាងប្រទេសទាំងពីរ៕