កម្ពុជា
កម្ពុជា-ប្រព័ន្ធផ្សព្វផ្សាយ
20/02/2025 – 13:54
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនេះ អង្គការសារព័ត៌មានអន្តរជាតិ ឈ្មោះ Forbidden Stories បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយស្តីពីឃាតកម្មលើលោក ឈឿង ឈឹង អ្នកកាសែតដែលរាយការណ៍ពីបទល្មើសព្រៃឈើ ក្នុងខេត្តសៀមរាប។ លោក ឈឿង ឈឹង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ អំឡុងពេលលោកចុះយកព័ត៌មានពាក់ព័ន្ធនឹងការកាប់ ព្រៃឈើ នៅដែនជម្រកសត្វព្រៃបឹងពែរ កាលពីខែធ្នូ ឆ្នាំ២០២៤។ បើតាមអង្គការ Forbidden Stories វីដេអូនៅទីតាំងឈូសឆាយព្រៃក្នុងតំបន់បឹងពែរដែលលោក ឈឿង ឈឹង បានចុះទៅថតយកព័ត៌មាននៅ ៣សប្តាហ៍មុនថ្ងៃកើតហេតុ អាចជាមូលហេតុមួយនៅពីក្រោយឃាតកម្មសម្លាប់លោកឈឿង ឈឹង។
Forbidden Stories៖ វីដេអូឈូសព្រៃនៅបឹងពែរអាចជាមូលហេតុនៃឃាតកម្មលើអ្នកកាសែត ឈឿង ឈឹង
Forbidden Stories ជាអង្គការសារព័ត៌មាន មានទីតាំងនៅក្រុងប៉ារីស ប្រទេសបារាំង ដែលតាំងខ្លួនជាអ្នកផ្សព្វផ្សាយព័ត៌មានរបស់អ្នកកាសែតដែលត្រូវគេបំបិទសំឡេងនៅក្នុងពិភពលោក។ នៅថ្ងៃព្រហស្បតិ៍ទី ២០កុម្ភៈនេះ អង្គការអ្នកសារព័ត៌មានអន្តរជាតិមួយនេះបានចេញផ្សាយ សេចក្តីរាយការណ៍ស៊ើបអង្កេតមួយ ជុំវិញឃាតកម្មលើអ្នកកាសែតខ្មែរ ឈ្មោះ ឈឿង ឈឹង ដែលត្រូវឃាតករបាញ់សម្លាប់ ក្នុងពេលចុះយកព័ត៌មានពាក់ព័ន្ធនឹងការកាប់ព្រៃឈើខុសច្បាប់កាលពីខែធ្នូ ឆ្នាំ២០២៤។
«ហេតុអ្វីបានជាអត់ដឹងថា មានត្រាក់ទ័រឈូសឆាយនៅទីនេះ។ មន្ត្រីបរិស្ថានជួយពិនិត្យឱ្យមែនទែន។ ស្នាមឈូសឆាយ វាលអស់ហើយ» នេះគឺជាសំដីរបស់លោក ឈឿង ឈឹងនៅក្នុងវីដេអូដែលបានថតទុក កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់ធ្វើសេចក្តីរាយការណ៍ពីទីតាំងរងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វព្រៃបឹងពែរ ខេត្តសៀមរាប។
Forbidden Stories បានសរសេរបន្ថែមថា អាជ្ញាធរបានប្រទះឃើញសកម្មភាពធ្វើសេចក្តីរាយការណ៍ដែលលោក ឈឿង ឈឹង បានថតទុកក្នុងវីដេអូនោះ។ ៣សប្តាហ៍ក្រោយ គឺនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ឈឿង ឈឹង ក៏ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារតែម្តង។ ការណ៍នេះធ្វើឲ្យ Forbidden Stories ដាក់សេចក្តីសន្និដ្ឋានថា វីដេអូដែលលោក ឈឿង ឈឹង បានធ្វើសេចក្តីរាយការណ៍ពីទីតាំងឈូសឆាយព្រៃ នៅដែនជម្រកសត្វព្រៃបឹងពែរខាងលើគឺជាមូលហេតុមួយដែលនាំឱ្យមានឃាតកម្មសម្លាប់រូបលោក។
លោក មឿន នី សហការីដែលបានចុះយកព័ត៌មានជាមួយលោក ឈឿង ឈឹង បានផ្តល់បទសម្ភាសឱ្យ Forbidden Stories ថា ក្រោយហេតុការណ៍បាញ់ប្រហារមិនដល់ ១ម៉ោងផង អាជ្ញាធរបានរឹបអូសយកទូរស័ព្ទរបស់លោកឈឿង ឈឹង និងបានលុបចោលរូបភាពក្នុងទូរស័ព្ទជាច្រើន ដែលបង្ហាញពីទីតាំងឈូសឆាយព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃបឹងពែរ។ លោក មឿន នី ចោទថា សកម្មភាពរបស់អាជ្ញាធរបែបនេះជាចេតនាបំផ្លាញភស្តុតាង នៅក្នុងរឿងឃាតកម្មលើលោក ឈឿង ឈឹង។

គួរជ្រាបថា អំឡុងពេលចុះយកព័ត៌មាន អ្នកកាសែតរបស់ Forbidden Stories អះអាងថាមានស្លាកសញ្ញាមួយដែលសរសេរថា «ដីជាប់បណ្តឹងតុលាការ» នៅលើទីតាំងដែលលោក ឈឿង ឈឹង បានចុះអង្កេតយកព័ត៌មាន។ តែ Forbidden Stories អះអាងថា មិនបានទទួលការបកស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីខាងតុលាការ អាជ្ញាធរបរិស្ថាន មន្ត្រីអនុរក្សការពារ និងអ្នកដែលត្រូវបានចោទប្រកាន់ថា បានឈូសឆាយដីព្រៃទេ។
គួររម្លឹកថា លោក ឈឿង ឈឹង ជាអ្នកកាសែតនៅគេហទំព័រកម្ពុជាអភិវឌ្ឍន៍។ លោកបានបាត់បង់ជីវិត ដោយសាររងរបួសធ្ងន់ធ្ងរពេក បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងប្រើកាំភ្លើងច្នៃបាញ់សម្លាប់ អំឡុងពេលលោកចុះយកព័ត៌មានពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាបបានប្រកាសជាសាធារណៈថា លោក ឈឿង ឈឹង ត្រូវបានបុគ្គលឈ្មោះ ស៊ី លឿយ សម្លាប់ក្រោមហេតុផល ទំនាស់រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅនឹងការទារប្រាក់ ជាថ្នូរនឹងការមិនចុះផ្សាយ និងការមិនរាយការណ៍ទៅកាន់មន្ត្រីបរិស្ថាន។ ក៏ប៉ុន្តែចំពោះក្រុមគ្រួសារសាច់ញាតិ និងសហការីរបស់លោក ឈឿង ឈឹង យល់ថា ឃាតុកម្មនេះកើតឡើងដោយសារតែលោក ឈឿង ឈឹង អនុវត្តអាជីពជាអ្នកកាសែតដែលបាននិយាយប៉ះពាល់ដល់ប្រយោជន៍របស់ជនទុច្ចរិតដែលកាប់បំផ្លាញព្រៃឈើ។ ជុំវិញឃាតកម្មលើអ្នកកាសែត ឈឿង ឈឹង ក្រសួងព័ត៌មានបានបញ្ជាក់ពីការប្តេជ្ញាចិត្តចូលរួមក្នុងដំណើរការនីតិវិធីច្បាប់នៅតុលាការដើម្បីធានាផ្តល់យុត្តិធម៌ឱ្យគ្រួសាររបស់លោក ឈឿង ឈឹង។
ដោយឡែក អាជ្ញាធរខេត្តសៀមរាបបានរំព្ញកឱ្យអ្នកកាសែតទាំងអស់ប្រុងប្រយ័ត្នខ្ពស់នៅពេលចុះយកព័ត៌មានស៊ើបអង្កេតនៅតំបន់នានា និងត្រូវជូនដំណឹងទុកជាមុនទៅអាជ្ញាធរ។ អយ្យការអមសាលាដំបូងខេត្តសៀមរាបវិញបានបញ្ជាក់ជំហរក្នុងការអនុវត្តច្បាប់ត្រឹមត្រូវ និងបានប្តូរបទចោទប្រកាន់លើបុគ្គលឈ្មោះ ស៊ី លឿយ ពីបទប៉ុនប៉ងឃាតកម្ម ទៅជា បទឃាតកម្មវិញ ដែលអាចប្រឈមនឹងទោសជាប់ពន្ធនាគារ ចន្លោះពី១០ឆ្នាំ ទៅ១៥ឆ្នាំ៕