កម្ពុជា
01/03/2025 – 08:43
ដោយ៖ សាំ ឧត្តម
RFI
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ពីការត្រៀមបណ្តេញចេញជនបរទេសចំនួន២៣០នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់លើទឹកដីកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ជនបរទេសទាំងនោះ គឺសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនកាលថ្ងៃទី២២ និង២៣ ខែកុម្ភៈ ក្នុងប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន២កន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្ពុជាត្រៀមបណ្តេញជនបរទេស២៣០នាក់ដែលពាក់ព័ន្ធអំពើឆបោកអនឡាញនៅកម្ពុជា
ក្រោយបញ្ចប់នីតិវិធីកំណត់អត្តសញ្ញាណជនបរទេសដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺរកឃើញថាមានជនជាតិថៃច្រើនជាងគេរហូតដល់១១៩នាក់ ក្នុងនោះស្រីចំនួន៥៨នាក់។ ចំពោះជនជាតិថៃទាំង១១៩នាក់នោះ កម្ពុជានឹងប្រគល់ឱ្យភាគីថៃនៅពេលឆាប់ៗ ដើម្បីយកទៅបន្តការស៊ើបអង្កេតតាមច្បាប់របស់ប្រទេសថៃ។
ចំណែកជនបរទេសផ្សេងទៀតដែលមានសញ្ជាតិប៉ាគីស្ថាន ឥណ្ឌា តៃវ៉ាន់ ឥណ្ឌូនេស៊ី ភូមា និងឡាវ អាជ្ញាធរកម្ពុជាកំពុងរៀបចំនីតិវិធី និងបែបបទបណ្តេញចេញពីប្រទេសកម្ពុជា។ ជនបរទេសទាំងនោះ ក៏ជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់ដោយប្រើប្រាស់ទឹកដីកម្ពុជាដែរ។
តាមអគ្គស្នងការនគរបាលជាតិ ករណីនេះមានភាពខុសប្លែកពីករណីដែលអាជ្ញាធរកម្ពុជាធ្លាប់ជួបកន្លងមក គឺថា ជនបរទេសទាំង២៣០នាក់នោះ មិនដែលស្នើសុំដល់សមត្ថកិច្ចណាមួយ រួមទាំងរដ្ឋាភិបាលរបស់ពួកគេឱ្យជួយអន្តរាគមន៍ដើម្បីបានឈប់ពីការងារ ឬបានត្រឡប់ទៅប្រទេសកំណើតវិញនោះទេ។ ត្រង់ចំណុចនេះ សមត្ថកិច្ចជំនាញយល់ថា អ្នកទាំងអស់នេះបំពេញការងារដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ព្រោះតែដើម្បីបានការងារដែលមានចំណូលខ្ពស់។
លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឱ្យដឹងថា អាជ្ញាធរតែងចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញបន្តបន្ទាប់ដោយឥតស្រាកស្រានម្តងណាទេ។ តែថា ករណីឆបោកតាមអនឡាញ នេះ មានភាពស្មុគស្មាញ និងពិបាកទប់ស្កាត់។ ពិបាកត្រង់ថា ការឆបោកតាមអនឡាញ គឺធ្វើតាមប្រព័ន្ធអ៊ីនធ័រណេត ដែលសមត្ថកិច្ចពិបាកកំណត់មុខសញ្ញា ពិសេសការកំណត់ថាមួយណាជាជនល្មើស ឬជនរងគ្រោះ។ ទោះយ៉ាងណា លោកស្រីថា អាជ្ញាធរនៅតែបន្តស្រាវជ្រាវទីតាំងប្រព្រឹត្តដែលប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនេះ ដើម្បីទប់ស្កាត់កុំឱ្យរីករាលដាលកាន់តែខ្លាំង។

សូមរម្លឹកថា កាលពីថ្ងៃទី២២ និង២៣ ខែកុម្ភៈ នគរបាលកម្ពុជា និងសមត្ថកិច្ចថៃបានបើកប្រតិបត្តិការបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញចំនួន២កន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរំដោះបានជនបរទេសសរុបចំនួន២៣០នាក់។
គួរជម្រាបថា ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្សបានរាយការណ៍ថា សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកតាមអនឡាញ និងជួញដូរមនុស្សជាក់ស្តែងនៅកម្ពុជាប្រមាណ ២០% ក្នុងចំណោមបទល្មើសជាង ៤០០ករណី៕