ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ

កម្ពុជា
02/03/2025 – 08:30
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ បាន​អះអាង​ថា​ មាន​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បាន​បញ្ជូន​ទៅ​កាន់​តុ​លាការ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​បន្ទាប់ពី​មាន​ករណី​បាញ់ ​និង​ដុត​ផ្ទះ​ពលរដ្ឋ នៅ​ភូមិ​ពូធឿង សង្កាត់​បិតត្រាំង​ ខេត្តព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភ: ឆ្នាំ​២០២៥​។​ តែ​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ព្រះកេតុ​មាលា ក្នុង​រាជ​ធានី​ភ្នំពេញ ​បានរយៈពេល​​ជិត​មួយ​សប្ដាហ៍​។

ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ


លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅ​ថ្ងៃទី២ ខែមីនាថា ករណីបាញ់ និង​ដុត​ផ្ទះពលរដ្ឋនេះ កើតឡើង​ដោយ​សារតែជម្លោះដីធ្លី។ តែ​លោកបានបញ្ជាក់ថា មកទល់ពេលនេះ​មានជនសង្ស័យ​មួយចំនួន​ត្រូវបាន​ចាប់​ខ្លួន និងមួយចំនួន​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្តនីតិវិធីតាម​ច្បាប់។

បើតាមប្រពន្ធ​ជន​រងគ្រោះប្តី​របស់​គាត់ ឈ្មោះ សឿង សុភក្រ័្ត ​បាន​ស្លាប់ កាល​ពី​រសៀល​ថ្ងៃ​ទី២៨ ខែកុម្ភ: ឆ្នាំ​២០២៥ ក្រោយ​ពេល​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម សម្រុក​ចូល​មក​ដុត​ផ្ទះ​ពលរដ្ឋ ហើយ​ប្រើ​កាំបិត​កាប់​ចំ​ត្រង់​ក្បាល​ប្តី​លោកស្រី​ខាង​ស្ដាំ។

ក្រុមគ្រួសារជនរងគ្រោះបានអះអាងថា មុន​ថ្ងៃ​កើត​ហេតុ ប្ដី​របស់គាត់​ត្រូវ​បាន​ជន​ម្នាក់​ឈ្មោះ ផល គឹមវីរៈ ប្ដឹង​អំពី​បទ​ចូល​កាន់កាប់​លើ​ដី​របស់គេ និងត្រូវចូល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ នៅ​ថ្ងៃ​ទី២០ ខែកុម្ភៈ តែ​ប្ដី​គាត់​មិន​បាន​ទៅ​បំភ្លឺ​ទេ ដោយអ្នកស្រី​អះអាង​ថា ដី​ដែល​គាត់​អាស្រ័យ​ផល គឺ​មានការទទួល​ស្គាល់ដោយអាជ្ញាធរ​ភូមិ និង​ឃុំ។

ចំណែកស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ លោក ស រដ្ឋា បញ្ជាក់ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ៦នាក់ និង​កំពុង​បន្ត​នីតិវិ​ស្រាវជ្រាវអ្នកពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ
ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ © FB

សូមបញ្ជាក់ថា កាល​ពី​យប់​ថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ពលរដ្ឋអះអាងថា ​មានមនុស្ស​ប្រមាណ ២០នាក់ បានចូល​ទៅ​បិទ​ភ្លើងក្នុងភូមិពូធឿន ​ហើយ​បាញ់រះ និង​ដុត​ផ្ទះ​សម្បែង​ពលរដ្ឋ៤ខ្នង ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ ២នាក់​រង​របួស​ធ្ងន់ និង​ស្រាល។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្តព្រះសីហនុ បានហៅករណី​ដុត​ផ្ទះសម្បែង និង​កាប់​សម្លាប់​ពលរដ្ឋ​បែប​នេះ គឺ​ជា​ទង្វើ​អមនុស្សធម៌ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែលត្រូវតែចាប់​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ដើម្បី​កុំ​ឱ្យ​មាន​និទ្ទណ្ឌភាព៕

What Next?

Recent Articles