កម្ពុជា
05/03/2025 – 13:16
ដោយ៖ សាំ ឧត្តម
RFI
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្នុងឆ្នាំ២០២៤ ការប្រើប្រាស់សេវាព្យាបាលជំងឺទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនបានកើនឡើងចំនួន ៥៩% ដែលជាកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ តាមលោករដ្ឋមន្ត្រី កំណើននៃការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុករបស់ប្រព័ន្ធសុខាភិបាលកម្ពុជា តែថា នេះក៏ជាក្តីព្រួយបារម្ភពីកំណើនអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាដែរ។
ការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមបានកើនឡើងជិត ៦០% ក្នុងឆ្នាំ ២០២៤
នៅក្នុងពិធីបិទសន្និបាតលើកទី៤៤របស់ក្រសួងសុខាភិបាលនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមក្នុងឆ្នាំ ២០២៤ បានកើនឡើង ៥៩,១៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ អ្នកជំងឺថ្មីមានចំនួនជាង ២៣ម៉ឺននាក់ ខណៈអ្នកជំងឺទឹកនោមផ្អែមសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនជាង១ម៉ឺន៧ពាន់នាក់ ពោលកើនឡើង៤៣,២៥%។ តាមលោករដ្ឋមន្ត្រី ជំងឺមិនឆ្លងដូចជា ជំងឺសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរាំរ៉ៃ ពិសេសជំងឺទឹកនោមផ្អែមនេះ គឺជាឃាតករលាក់មុខដែលសម្លាប់ និងធ្វើឱ្យពលរដ្ឋខ្មែរធ្លាក់ខ្លួនពិការ ខណៈដែលកម្ពុជាកំពុងបោះជំហានទៅកាន់ប្រទេសមួយដែលមានដង់ស៊ីតេពលរដ្ឋវ័យចំណាស់កាន់តែច្រើន។
លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌សង្កេតឃើញពីហានិភ័យ និងបញ្ហាប្រឈមខ្លាំងនៃសុខភាពសាធារណៈនៅកម្ពុជា។ តាមលោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី បញ្ហាប្រឈមអាចមានរយៈពេលវែង ទាំងផ្អែកកាយសម្បទា និងសេដ្ឋកិច្ច ព្រោះបញ្ហាជំងឺទឹកនោមផ្អែមបានបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី៥ ខែមីនា ប្រធានសមាគមគ្រូពេទ្យគុណធម៌ដដែលរូបនេះទទូចឱ្យពលរដ្ឋខ្មែរព្យាយាមកាត់បន្ថយការបរិភោគជាតិផ្អែម ប្រៃ និងត្រូវធ្វើលំហាត់ប្រាណឱ្យជាប់ជាប្រចាំដែលជាផ្នែកមួយជួយដល់គ្រួសារ និងសង្គមជាតិ។

គួរជម្រាបថា ក្នុងឆ្នាំ២០២៥ នេះ រដ្ឋាភិបាលកម្ពុជាបានទម្លាក់កញ្ចប់ថវិកាប្រមាណ ២០លានដុល្លារអាមេរិកដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ជាក់ស្តែង ក្នុងវេទិកាសារព័ត៌មានមួយដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការជួយរបស់រដ្ឋាភិបាលចំពោះអ្នកជំងឺទឹកនោមផ្អែម គឺដើម្បីជួយសង្គ្រោះអាយុជីវិតពលរដ្ឋខ្មែរ និងថា នេះជាគោលនយោបាយសុខាភិបាលរបស់រដ្ឋាភិបាលដែលគិតពីប្រយោជន៍ពលរដ្ឋជាធំ៕