ដោយ ប្រាជ្ញ ចេវ
2025.03.04
RFA

(ឆ្វេង) លោក សុខ ស៊ុនណារ៉េត ជាឪពុកលោក ស៊ន តារា (ស្ដាំ) ដែលកំពុងឃាប់ឃុំក្នុងពន្ធនាគារ។ រូប៖ ហ្វេសប៊ុកលោក ស៊ន តារា
គ្រួសារ និងអង្គការសង្គមស៊ីវិលស្នើតុលាការកំពូលឱ្យដោះលែងឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះពួកគាត់ថា ការចាប់ខ្លួន និងការចោទប្រកាន់នេះ ធ្វើឡើងក្រោមហេតុផលនយោបាយ។
តុលាការកំពូលគ្រោងបើកសវនាការលើសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នលើ អតីតទាហានសឹករងខេត្តកំពង់ស្ពឺ និងជាឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី៥ ខែមីនា ដែលត្រូវបានចោទប្រកាន់ពីបទ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»។
ប្អូនប្រុសរបស់លោក ស៊ន តារា គឺលោក ស៊ន សារ៉ាត ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីតាមបណ្ដាញសង្គមស៊ីកណល (Signal) នៅថ្ងៃទី៤ ខែមីនា ថា បច្ចុប្បន្នស្ថានភាពសុខភាពរបស់ឪពុកលោកធម្មតា បើទោះជានៅក្នុងបន្ទប់ពន្ធនាគារមានជនជាប់ឃុំណែនតាន់តាប់ក៏ដោយ។ លោកថា គ្រួសាររបស់លោកនឹងព្យាយាមដើរតាមនីតិវិធីច្បាប់ ហើយលោកសង្ឃឹមថា តុលាការនឹងដោះលែងឪពុករបស់លោកឱ្យមានសេរីភាពឡើងវិញ។
អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយនៅលើបណ្ដាញសង្គម លោក ស៊ន តារា ដែលរស់នៅប្រទេសបារាំងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដែលហាក់មានបំណងផ្ញើសារទៅកាន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថា អ្នកដែលគ្រោងបង្ហោះអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលលោក ហ៊ុន សែន អះអាងថា ចង់វាយប្រហារលើផ្ទះរបស់លោកនោះ បែរជាអ្នកទាំងនោះ មានសេរីភាព ខណៈដែលឪពុករបស់លោកជាជនស្លូតត្រង់ត្រូវជាប់ពន្ធនាគារ។ លោកថា ភាពខុសគ្នាទាំងពីរនេះបញ្ជាក់ឱ្យឃើញថា លោក ហ៊ុន សែន គោរពឱ្យតម្លៃឃាតកប៉ុនប៉ងសម្លាប់ក្រុមគ្រួសារលោក ជាងអ្នកកាន់អាវុធបម្រើជាតិ បម្រើបក្សកាន់អំណាចនិងបម្រើស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ជាង៤០ឆ្នាំមកហើយនេះ។ លោកថា មូលហេតុនេះហើយដែលពលរដ្ឋខ្មែរស្អប់របបអយុត្តិធម៌នេះ ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្ដូរនៅថ្ងៃណាមួយ។
កាលពីឆ្នាំ២០២៣ កន្លងទៅអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ព្រមានថានឹងធ្វើទុក្ខបុកម្នេញគ្រួសារ លោក ស៊ន តារា ដើម្បីជាការសងសឹកដែលកាលនោះ លោក ស៊ន តារា មិនព្រមបញ្ឈប់រិះគន់រដ្ឋាភិបាលរឿងគ្មានលុយរៀបចំពិធីបុណ្យអុំទូក និងថាយកលុយទៅរៀបចំស៊ីហ្គេម ដោយមិនគិតគូរពីពលរដ្ឋក្រីក្រ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី៤ ខែមីនា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា តុលាការគួរពិចារណាដោះលែងលោក សុខ ស៊ុនណារ៉េត ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយតុលាការនៅតែអាចបន្តធ្វើការស៊ើបអង្កេតបន្តទៀតបាន។ ម្យ៉ាងទៀត លោកថា សំណុំរឿងលោក សុខ ស៊ុនណារ៉េត ត្រូវបានមតិជាតិ និងអន្តរជាតិថាជាការចោទប្រកាន់ធ្វើឡើងដោយសារ លោក ស៊ន តារា បន្តរិះគន់មកលើរដ្ឋាភិបាល។
លោក អំ សំអាត៖ «លោក សុខ ស៊ុនណារ៉េត ជាមួយលោក ស៊ន តារា ថា ដោយសារតែលោក ស៊ន តារា ជាសកម្មជននយោបាយសកម្ម ដែលធ្វើឱ្យមានការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត អ៊ីចឹងទៅ ប្រសិនបើការនៅក្រៅឃុំបណ្ដោះអាសន្នធ្វើបានក៏វាបញ្ចៀសនូវការរិះគន់ផ្សេងៗច្រើនទៀតដែរ ហើយដំណើរការនៅតែដំណើរការធម្មតាដើម្បីជៀសវាងការរិះគន់ថាជាប់ពាក់ព័ន្ធនឹងនយោបាយអីជាដើម»។
ពលរដ្ឋ និងអ្នកវិភាគចាត់ទុកថាករណីចាប់ខ្លួនឪពុករបស់លោក ស៊ន តារា គឺដូចគ្នានឹងករណីរបស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហៃ វណ្ណា នៅប្រទេសជប៉ុនដែរ។ ពួកគាត់ មើលឃើញថា គោលបំណងរបស់លោក ហ៊ុន សែន គឺចង់ឱ្យលោក ស៊ន តារា ធ្វើដូចលោក ហៃ វណ្ណា ដែលបានចេញវីដេអូសុំទោស និងចុះចូលជាមួយគណបក្សកាន់អំណាច ដែល ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារធ្វើជាចំណាប់ខ្មាំង។ ពួកគាត់យល់ថាលោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រនយោបាយស្មោកគ្រោក ដោយមិនខ្លាចការរិះគន់នេះ ព្រោះលោក តែងតែធ្វើបានជោគជ័យ។ ប៉ុន្តែ លោក ហ៊ុន សែន និងគ្រួសាររបស់លោក នឹងជាប់ឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។