ACU ចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ក្នុងសំណុំរឿងពុករលួយ

កម្ពុជា
កម្ពុជា-សង្គម
10/03/2025 – 12:14
ដោយ៖ ជួប នរក្សា
RFA

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ ACU បានបើកការស៊ើបសួរ និងប្តឹងអភិបាលរងខេត្តកំពង់ស្ពឺជាមួយបក្ខពួក ២រូបក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ កិបកេងលុយប្រមាណ៤០ម៉ឺនដុល្លា។ បើតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តកំពង់ស្ពឺ អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនក្នុងពន្ធនាគារ។

ACU ចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ក្នុងសំណុំរឿងពុករលួយ


តាមលិខិតដែលវិទ្យុបារាំងអន្តរជាតិទទួលបាននៅថ្ងៃចន្ទទី១០ មីនានេះ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ទៀត គឺលោក ហ៊ាវ ខន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងចោទប្រកាន់ពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងដែលប្រព្រឹត្តក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងព្រះវិហារកាលពីឆ្នាំ២០២៣។ ចំណែកបក្ខពួកម្នាក់ទៀតដែលមានឈ្មោះ អ៊ឹង សារឿន ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងសកម្មភាពដែលលោក ទិត វុទ្ធី និងលោក ហ៊ាវ ខន បានប្រព្រឹត្ត។

វិទ្យុបារាំងអន្តរជាតិមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមទៀតបាននៅឡើយទេ គិតមកត្រឹមម៉ោងផ្សាយនេះ។ តែតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកដែលមាននិន្នាការស្និទ្ធនឹងរដ្ឋាភិបាលបានឲ្យដឹងថា អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង២រូបដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពេលនេះមានពាក់ព័ន្ធនឹងការកិបកេងលុយរបស់ជនជាតិចិនចំនួន៤០ម៉ឺនដុល្លារដែលជាថ្នូរនឹងគម្រោងរត់ការអាជ្ញាបណ្ណរ៉ែ ៨០ម៉ឺនដុល្លាមិនបានសម្រេច។ បច្ចុប្បន្នបុគ្គលទាំង៣រូបកំពុងស្ថិតក្នុងពន្ធនាគារជាបណ្តោះអាសន្ន តាមដីការរបស់តុលាការខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។

លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ទៀត គឺលោក ហ៊ាវ ខន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងចោទប្រកាន់ពីបទរំលោភអំណាច
លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ទៀត គឺលោក ហ៊ាវ ខន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងចោទប្រកាន់ពីបទរំលោភអំណាច © សហការី

គួររម្លឹកថា តាំងពីដើមឆ្នាំ២០២៥ នេះមក អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវចំនួន ២នាក់ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកក្នុងការទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបលើបទល្មើសគ្រឿងញៀន និងល្បែងស៊ីសង។ ចំណែកកាលពីចុងឆ្នាំ២០២៤ ACU បានបំបែកសំណុំរឿងពុករលួយប្រចាំឆ្នាំមួយទាក់ទងនឹងការសូកប៉ាន់រត់ការចង់បានតំណែង តាមរយៈលោក លី សាម៉េត។ នៅក្នុងសំណុំរឿងលោក លី សាម៉េតកាលណោះ ACU បានឃាត់ខ្លួនមនុស្សយ៉ាងតិច៦នាក់ ក្នុងនោះ មានលោក មួង ឃីម អតីតឧត្តមសេនីយ៍ផ្កាយ៣ ឧកញ៉ា អ៊ុត ធី ដែលត្រូវបានគេស្គាល់ជាថៅកែឡានដឹកខ្សាច់ លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងលោក ដួង ដារ៉ា ដែលជាអតីតរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី៕

What Next?

Recent Articles