កម្ពុជា
កម្ពុជា-សង្គម
30/03/2025 – 12:06
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃសៅរ៍ទី២៩មីនា ភរិយារបស់លោក សាំងលី សារ៉ាក់ ដែលជាអ្នកអត្ថាធិប្បាយបញ្ហាសង្គមតាមប្រព័ន្ធអនឡាញបានចេញមុខមកសុំទោសជាសាធារណៈ និងស្នើសុំឲ្យនាយករដ្ឋមន្ត្រីកម្ពុជាអន្តរាគមន៍ដោះលែងសា្វមីរបស់ខ្លួនឲ្យមានសេរីភាពឡើងវិញ។ ការចេញមកសុំទោសនេះធ្វើឡើង បន្ទាប់ពីលោក សាំងលី សារ៉ាក់ ត្រូវបានអាជ្ញាធរខេត្តកណ្តាលចាប់ខ្លួនកាលពីថ្ងៃទី២៧ មីនាដោយមិនបញ្ជាក់ពីមូលហេតុ។
ភរិយាអ្នកអត្ថាធិប្បាយបញ្ហាសង្គមមួយរូបទទូចសុំការដោះលែងស្វាមី
តាមរយៈខ្លីបវីដេអូជាង២នាទី ភរិយារបស់លោក សាំងលី សារ៉ាក់ អ្នកអត្ថាធិប្បាយបញ្ហាសង្គមតាមរយៈផេកឈ្មោះ Business Advisor បានសម្រក់ទឹកភ្នែកសុំទោសមេដឹកនាំឲ្យផ្តល់ក្តីសន្តោសដោះលែងស្វាមីរបស់ខ្លួន។ ភរិយារបស់លោក សាំងលី សារ៉ាក់ បានទទួលស្គាល់ថា ការអត្ថាធិប្បាយរបស់ស្វាមីខ្លួនកន្លងមកបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួន។ អ្វីដែលភរិយាលោក សាំងលី សារ៉ាក់ ចង់បានពេលនេះ គឺសេរីភាពរបស់ស្វាមីខ្លួនតែប៉ុណ្ណោះ។ វិទ្យុបារាំងអន្តរជាតិបានព្យាយាមទាក់ទងស្នងការខេត្តកណ្តាល តែមន្ត្រីនគរបាលខេត្តកណ្តាលបានអះអាងយ៉ាងខ្លីថា ខ្លួនគ្មានព័ត៌មានពីការចាប់ខ្លួននេះទេ។
តែបើតាមអ្នកគាំទ្រអ្នកធ្វើអត្ថាធិប្បាយលោក សាំងលី សារ៉ាក់ បានឲ្យដឹងថា លោក សាំងលី សារ៉ាក់ ត្រូវបានអាជ្ញាធរខេត្តកណ្តាលចាប់ខ្លួនកាលពីថ្ងៃទី២៧ មីនា ដោយគ្មានមូលហេតុ។ តែពួកគេគិតថា ការចាប់ខ្លួននេះ គឺដោយសារតែលោក សាំងលី សារ៉ាក់ តែងលើកពីបញ្ហាសង្គមដែលរស៊ើប ពិសេសគឺបញ្ហាបូរណភាពទឹកដីកម្ពុជា។ គួរកត់សម្គាល់ថា នៅប៉ុន្មានថ្ងៃមុនការចាប់ខ្លួន លោក សាំងលី សារ៉ាក់ បានអត្ថាធិប្បាយលើបញ្ហាសង្គមជាច្រើនប្រធានបទ។ ករណីចុងក្រោយនៅថ្ងៃទី២៣ មីនា គឺលោកបានលើកយកវីដេអូបុរសម្នាក់ដែលជាជំទប់ទី២របស់គណបក្សភ្លើងទៀននិយាយរិះគន់កិច្ចការងាររដ្ឋបាល និងការដោះស្រាយបញ្ហាមូលដ្ឋាននៅឯឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក សាំងលី សារ៉ាក់ បាននិយាយសរសើរការហ៊ានបញ្ចេញមតិរបស់មន្ត្រីថ្នាក់ក្រោម និងថា មន្ត្រីថ្នាក់លើត្រូវឆ្លើយតបឲ្យចំៗនូវរាល់បញ្ហាដែលមន្ត្រីថ្នាក់ក្រោមបានលើកឡើង។ គឺជាមេដឹកនាំដែលលោក សាំងលី សារ៉ាក់ យល់ថា មិនមែននិយាយមិនដឹងរឿងនោះទេ តែត្រូវចេញមុខដោះស្រាយជាបន្ទាន់។ លោក សាំងលី សារ៉ាក់ ថា រាល់មេដឹកនាំណាដែលនិយាយពាក្យមិនដឹងហេតុការណ៍ គឺបានសេចក្តីថា ជាមដឹកនាំដែលគ្មានសមត្ថភាព។ គឺការធ្វើអត្ថាធិប្បាយបែបនេះដែលអ្នកគាំទ្រលោកយល់ថា ជាដើមចមនៃការចាប់ខ្លួនលោកពីអាជ្ញាធរ៕