ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
31/03/2025 – 22:14
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
ការរំលែកទុក្ខរបស់បក្សប្រឆាំងជាមួយគ្រួសារលោក ហ៊ុន សែន ជួយបន្ថយភាពតានតឹងនយោបាយ?
ក្នុងពេលដែលក្រុមគ្រួសារលោក ហ៊ុន សែន កំពុងកាន់ទុក្ខចំពោះការបាត់បង់លោកហ៊ុន សានដែលជាបងប្រុសរបស់លោក ហ៊ុន សែន គណបក្សប្រឆាំងក្នុងសម័្ពន្ធឆ្ពោះទៅអនាគតចំនួន២ គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានយកកម្រងផ្កាទៅចូលរួមរំលែកទុក្ខដោយផ្ទាល់។ ចំណែកបក្សប្រឆាំងផ្សេងទៀតបានធ្វើលិខិតចូលរួមសោកស្ដាយ។ អ្នកតាមដាននយោបាយចាត់ទុកការចូលរួមរំលែកទុក្ខរបស់គណបក្សប្រឆាំងទាំងនេះថាជាឥរិយាបទនយោបាយដ៏ល្អមួយ តែប្រហែលមិនអាចធ្វើឲ្យស្ថានភាពនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំងផ្លាស់ប្ដូរជាដុំកំភួនឡើយ។ គណបក្សកាន់អំណាចបញ្ជាក់ថា បើចង់ឲ្យស្ថានភាពនយោបាយប្រសើរឡើង គឺទាល់តែពួកប្រឆាំងកុំធ្វើសកម្មភាពទាំងងងឹតងងុល។