កម្ពុជា
31/03/2025 – 09:37
ដោយ៖ អ៊ឹង ប៊ុនថន
RFI
មន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីជួញដូរគ្រឿងញៀនដែលប្រព្រឹត្តដោយជនជាតិចិន៣នាក់ និងជនជាតិភូមា២នាក់ដោយរឹបអូសបានគ្រឿងញៀនជាង១០០គីឡូក្រាមកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ គឺជាការរួមសហការរវាងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ចំណែកគ្រឿងញៀនទម្ងន់ ១០១គីឡូក្រាមដែលរឹបអូសបានមានប្រភពមកពីតំបន់ត្រីកោណមាសដែលគ្រោងដឹកបន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រកម្ពុជា។
ឃាត់ខ្លួនជនបរទេស ៥នាក់ដោយរឹបអូសបានគ្រឿងញៀនជាង ១០០គីឡូក្រាម
តាមសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងដែលសមត្ថកិច្ចជំនាញរឹបអូសបានត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ក្រៅពីករណីមួយនេះ មន្ទីរប្រឆាំងគ្រឿងញៀនក៏បានឃាត់ខ្លួនជនល្មើស ២នាក់ និងរឹបអូសបានគ្រឿងញៀនជិត៤គីឡូក្រាមថែមទៀតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនល្មើសទាំង ២នាក់ដែលជាជនជាតិខ្មែរមានម្នាក់ អាយុ ៤២ឆ្នាំ និងម្នាក់ទៀត អាយុ ៤៤ឆ្នាំ។

ដោយឡែកកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានស្រុកសំរោងទងខេត្តកំពង់ស្ពឺបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ។ ជនសង្ស័យទាំង ២នាក់បានជាប់ចោទពីបទជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់។ នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ដែលមានទម្ងន់ ២៥៤,៩៤ក្រាម និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួររម្លឹកថា របាយការណ៍របស់អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញថា គ្រឿងញៀនដែលរឹបអូសបានកាលពីឆ្នាំ២០២៤ មានជិត ១៥តោន។ ចំនួននេះបានកើនឡើង ៤ដង បើធៀបនឹងឆ្នាំ២០២៣។ តាមរបាយការណ៍ដដែល គ្រឿងញៀនទាំងនោះ ភាគច្រើន មកពីព្រំដែនឡាវ ៤៥% និង ព្រំដែនថៃ ៣៩%៕