វិទ្យុ VOA និង RFA ដាក់ក្តីសង្ឃឹមនឹងវិលមកផ្សព្វផ្សាយឡើងវិញនាពេលឆាប់ៗខាងមុខ

កម្ពុជា
31/03/2025 – 11:42
ដោយ៖ អ៊ឹង ប៊ុនថន
RFI

នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា នេះ តុលា​ការ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​នឹង​បើក​សវនា​ការ​លើ​សំណុំរឿង​ដែល​នាយក​ VOA​ បាន​ប្តឹង​ទាម​ទារ​ឲ្យ​បើក​ដំណើរ​ការ​វិទ្យុ​នេះ​ឡើង​វិញ​។​ ចំណែក​វិទ្យុ​អាស៊ី​សេរី​ក៏បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹង​ការ​ផ្តាច់​ជំនួយ​របស់​វិទ្យុ​អាស៊ី​សេរី​កាលពី​សប្តាហ៍​មុន​ដែរ​។​ អ្នក​សារ​ព័ត៌​មាន​របស់​វិទ្យុ (VOA) និង​មេដឹក​នាំ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ​ដាក់​ក្តី​សង្ឃឹម​ថា​ វិទ្យុ​ទាំង​ពីរ​នេះនឹង​វិល​មកផ្សាយ​នូវ​កម្មវិធី​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

វិទ្យុ VOA និង RFA ដាក់ក្តីសង្ឃឹមនឹងវិលមកផ្សព្វផ្សាយឡើងវិញនាពេលឆាប់ៗខាងមុខ


លោក ម៉ែន គឹមសេង អ្នកសារព័ត៌មានរបស់វិទ្យុ VOA បានគូសបញ្ជាក់នៅលើហ្វេសប៊ុកនាថ្ងៃទី៣០ ខែមីនាថា លោកសង្ឃឹមនឹងវិលមកជួបប្រិយមិត្តវិញក្នុងពេលឆាប់ៗនេះដោយមានកម្មវិធីថ្មីៗជាច្រើន។ តាមលោក ម៉ែន គឹមសេង សំណុំរឿងនាយកវីអូអេប្តឹងទាមទារឲ្យបើកដំណើរការវីអូអេឡើងវិញនឹងបើកសវនាការនៅតុលាការរដ្ឋធានីវ៉ាស៊ីនតោនក្នុងថ្ងៃចន្ទ ទី៣១ ខែមីនា។ អ្នកសារព័ត៌មានដដែលបានអះអាងទៀតថា ចៅក្រមតុលាការសហព័ន្ធនៅក្រុងញ៉ូវយ៉កក៏បានចេញដីការបញ្ជាបណ្តោះអាសន្នមិនឲ្យរំលាយ VOA រួចហើយដែរ។

ចំណែក លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា វិទ្យុអាស៊ីសេរី (RFA) បានដាក់ពាក្យប្តឹងរដ្ឋបាលអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មីនា ឆ្នាំ២០២៥ បន្ទាប់ពីវិទ្យុអ៊ឺរ៉ុបសេរី (Radio Free Europe) បានឈ្នះក្តីលើសំណុំរឿងផ្តាច់ជំនួយឲ្យវិទ្យុអឺរ៉ុបសេរី។ លោក ជុន ច័ន្ទបុត្រ អះអាងថា សវនាការជំនុំជំរះក្តីលើបណ្តឹងរបស់វិទ្យុអាស៊ីសេរីអាចនឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ។ សូមបញ្ជាក់ថា ក្រោយពី លោក ដូណាល់ ត្រាំប្រកាសបញ្ឈប់បុគ្គលិក ១៣០០នាក់នៅវិទ្យុ VOA និងប្រកាសផ្តាច់ជំនួយទៅវិទ្យុអាស៊ីសេរី (RFA) មក ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចាស់វស្សាទាំងពីរនេះបានបញ្ចេញប្រតិកម្មផ្សេងៗគ្នា។

វិទ្យុVOA និងRFA ដាក់ក្តីសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះនឹងវិលមកវិញឆាប់ៗខាងមុខ
វិទ្យុVOA និងRFA ដាក់ក្តីសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះនឹងវិលមកវិញឆាប់ៗខាងមុខ © RFA &VOA

នាយិកាវិទ្យុអាស៊ីសេរី លោកស្រី បេយ៍ ហ្វាង (Bay Fang) បានប្រកាសតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំដោយចាត់ទុកថា ការផ្តាច់នេះប្រៀបដូចជាការផ្តល់រង្វាន់ទៅដល់មេដឹកនាំព្រៃផ្សៃ និងជនផ្ដាច់ការទាំងឡាយ រួមទាំងគណបក្សកុម្មុយនិស្តចិនផង។ ចំណែកនាយកវិទ្យុ VOA លោក Michael Abramowitz បានអះអាងថា បេសកកម្មរបស់វិទ្យុ VOA មានសារៈសំខាន់ ពិសេសនាពេលបច្ចុប្បន្នដែលសត្រូវរបស់អាមេរិក ដូចជា អ៊ីរ៉ង់ ចិន និងរុស្សី កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងការបង្កើតរឿងក្លែងក្លាយដើម្បីបង្ខូចកិត្តិយសសហរដ្ឋអាមេរិក៕

What Next?

Recent Articles