ដោយ ប្រាជ្ញ ចេវ
2025.04.01
RFA
រូបភាពកាំរស្មី ដែលផ្ដល់ដោយយោធាអាមេរិក បានបង្ហាញពីសញ្ញាមនុស្ស ស្ថិតនៅចំកណ្ដាលអាគារដួលរលំ គឺនៅចន្លោះជាន់ទី១៧ដល់ជាន់ទី២១ ដែលមានកម្មករភាគច្រើនបាត់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ នៅថ្ងៃទី១ មេសា។

អភិបាលរងក្រុងបាងកកអ្នកស្រី តាវីដា កាមូលវេទ (Tavida Kamolvej) លើកឡើងថា សញ្ញាទាំងនោះមិនប្រាកដនៅឡើយថា ជាកម្មករកំពុងបាត់ខ្លួន ឬអ្នកនៅមានជីវិតនោះទេ។ ទោះជាយ៉ាងណា ក្នុងចំណោមសញ្ញាទាំង៧០នោះ មានសញ្ញាចំនួន៦ ត្រូវបានគេបញ្ជាក់ច្បាស់ថា ជាសាកសពរបស់មនុស្ស។
បញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (U.S. Indo-Pacific Command) បានបញ្ជូនក្រុមយោធារបស់ខ្លួន ទៅជួយរុករកអ្នករងគ្រោះក្នុងករណីដួលរលំអាគារនៅទីក្រុងបាងកក។ ប៉ុន្តែប្រតិបត្តិការរុករកឈានចូលថ្ងៃទី៥ ទើបតែបានរកឃើញសាកសព១៤នាក់ គិតត្រឹមម៉ោង៤រសៀលថ្ងៃទី១មេសានេះ ខណៈអ្នកបាត់ខ្លួននៅសល់៧៣នាក់ទៀត។
#ខ្លីៗពីអាស៊ីសេរី [២៥២]៖ រូបភាពកាំរស្មី បានរកឃើញសញ្ញាមនុស្ស៧០នាក់ ក្នុងគំនរអាគារដួលរលំនៅថៃ
អ្នករងគ្រោះថ្នាក់ក្នុងករណីដួលរលំអាគារនៅសង្កាត់ ចាក់តុចាក់ ក្រុងបាងកក ត្រូវបានគេជឿជាក់ថា ភាគច្រើនជាក្រុមពលករភូមានិងពលករខ្មែរ។ ជាមួយគ្នានេះ ក្រុមសាច់ញាតិរបស់ពលករខ្មែរ ដែលសង្ស័យបាត់ខ្លួននៅក្នុងអាគារដួលរលំ នៅតែបន្តរង់ចាំដំណឹងពីក្រុមអ្នករុករក។
រូបភាពកាំរស្មី រកឃើញសញ្ញាមនុស្ស៧០នាក់ នៅក្នុងគំនរអាគារដួលរលំ
នៅថ្ងៃអង្គារនេះ អាជ្ញាធរថៃបានស្នើសុំសំណាក DNA ពីក្រុមសាច់ញាតិចំនួន៤០គ្រួសារ ដើម្បីយកទៅបញ្ជាក់ជាមួយសាកសព ដែលត្រូវបានគេរកឃើញ និងទាញចេញពីគំនរអាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។