កម្ពុជា
01/04/2025 – 13:35
ដោយ៖ ញឹម សុផល
RFI
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសម្តែងក្តីសង្វេក ក្រោយទទួលដំណឹងថា ក្មួយស្រីបង្កើតរបស់លោកបានជួលផ្ទះគេនៅ និងថា កូនៗមិនបានរៀនពេញលេញ។ ការបង្ហាញនូវមនោសញ្ចេតនាដូចនេះធ្វើឡើងតាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នេះ ពោលមួយថ្ងៃមុនសពបងប្រុសច្បងរបស់លោក គឺលោក ហ៊ុន សានត្រូវបញ្ចុះនៅថ្ងៃទី០២ ខែមេសា។
លោក ហ៊ុន សែន ថារឿងដែលសង្វេគគឺក្មួយស្រីលោកជួលផ្ទះគេនៅ និងកូនៗរៀនមិនពេញលេញ
នៅលើហ្វេសប៊ុកផ្លូវការរបស់លោក លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ យំសោកស្រក់ទឹកភ្នែកអាណិតបងប្រុសច្បងរបស់លោក គឺលោក ហ៊ុន សាន ដែលបានចែកឋានកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
លោក ហ៊ុន សែន បញ្ជាក់ថា លោកបានជួយមនុស្សមួយនគរ តែមិនអាចជួយបងរបស់លោកបាន។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានបន្ទោសខ្លួនឯង និងសុំទោសដែលលោកប្រហែសពេក មិនបានមើលថែទាំបងឲ្យបានដិតដល់។
តែអ្វីដែលលោក ហ៊ុន សែន មានការសង្វេគជាងនេះទៅទៀតនោះ គឺក្មួយស្រីម្នាក់របស់លោកកំពុងជួលផ្ទះគេនៅ និងកូនៗមិនបានចូលរៀនពេញលេញ។ តាមលោក ហ៊ុន សែន ក្មួយរបស់លោកគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗកុំឲ្យទៅរំខានលោកដែលជាពូរបស់ពួកគេ។
តាមរយៈពាក្យ «លែងបានជួបគ្នាជារៀងរហូតនៅថ្ងៃស្អែក» និងការប្តេជ្ញាចិត្តមើលថែទាំងកូនៗ និងចៅៗរបស់បងប្រុសលោក ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះក៏បានបញ្ជាក់បន្ថែមថា លោកមិនបានដឹងពីស្ថានភាពក្មួយរបស់លោក ខណៈពេលដែលលោកបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ។

សូមរំលឹកថា លោក ហ៊ុន សាន ដែលមានគោរមងារជាអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋបានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។ លោក ហ៊ុន សាន មានកូនចំនួន៥នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រី៣នាក់៕