កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
30/04/2025 – 12:04
ដោយ៖ ជួប នរក្សា
RFI
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាថាជាទំនាក់ទំនងដ៏ល្អគ្មានប្រទេសណាអាចប្រៀបបានទេ។ លោក តូ ឡឹម បានបញ្ជាក់ដូចនេះនៅក្នុងជំនួបដោយផ្ទាល់ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នាថ្ងៃចន្ទ ទី២៩ មេសាក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមជាទីដែលលោក ហ៊ុន សែន ទៅចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥។
វៀតណាមចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាថាជាទំនាក់ទំនងគ្មានប្រទេសណាប្រៀបបាន
នៅក្នុងជំនួបផ្ទាល់ជាមួយលោក ហ៊ុន សែន លោក តូ ឡឹម បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា វៀតណាមជាទំនាក់ទំនងដ៏កម្រដែលគ្មានទំនាក់ទំនងប្រទេសណាអាចប្រៀបស្មើបានទេនៅលើពិភពលោកនេះ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា។ ក្រៅពីនេះ និងបើតាមលោក ជា ធីរិទ្ធ មេដឹកនាំប្រទេសទាំងពីរក៏បានអះអាងពីការពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំដែរ។ ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមថា កម្ពុជា និងវៀតណាមត្រូវបន្តពូនជ្រុំទំនាក់ទំនងរវាងគ្នាឲ្យកាន់តែប្រសើរទាំងនៅក្នុងក្របខណ្ឌការទូត និងក្របខណ្ឌបក្ស និងបក្ស។
តាមលោក ហ៊ុន សែន មន្ត្រីបន្តវេននៃបក្សរបស់ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងរវាងគ្នា ហើយភាគីវៀតណាមក៏សង្ឃឹមថា ទំនាក់ទំនងរវាងមន្ត្រីបន្តវេននៃបក្សទាំងពីរនៅតែបន្តមានជាមួយគ្នាយ៉ាងល្អប្រសើរ។ ដោយឡែក កាសែតក្នុងស្រុកវៀតណាមបានសរសេរថា មេដឹកនាំទាំងពីរបានជជែកគ្នាពីស្ថានភាពប្រទេសរៀងខ្លួន និងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។ តាមកាសែតវៀតណាមដដែល ការតភ្ជាប់សេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាមជាគោលដៅចម្បងមួយដែលប្រទេសទាំងពីរជឿជាក់នឹងអាចសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីដល់២០ពាន់លានដុល្លារដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០២៥-២០២៦។

សូមបញ្ជាក់ថា លោក ហ៊ុន សែនបានដឹកនាំគណៈប្រតិភូកម្ពុជាទៅវៀតណាមនៅថ្ងៃទី២៩ មេសាដើម្បីចូលរួមខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមថ្ងៃទី៣០ មេសា ១៩៧៥។ ពិធីប្រារព្ធខួបទី៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមលើកនេះមានការចូលរួមរបស់កងទ័ពបរទេសមកពីប្រទេសចិន ឡាវ និងកម្ពុជាដើម្បីដើរក្បួនព្យុះហយាត្រា។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ឃើញថា ការបញ្ជូនកងទ័ពកម្ពុជាទៅចូលរួមព្យុះហយាត្រាក្នុងខួបទី៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាមជាការបង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ៕