ដោយ ប្រាជ្ញ ចេវ
2025.04.01
RFA
អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំចិនអាចនឹងមកនិយាយជាមួយមេដឹកនាំកម្ពុជា អំពីលក្ខខណ្ឌកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ ជុំវិញការប្រើប្រាស់កំពង់ផែទ័ពរាម។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ត្រូវបានគេប្រកាសថា នឹងមកបំពេញទស្សនកិច្ចកម្ពុជានៅក្នុងខែមេសានេះ។
អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣១មីនា ថា មេដឹកនាំកំពូលចិន អាចនឹងមកនិយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីសិទ្ធិអំណាចរបស់យោធាចិន ដែលអាចប្រើប្រាស់កំពង់ផែសមុទ្ររាមបានកម្រិតណា បន្ទាប់ពីកំពង់ផែ ត្រូវបានចិនជួយសាងសង់រួចរាល់និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ។
អ្នកឃ្លាំមើល៖ មេដឹកនាំចិនអាចលើកពីសិទ្ធិអំណាចយោធាចិននៅកំពង់ផែរាម
លោកប្រធានាធិបតី ស៊ី ជីនពីង អាចនឹងនិយាយនៅក្នុងកិច្ចប្រជុំការទូតចង្អៀតណាមួយ អំពីលក្ខខណ្ឌកិច្ចសហប្រតិបត្តិការកងទ័ពរវាងកម្ពុជានិងចិន នៅតំបន់កំពង់ផែសមុទ្ររាម បន្ទាប់ពីសាងសង់រួច។ ជាឧទាហរណ៍ ចិនមានសិទ្ធិអំណាចប៉ុណ្ណា នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការយោធាកម្ពុជានិងចិន ហើយចិនដាក់លក្ខខណ្ឌកម្រិតណា ដល់ភាគីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការបើកឱ្យនាវាចម្បាំងនៃប្រទេសផ្សេងៗទៀត ចូលទៅក្នុងដែនសមុទ្ររាមនោះ។— លោក គឹម សុខ
ការលើកឡើងពីអ្នកអត្ថាធិប្បាយបញ្ហានយោបាយនេះ ធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជា នៅពាក់កណ្ដាលខែមេសានេះ និងជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរបស់មេដឹកនាំចិន នៅក្នុងឆ្នាំ២០២៥។
ការលេចឮពីដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនមកកម្ពុជានេះ បានកើតឡើងស្របពេលកងទ័ពកម្ពុជាប្រកាសថា កំពង់ផែទ័ពជើងទឹករាម ដែលសាងសង់ឡើងក្រោមជំនួយរបស់ចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមេសានេះដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើងដែរថា ថ្វីត្បិត ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់កម្ពុជា ហាក់មិនសូវមានសារសំខាន់សម្រាប់ប្រទេសចិន ប៉ុន្តែចិនគ្រាន់តែចង់បង្ហាញឥរិយាបថថា កម្ពុជានៅតែជាសម្ព័ន្ធមិត្តដ៏ជិតដិតរបស់ចិននៅក្នុងតំបន់អាស៊ាន ហើយមេដឹកនាំចិនចង់ឆ្លៀតពេលដើម្បីមកសម្ពោធមូលដ្ឋានទ័ពជើងទឹករាម ដែលចិនបានជួយស្ថាបនាឡើង។
កាលពីប៉ុន្មានអាទិត្យនេះ កម្ពុជាបានប្រកាសអនុញ្ញាតឱ្យនាវាចម្បាំងជប៉ុនចូលចតដំបូងគេ (បន្ទាប់ពីសម្ពោធកំពង់ផែទ័ពរាម) ដើម្បីធ្វើយ៉ាងម៉េចយកចិត្តជប៉ុន។ ក៏ប៉ុន្តែយើងមើលឃើញថា វត្តមានរបស់លោក ស៊ី ជីនពីង ក្នុងការបើកសម្ពោធឱ្យប្រើប្រាស់កំពង់ផែទ័ពជើងទឹករាមនេះ វាបង្ហាញសារសំខាន់របស់ចិននៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។— លោក សេង វណ្ណលី
អ្នកឃ្លាំមើលយល់ឃើញថា ក្រៅពីបញ្ហាកំពង់ផែរាម មេដឹកនាំចិននឹងព្យាយាមប្រជ្រៀតខ្លួនចូលទៅក្នុងកម្មវិធីផ្ដល់ជំនួយមួយចំនួន ដែលសហរដ្ឋអាមេរិកបានដកខ្លួនឈប់ផ្ដល់ឱ្យកម្ពុជា ហើយមេដឹកនាំកម្ពុជាក៏នឹងឆ្លៀតឱកាសស្នើសុំកម្ចីពីចិន ដើម្បីធ្វើគម្រោងព្រែកជីកហ្វូណនតេជោ ដែលគេសង្ស័យថា កំពុងគ្មានថវិកាសម្រាប់សាងសង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។