មន្រ្តីបក្សកាន់អំណាចថា ការនិយាយពី CLV ជាថ្មីរបស់ពួកប្រឆាំងមានចេតនាអុជអាល និងញុះញង់

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
02/04/2025 – 12:41
ដោយ៖ ជួប នរក្សា
RFI

មន្ត្រីគណបក្សកាន់អំណាចបានថ្លែងនៅថ្ងៃពុធទី០២ មេសានេះពីការមិនចង់ឆ្លើយឆ្លងជាមួយចលនាមិនស្របច្បាប់ពីក្រៅប្រទេសដែលតែងរិះគន់ និងរុញឲ្យពលរដ្ឋតវ៉ាជាមួយសមិទ្ធិផលរបស់រដ្ឋាភិបាល។ ប្រតិកម្មដូចនេះរបស់មន្ត្រីគណបក្សកាន់អំណាច គឺដោយសារតែក្រុមប្រឹក្សាចលនាជាតិតស៊ូរបស់លោក សម រង្ស៊ី បានប្រកាសនៅថ្ងៃទី០១ មេសា ដោយទាមទារឲ្យរដ្ឋាភិបាលសើរើបញ្ហា CLV និងអធិបតេយ្យភាពកោះគុត។

មន្រ្តីបក្សកាន់អំណាចថា ការនិយាយពី CLV ជាថ្មីរបស់ពួកប្រឆាំងមានចេតនាអុជអាល និងញុះញង់


«ខ្ញុំសុំមិនឆ្លើយតបចំពោះចលនាបាយឡុកបាយឡនេះទេ» នេះជាប្រតិកម្មច្បាស់ៗរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចំពោះការលើកឡើងរបស់ក្រុមប្រឹក្សាជាតិតស៊ូដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាសើរើសំណុំរឿងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងវិវាទព្រំដែនកម្ពុជា-ថៃលើអធិបតេយ្យភាពកោះគុត។ ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធទី២ មេសានេះដែរថា ការលើកឡើងរបស់ក្រុមប្រឹក្សាជាតិតស៊ូដែលជាចលនាខុសច្បាប់ពីក្រៅប្រទេសរបស់លោក សម រង្ស៊ី គឺជាយុទ្ធសាស្ត្រដដែលៗដែលចង់ឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចេញប្រតិកម្មតែប៉ុណ្ណោះ។

ដូច្នេះសម្រាប់លោកសុខ ឥសាន ចេតនារបស់ក្រុមប្រឹក្សាជាតិតស៊ូនេះគ្មានឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចិត្តលើបញ្ហាណាមួយទេ។ តាមលោក សុខ ឥសាន បច្ចុប្បន្ន ឥទ្ធិពលនយោបាយរបស់លោក សម រង្ស៊ី និងបក្ខពួកនៅក្រៅប្រទេសកាន់តែចុះខ្សោយទើបពួកគេព្យាយាមទាញភ្ជាប់បញ្ហានានាមកលើរដ្ឋាភិបាល ក្នុងន័យបញ្ឆេះកំហឹងរបស់ប្រជាពលរដ្ឋ។ ប្រតិកម្មរបស់មន្ត្រីបក្សកាន់អំណាចទាំងពីរខាងលើគឺជាការឆ្លើយតបនឹងក្រុមប្រឹក្សាជាតិតស៊ូដែលកាលពីថ្ងៃអង្គារ ទី១ មេសា បានសរសេរក្នុងលិខិតមួយច្បាប់អរគុណពលរដ្ឋខ្មែរដែលហ៊ានងើបតស៊ូសម្តែងមតិជំរុញបញ្ហាកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងបញ្ហាកោះគុត រហូតដល់រដ្ឋាភិបាលកម្ពុជាបានសម្រេចដកខ្លួនចេញពីគម្រោង CLV និងចាប់ផ្តើមលើកឡើងថា កោះគុតមិនទាន់បាត់បង់ទៅណានៅឡើយ។

ទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សាជាតិតស៊ូអះអាងថា ពួកគេនឹងបន្តទាមទារឲ្យរដ្ឋាភិបាលសើរើដីសម្បទានជាង២៤ម៉ឹនហិកតាក្នុងខេត្តចំនួន៤ គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដែលស្ថិតក្រោមការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនវៀតណាម។ ទន្ទឹមគ្នានេះ ពួកគេក៏នឹងទាមទារឲ្យរដ្ឋាភិបាលកម្ពុជារុញសំណុំរឿងព្រំដែនទឹកកម្ពុជា-ថៃស្តីពីការគ្រប់គ្រងកោះគុតទៅកាន់តុលាការអន្តរជាតិ។ គួររម្លឹកបន្តិចថា ខេត្តទាំង៤ ខាងលើដែលក្រុមប្រឹក្សាជាតិតស៊ូអះអាងមានផ្ទៃដីជាង២៤ម៉ឺនហិកតា និងដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវៀតណាម គឺជាខេត្តដែលកម្ពុជាបានដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាមតាំងពីឆ្នាំ ១៩៩៩។

មេដឹកនាំប្រទេសCLVដែលធ្លាប់ជួបគ្នាកន្លងមក
មេដឹកនាំប្រទេស CLV ដែលធ្លាប់ជួបគ្នាកន្លងមក © សហការី

អ្នកនាំពាក្យបក្សកាន់អំណាច លោកសុខ ឥសាន ចាត់ទុកការលើកឡើងរបស់ចលនាខុសច្បាប់របស់លោក សម រង្ស៊ីថាមានចេតនាអុជអាល ញុះញង់ឲ្យប្រជាពលរដ្ឋចាប់ផ្តើមខឹងសម្បានឹងរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត។ តាមលោក សុខ ឥសាន ចេតនាក្រុមប្រឹក្សាជាតិតស៊ូដែលលើកពីបញ្ហា CLV ជាថ្មីក៏មានគោលបំណងដុតក្រុមចលនាជាតិនិយមឲ្យស្អប់វៀតណាម ខណៈដែលកម្ពុជាតែងបើកចំហចំពោះរាល់វិនិយោគិនបរទេសទាំងអស់៕

What Next?

Recent Articles