លោក ស៊ី ជីនពីង គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែមេសា

កម្ពុជា
02/04/2025 – 13:34
ដោយ៖ សាំ ឧត្តម
RFI

ប្រធានាធិបតីចិនលោក ស៊ី ជីនពីងគ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែមេសា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែលបានដកស្រង់សម្តីពីប្រភពការទូតម្នាក់។ តាមសារព័ត៌មានចិនដដែល លោក ស៊ី ជីនពីង ទំនងជាចង់ពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធបន្ថែមជាមួយប្រទេសក្នុងតំបន់អាស៊ាន ខណៈដែលទំនាក់ទំនងរវាងចិន និងអាមេរិកកំពុងតែឡើងកម្តៅកាន់តែខ្លាំង។ 

លោក ស៊ី ជីនពីង គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែមេសា


កាសែត South China Morning Post បានរាយការណ៍ថា លោក ស៊ី ជីនពីងនឹងផ្តើមដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ សម្រាប់ឆ្នាំ២០២៥នេះទៅកាន់ប្រទេសចំនួន៣ ក្នុងតំបន់អាស៊ាន គឺកម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ម៉ាឡេស៊ីជាប្រទេសដំបូងគេដែលលោកប្រធានាធិបតីចិនត្រូវទៅមុនគេ នឹងបន្តទៅកាន់ប្រទេសវៀតណាម និងចុងក្រោយ គឺប្រទេសកម្ពុជា។ កម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនៅក្នុងប្រទេសសមាជិកអាស៊ានទាំង៣ហាក់មិនសូវខុសគ្នាប៉ុន្មានទេ ពិសេសគឺ សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងតំបន់។

តែជាមួយកម្ពុជា និងបើតាម South China Morning Post លោក ស៊ី ជីនពីង ទំនងជាចង់រក្សាការទូត និងបន្តរឹតចំណងមិត្តត្បូងពេជ្រ ខណៈកម្ពុជាក៏ជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់ចិន ពិសេសជាដៃគូអភិវឌ្ឍន៍ក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ថា កម្ពុជាជាចំណុចគន្លឹះសំខាន់នៃទំនាក់ទំនងចិន អាស៊ាន។ គន្លឹះសំខាន់ដោយសារកន្លងមក គំនិតផ្តួចផ្តើម ឬឯកសារដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងត្រូវបានតាក់តែងឡើងក្នុងអំឡុងកម្ពុជាធ្វើជាប្រធានអាស៊ានដោយរាប់ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០២២។

មួយវិញទៀត និងបើតាមលោកបណ្ឌិត យង់ ពៅ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជាស្តែងឲ្យឃើញថា កម្ពុជា និងចិនមានទំនាក់ទំនងយ៉ាងស្អិតរមួត និងស្ថិតក្នុងកម្រិតខ្ពស់ បើធៀបនឹងទំនាក់ទំនងជាមួយប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ ដោយឡែកនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នេះដែរ កាសែតជប៉ុន Nikkie Asia បានចុះផ្សាយថា លោក ស៊ី ជីនពីង មានចេតនាឆ្លៀតឱកាសដែលរដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំ កាត់បន្ថយជំនួយ និងលុបចោលជំនួយអភិវឌ្ឍន៍មួយចំនួនមកកម្ពុជាដើម្បីចង់បង្ហាញពីជំហររបស់ចិនក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជំនួសកន្លែងសហរដ្ឋអាមេរិក។

ចំណែកសារព័ត៌មានអាមេរិក Bloomberg បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងមកកម្ពុជាអាចជាប់ពាក់ព័ន្ធនឹងការសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។ ទោះជាយ៉ាងណា សារព័ត៌មានជាតិ និងអន្តរជាតិនៅពុំទាន់ទទួលបានព័ត៌មានផ្លូវការដែលបញ្ជាក់ពីកាលបរិច្ឆេទ និងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងមកកម្ពុជានៅឡើយទេ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរីបានបញ្ជាក់យ៉ាងខ្លីថា លោកក៏ពុំមានព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងមកកម្ពុជាដែរ។

លោក ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន
លោក ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន © The China Global South

សូមជម្រាបថា បើគ្មានការប្រែប្រួលទេ ដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីចិនមកកម្ពុជានាពាក់កណ្តាលខែមេសា គឺជាដំណើរទស្សនកិច្ចលើកទី២។ កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ លោក ស៊ី ជីនពីង ធ្លាប់មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

What Next?

Recent Articles