កូរ៉េខាងត្បូងផ្តល់ប្រាក់ចំនួន ១១,៧លានដុល្លារដើម្បីកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា

កម្ពុជា
កម្ពុជា-អភិបាលកិច្ច
03/04/2025 – 13:41
ដោយ៖ សឹម ចាន់សំណាង
RFI

រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានសម្រេចផ្តល់ថវិកាចំនួន ១១,៧ លានដុល្លារឲ្យក្រសួងមុខងារសាធារណៈកម្ពុជាសម្រាប់ធ្វើកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ KOICA នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដោយបន្ថែមថា ថវិកានេះប្រើក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលរដ្ឋបាលសាធារណៈរបស់កម្ពុជា។

កូរ៉េខាងត្បូងផ្តល់ប្រាក់ចំនួន ១១,៧លានដុល្លារដើម្បីកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា


សេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បញ្ជាក់ថា គំនិតផ្តួចផ្តើមនៃគម្រោងកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជានេះមានរយៈពេល ៥ឆ្នាំដែលមានថវិកាសរុបចំនួន ១១.៧លានដុល្លារអាមេរិក។ គម្រោងនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលរដ្ឋបាលសាធារណៈរបស់កម្ពុជា តាមរយៈការកសាងសេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការត្រៀមខ្លួនជាស្រេចនាពេលអនាគត។ ចំពោះ KOICA គម្រោងនេះគឺជាមូលដ្ឋានគ្រឹះដើម្បីធ្វើកំណែទម្រង់អភិបាលកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការពង្រឹងប្រសិទ្ធភាពនៃសាលាភូមិន្ទរដ្ឋបាល និងការសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ពិសេសក្នុងវិស័យអាទិភាពនៃបរិវត្តកម្មមូលធនមនុស្ស និងឌីជីថល។

លោក យក់ ប៊ុណ្ណា រដ្ឋលេខាធិការ និងជានាយកសាលាភូមិន្ទរដ្ឋបាលប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣ មេសា នេះថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចធ្វើកិច្ចប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យសេវាសាធារណៈនៅកម្ពុជា និងថា គម្រោងនេះនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។

សាលាភូមិន្ទរដ្ឋបាល
សាលាភូមិន្ទរដ្ឋបាល © ERA

តាម KOICA គម្រោងកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជានេះ រួមមាន ការបង្កើតកម្មវិធីសិក្សាជាតិសម្រាប់មន្ត្រីរាជការដែលគាំទ្រដោយការសាងសង់មជ្ឈមណ្ឌលសិក្សាថ្មី និងការបង្កើតវេទិកាអប់រំឌីជីថលដែលអាចប្រើប្រាស់បានដល់មន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេស។ គួរកត់សម្គាល់ថា គម្រោងនេះនឹងបង្កើតកម្មវិធីសិក្សា និងខ្លឹមសារបណ្តុះបណ្តាលលម្អិតសម្រាប់ការអប់រំបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា ICT ឲ្យសមស្របទៅនឹងតម្រូវការវិវត្តនៃរដ្ឋាភិបាលឌីជីថល។ KOICA សង្កត់ធ្ងន់បន្ថែមថា កម្មវិធីកំណែទម្រង់អភិបាលកិច្ចកម្ពុជាក៏នឹងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការក្នុងការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធឌីជីថលសម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេដែរ។

ម្យ៉ាងទៀត និងបើតាម KOICA ដដែល គម្រោងមួយនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់មន្ត្រីរាជការថ្នាក់កណ្តាលប្រមាណជា ៣ម៉ឺន៩ពាន់នាក់ និងមន្ត្រីរាជការនៅមូលដ្ឋានប្រមាណជា ១៧ម៉ឺន២ពាន់នាក់។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូងបានបេ្តជ្ញាធ្វើការរួមគ្នាដើម្បីប្រែក្លាយសាលាភូមិន្ទរដ្ឋបាលឲ្យទៅជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់នវានុវត្តន៍វិស័យសាធារណៈ និងការកសាងសមត្ថភាពមន្រ្តីនៅក្នុងប្រទេសកម្ពុជា៕

What Next?

Recent Articles