ក្រុមប្រឹក្សាជាតិតស៊ូទាមទារឱ្យរដ្ឋាភិបាលសើរើការផ្ដល់ដីសម្បទានឱ្យវៀតណាម

ដោយ ប្រាជ្ញ ចេវ
2025.04.03
RFA

ក្រុមប្រឹក្សាជាតិតស៊ូ ដែលទើបបង្កើតឡើងដោយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីចុងខែមីនា អំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោក រួមគ្នាទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន» សើរើដីសម្បទានដល់ក្រុមហ៊ុនវៀតណាមជាង២៤ម៉ឺនហិកតា ស្ថិតក្នុងខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។

Khmer in Korea protest to demand Koh Kuch
ពលរដ្ឋ​ខ្មែរ​​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ នា​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ​២០២៥។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

លិខិត​របស់​ក្រុមប្រឹក្សា​ជាតិ​តស៊ូ​ចុះ​ថ្ងៃ​ទី​០១មេសា លើកឡើង​ថា ថ្វីត្បិត​កម្លាំង​តស៊ូ​ធ្វើ​បាតុកម្ម​ជាបន្តបន្ទាប់​របស់​ក្រុម​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល និង​សភា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ដក​កម្ពុជា​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម ប៉ុន្តែ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត មិន​ទាន់​ចាត់​វិធានការ​ដោះស្រាយ ដើម្បី​អាច​ធានា​សុវត្ថិភាព​ទឹក​ដី​នៅ​ឡើយ​ទេ។ក្រុមប្រឹក្សាជាតិតស៊ូនឹងបន្តដឹកនាំធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលសើរើការផ្ដល់ដីសម្បទានឱ្យវៀតណាម ក្រុមប្រឹក្សាជាតិតស៊ូ អំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោក រួមគ្នាទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន» សើរើដីសម្បទានដល់ក្រុមហ៊ុនវៀតណាមជាង២៤ម៉ឺនហិកតា។

ក្រុមប្រឹក្សាជាតិតស៊ូនឹងបន្តដឹកនាំធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលសើរើការផ្ដល់ដីសម្បទានឱ្យវៀតណាម ក្រុមប្រឹក្សាជាតិតស៊ូ អំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោក រួមគ្នាទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន» សើរើដីសម្បទានដល់ក្រុមហ៊ុនវៀតណាមជាង២៤ម៉ឺនហិកតា។


អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ​លោក គឹម សុខ ប្រាប់​អាស៊ីសេរី​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​នៅ​តំបន់​ទាំង​នោះ មាន​របៀប​លាក់​កំបាំង ហើយ​ក្រុមហ៊ុន​វៀតណាម និង​ពលរដ្ឋ​វៀតណាម​ខុសច្បាប់ ដែល​មក​រកស៊ី​និង​រស់​នៅ​លើ​ដី​សម្បទាន​ទាំង​នោះ មាន​ចរិត​អប្បគមន៍​ដីធ្លី ឬ​កាន់កាប់​ជា​ភូមិឋាន​របស់​ខ្លួន​តែ​ម្ដង មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម​ធម្មតា​ឡើយ។ លោក​ចោទ​ថា ដោយសារ​វៀតណាម​មាន​ចេតនា​ចង់​លេប​យក​ទឹក​កម្ពុជា​ផង ដូច្នេះ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​សើរើ​ឡើង​វិញ។

ក្រុមប្រឹក្សា​ជាតិ​តស៊ូ​យើង​ធ្វើ គឺ​ប្រមូល​ផ្ដុំ​កម្លាំង សហការ​គ្នា ជាមួយ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ស្ថាប័ន​ដៃ​គូ​នានា ប្រជាពលរដ្ឋ យុវជន​ឆ្នើម​ៗ​នៅ​ទូទាំង​ពិភព​លោក ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្រ្ដាលី អាមេរិក កាណាដា និង​អឺរ៉ុប​ជាដើម ទាមទារ​គ្រប់​មធ្យោបាយ ទាំង​ផ្លូវ​ច្បាប់ ហើយ​ជាពិសេស​គឺ​ការ​ប្រមូល​ផ្ដុំ​កម្លាំង​ធ្វើ​បាតុកម្ម ទទូច​ឱ្យ​រដ្ឋាភិបាល ត្រូវ​សើរើ​ដី​សម្បទាន ដែល​ត្រួតត្រា​ដោយ​ក្រុមហ៊ុន​វៀតណាម។—  លោក គឹម សុខ

ក្រៅ​ពី​ការ​ទាមទារ​ឱ្យ​សើរើ​ការ​ផ្ដល់​ដី​សម្បទាន​ឱ្យ​ក្រុមហ៊ុន​វៀតណាម ក្រុមប្រឹក្សាជាតិ​តស៊ូ​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នការ​នយោបាយ​ទាំង​អស់ បន្ត​ចេញ​ធ្វើ​បាតុកម្ម​បន្ត​ទៀត ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យក​បញ្ហា​រឿង​កោះគជ់ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ទើប​បញ្ជាក់​ថា កម្ពុជា​នៅ​មិន​ទាន់​ធ្វើ​ឱ្យ​បាត់បង់​កោះ​គជ់​ទៅ​ភាគី​ថៃ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles